អ៊ីរ៉ង់​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​៣២​នាក់​ក្រោយ​ការ​វាយ​ប្រហារ​ភេរវកម្ម

(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់កាលពីថ្ងៃទី ៧ ខែមករា បានឲ្យដឹងថា កងកម្លាំងសន្តិសុខរបស់ប្រទេសនេះបានចាប់ខ្លួនមនុស្ស ៣២ នាក់ដែលជាប់សង្ស័យថា ពាក់ព័ន្ធក្នុងឧប្បត្តិហេតុភេរវកម្មដ៏បង្ហូរឈាមដែលបានកើតឡើងនៅដើមសប្តាហ៍នេះ នៅក្នុងខេត្ត Kerman បណ្តាលឱ្យមនុស្សជាង ៣៦០ នាក់បានស្លាប់និងរងរបួស។

ទោះជាយ៉ាងណាក៏ដោយ ប្រភពព័ត៌មានមិនបានបញ្ជាក់ពីអត្តសញ្ញាណ ឬសញ្ជាតិរបស់ជនសង្ស័យទាំងនោះទេ គ្រាន់តែប្រាប់ថា បច្ចុប្បន្ន ជនសង្ស័យទាំងនេះ កំពុងត្រូវបានសួរចម្លើយ ដើម្បីធ្វើការស៊ើបអង្កេត។

អ៊ីរ៉ង់​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​៣២​នាក់​ក្រោយ​ការ​វាយ​ប្រហារ​ភេរវកម្ម - ảnh 1កន្លែងកើតហេតុនៃការបំផ្ទុះនៅទីក្រុង Kerman ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។ រូបថត៖ AA/TTXVN

មុននោះ អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) បានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកចំនួនពីរលើកជាប់ៗគ្នាក្នុងឱកាសគម្រប់ខួប៤ឆ្នាំនៃការស្លាប់ របស់ឧត្តមសេនីយ Qassem Soleimani ក្នុងខេត្ត Kerman កាលពីថ្ងៃទី៣ ខែមករា បណ្តាលឲ្យមនុស្ស ៩១ នាក់ស្លាប់ និងជាង ២៧០នាក់ផ្សេងទៀតរងរបួស។ ការវាយប្រហារនៅអ៊ីរ៉ង់ធ្វើឱ្យស្ថានភាពសន្តិសុខនៅមជ្ឈិមបូព៌ាកាន់តែស្មុគស្មាញ ក្នុងបរិបទដែលការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា គ្មានសញ្ញានៃការបញ្ចប់ក្នុងពេលឆាប់ៗនេះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ