សកម្មភាពអំណរឆ្នាំថ្មីប្រពៃណីតាមប្រទេសជាច្រើនជុំវិញពិភពលោក
(VOVWORLD) - ដោយមានការទទួលស្គាល់ពីអង្គការសហប្រជាជាតិ ស្មារតីនៃបុណ្យចូលឆ្នាំថ្មីនៅតែបន្តរីកសាយភាយនៅក្នុងតំបន់ជាច្រើនជុំវិញពិភពលោក។
រូបថត៖ រ៉យទ័រ |
ឆ្នាំនេះ គឺជាលើកទីមួយហើយ ដែលបុណ្យចូលឆ្នាំថ្មីប្រពៃណីត្រូវបានអង្គការសហប្រជាជាតិ ទទួលស្គាល់ថា ជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំ។ ដោយមានការទទួលស្គាល់ពីអង្គការសហប្រជាជាតិ ស្មារតីនៃបុណ្យចូលឆ្នាំថ្មីនៅតែបន្តរីកសាយភាយនៅក្នុងតំបន់ជាច្រើនជុំវិញពិភពលោក។ សកម្មភាពស្វាគមន៍បុណ្យចូលឆ្នាំថ្មី នៅតែបន្តប្រព្រឹត្តទៅយ៉ាងរស់រវើកក្នុងថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅកន្លែងជាច្រើន ដោយសង្កត់ធ្ងន់លើនិមិត្តសញ្ញាសត្វនាគ-និមិត្តសញ្ញានៃឆ្នាំថ្មី ឆ្នាំ២០២៤។
នៅក្នុងតាមវិថីដែលមានប្រជាជនអាស៊ីរស់នៅច្រើនកុះករនៅទីក្រុងស៊ីដនីប្រទេស អូស្ត្រាលី កាលពីយប់មិញ (ថ្ងៃទី ១០ ខែកុម្ភៈ) ពិធីបុណ្យដ៏ធំមួយបានប្រព្រឹត្តទៅដោយមានសកម្មភាពវប្បធម៌ និងសិល្បៈជាច្រើនចាប់ពីតន្ត្រី និងរបាំ រហូតដល់ការប្រណាំងទូកនាគ។
នៅប្រទេសចិន នៅថ្ងៃដំបូងនៃបុណ្យចូលឆ្នាំថ្មី សកម្មភាពវប្បធម៌ និងសិល្បៈដើម្បីស្វាគមន៍ឆ្នាំថ្មីត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមជាងពេលណាៗទាំងអស់នៅតាមតំបន់ជាច្រើន។ នៅមជ្ឈមណ្ឌលរដ្ឋបាលហុងកុង ការសម្តែងរបាំនាគបានប្រព្រឹត្តទៅដោយមានការចូលរួមពីសិល្បករអន្តរជាតិជាច្រើនមកពីប្រទេសជាច្រើនដូចជា៖ ជប៉ុន កូរ៉េខាងត្បូង អាល្លឺម៉ង់ អាមេរិក និងហូឡង់។ ទន្ទឹមនឹងសកម្មភាពស្វាគមន៍ឆ្នាំថ្មី ប្រជាជនចិនបានទៅសួរសុខទុក្ខសាច់ញាតិ និងទៅវត្តនៅថ្ងៃដំបូងនៃឆ្នាំថ្មី ដើម្បីបួងសួងសុំសេចក្តីសុខ និងសុភមង្គលដល់ក្រុមគ្រួសារ។
នៅប្រទេសបូលីវី កាលពីម្សិលមិញ ពិធីបុណ្យមួយបានប្រព្រឹត្តទៅដោយមានការចូលរួមពីនាដករ និងតន្ត្រីករជាច្រើន ជាពិសេសសិល្បករអាស៊ី។ ទន្ទឹមនឹងការសំដែងរបាំប្រពៃណីបូលីវី របាំនាគ និងរបាំតោរបស់វិចិត្រករអន្តរជាតិបានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាច្រើន។ នៅប្រទេសម៉ិកស៊ិក បរិយាកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ក៏រីកសាយភាយតាមតំបន់ដែលមានប្រជាជនអាស៊ីយ៉ាងច្រើន។
មហាសន្និបាតអង្គការសហប្រជាជាតិកាលពីចុងឆ្នាំមុនបានអនុម័តលើសេចក្តីសម្រេចចិត្តជាលើកដំបូងដែលទទួលស្គាល់បុណ្យចូលឆ្នាំថ្មីជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ ដែលបានសង្កត់ធ្ងន់ថាបុណ្យចូលឆ្នាំថ្មីគឺជាថ្ងៃឈប់សម្រាកនៅក្នុងប្រទេសសមាជិកជាច្រើន ហើយបានលើកទឹកចិត្តដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិមិនរៀបចំកិច្ចប្រជុំក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីផងដែរ៕