សង្គ្រាមនៅ​មជ្ឈិមបូព៌ា៖ ​ IDF បង្កើនការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមHezbollah

(VOVWORLD) - បន្តការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅក្នុងតំបន់ព្រំដែនអ៊ីស្រាអែល-លីបង់ ដែលបានអូសបន្លាយរយៈពេលជាង ៣ ខែនោះ កាលពីថ្ងៃទី ១៨ ខែមករា កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារតាមជើងអាកាសបន្ថែមទៀត សំដៅទៅលើទីតាំងរបស់ក្រុម Hezbollah  នៅភាគខាងត្បូងប្រទេសលីបង់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល យន្តហោះចម្បាំងរបស់កងទ័ពជើងអាកាសប្រទេសនេះ បានបំផ្លាញគោលដៅជាច្រើនរួមទាំងទីតាំងបាញ់គ្រាប់រ៉ុក្កែត និងរចនាសម្ព័ន្ធយោធាមួយចំនួនរបស់ក្រុម Hezbollah នៅក្នុងតំបន់ពីរគឺ Aitaroun និង Odaisseh នៅជិតព្រំដែនជាមួយអ៊ីស្រាអែល។ លើសពីនេះ   កម្លាំងទ័ពអាកាសអ៊ីស្រាអែល ក៏បានទម្លាក់គ្រាប់បែកលើទីតាំងមួយចំនួន ដែលក្រុម Hezbollah បានប្រើប្រាស់ដើម្បីបាញ់មីស៊ីលចូលទៅក្នុងទឹកដីអ៊ីស្រាអែល។

រីឯខ្លួនវិញ ក្រុម Hezbollah បានប្រកាសធ្វើការវាយប្រហារដោយគ្រាប់រ៉ុក្កែតជាបន្តបន្ទាប់ទៅកាន់អ៊ីស្រាអែលភាគខាងជើង ដោយបានបំផ្លាញគោលដៅយោធាសត្រូវមួយចំនួន។

សង្គ្រាមនៅ​មជ្ឈិមបូព៌ា៖ ​ IDF បង្កើនការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមHezbollah - ảnh 1កងទ័ពអ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមជើងអាកាសទៅលើប្រទេសលីបង់។ រូបភាព៖ រ៉យទ័រ។

នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធ កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថា មីស៊ីលចំនួន ៣គ្រាប់ ត្រូវបានបាញ់បង្ហោះចេញពីទឹកដីស៊ីរី ទៅកាន់តំបន់ខ្ពង់រាប Golan ដែលអ៊ីស្រាអែលទន្ទ្រានកាន់កាប់។ មីស៊ីលទាំងនេះបីបានធ្លាក់ចូលទៅក្នុងតំបន់ចំហ ហើយមិនបណ្តាលឱ្យមានការខូចខាតអ្វីគួរឱ្យកត់សម្គាល់ឡើយ។ កងទ័ពអ៊ីស្រាអែលបានឆ្លើយតបនឹងការវាយប្រហារតាមរយៈការបាញ់ផ្លោងយ៉ាងខ្លាំង ទៅលើទីតាំងកើតមានការវាយប្រហារដោយមីស៊ីល នៅក្នុងទឹកដីស៊ីរី។

ទាក់ទិននឹងតំបន់ហ្គាហ្សា កាលពីថ្ងៃទី ១៨ ខែមករា សភាអឺរ៉ុបបានអនុម័តលើដំណោះស្រាយមួយដោយអំពាវនាវឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍នៅតំបន់ហ្គាហ្សា បន្ទាប់ពីចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែងភ្លាមមួយរំពិច ដោយគ្មានលក្ខខណ្ឌ ហើយទន្ទឹមនឹងនោះក៏ត្រូវរំសាយកម្លាំងហាម៉ាសផងដែរ។ សភាសហភាពអឺរ៉ុបក៏បានអំពាវនាវឱ្យមានលទ្ធភាពទទួលបានជំនួយមនុស្សធម៌យ៉ាងពេញលេញនៅទូទាំងតំបន់ហ្គាហ្សា និងបានដាស់តឿន "គំនិតផ្តួចផ្តើមរបស់អឺរ៉ុបដើម្បីធ្វើឱ្យដំណោះស្រាយរដ្ឋពីរអាចដំណើរការឡើងវិញ"។ សេចក្តីសម្រេចចិត្តនេះក៏គាំទ្រដល់គំនិតផ្តួចផ្តើមសន្តិភាព Arab ២០២២ផងដែរ។ ទន្ទឹមនឹងនោះ បណ្តាប្រទេសអារ៉ាប់កំពុងសម្របសម្រួលគ្នា ដើម្បីជំរុញបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដោយមានគោលដៅដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល បន្តដំណើរការធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយទីក្រុង Tel Aviv និងការបង្កើតរដ្ឋប៉ាឡេស្ទីនមួយ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ