វៀតណាមស្នើឱ្យសហរដ្ឋអាមេរិកចែករំលែកបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកសិកម្ម
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃសកម្មភាពទ្វេភាគីនៅសហរដ្ឋ
អាមេរិក ក្នុងឱកាសចូលរួម សម័យប្រជុំលើកទី ៦៨ នៃគណៈកម្មមាធិការទទួលបន្ទុកឋានៈស្ត្រីនៃក្រុមប្រឹក្សា សេដ្ឋកិច្ច សង្គមរបស់អង្គការសហប្រជាជាតិ អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan កាលពីថ្ងៃទី ១៤ មីនា បានទទួលជួបរដ្ឋមន្ត្រីក្រសួងកសិកម្មអាមេរិក លោក Thomas J. Vilsack ។
រូបថត៖ VOV |
ថ្លែងមតិនៅទីនេះ លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានឲ្យដឹងថា កសិកម្មត្រូវបានកំណត់ថាជាសសរស្តម្ភនៃសេដ្ឋកិច្ចវៀតណាម ដែលជារង្វាស់នៃ កម្រិតអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសជាតិ។ ក្នុងពេលជាមួយគ្នានោះ សហរដ្ឋអាមេរិកក៏ជាប្រទេសមួយដែលមានកសិកម្មរីកចម្រើន ហើយរចនាសម្ព័ន្ធ ផលិតផលកសិកម្មគឺមានលក្ខណៈបំពេញឲ្យគ្នាទៅវិញទៅមកជាមួយវៀតណាម ផងដែរ។ ភាគីទាំងពីរមានសក្តានុពលខ្លាំងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុង វិស័យកសិកម្ម។ ដូច្នេះ លោកស្រីអនុប្រធានរដ្ឋបានស្នើឱ្យភាគីអាមេរិកចែករំលែកបទ ពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកសិកម្ម ជួយឧបត្ថម្ភវៀតណាមដើម្បីធ្វើបរិវត្តកម្មកសិកម្មឲ្យបាន ជោគជ័យ ដកវិធានការការពារពាណិជ្ជកម្ម និងរបាំងបច្ចេកទេសសម្រាប់កសិផល វៀតណាម។ ទន្ទឹមនឹងនោះ ផ្ដល់ជំនួយបច្ចេកទេស ជួយឲ្យកសិផលវៀតណាមបំពេញ តាមស្តង់ដារទីផ្សារអាមេរិក; គាំទ្រការកសាងគំរូអភិវឌ្ឍន៍កសិកម្មប្រកបដោយ និរន្តរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅតំបន់ដីសណ្ដទន្លេ Cuu Long ផងដែរ។
ដោយយល់ស្របនឹងសក្ដានុពលនៃកិច្ចសហប្រតិបត្តិការកសិកម្មរវាងប្រទេសទាំងពីរ លោករដ្ឋមន្ត្រី Thomas J. Vilsack បានអះអាងថា នឹងសហការយ៉ាងជិតស្និទ្ធជា មួយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ដើម្បីបើកទ្វារទីផ្សារជាបណ្តើរៗ សម្រាប់ផលិតផលកសិកម្មនៃភាគីទាំងពីរ៕