PCI ២០២០៖ គុណភាពប្រតិបត្តិការសេដ្ឋកិច្ចថ្នាក់ខេត្តនៅវៀតណាមត្រូវបានកែលម្អយ៉ាងច្បាស់លាស់
(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ ខែមេសា នៅទីក្រុងហាណូយ សភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) បានសហការជាមួយទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (USAID) ធ្វើការផ្សព្វផ្សាយរបាយការណ៍ស្ដីពីសន្ទស្សន៍សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត (PCI ២០២០) ។
ពិធីផ្សព្វផ្សាយរបាយការណ៍ស្ដីពីសន្ទស្សន៍សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត (PCI ២០២០) |
នេះគឺជាឆ្នាំទី ១៦ ជាបន្តបន្ទាប់ដែល របាយការណ៍ PCI ត្រូវបាន VCCI និង USAID សហប្រតិបត្តិការកសាងឡើងនិងធ្វើការប្រកាស។ របាយការណ៍ PCI ឆ្នាំ ២០២០ ត្រូវបានរៀបចំឡើងដោយផ្អែកលើព៌ត៌មានឆ្លើយតបពីសហគ្រាសប្រមាណ ១២ ៣០០ អង្គភាព ក្នុងនោះមានសហគ្រាសឯកជនជិត ១០ ៧០០ អង្គភាព ដែលកំពុងប្រតិបត្តិការនៅតាមខេត្តក្រុងចំនួន ៦៣ និងមានសហគ្រាសប្រមាណ ១៦០០ អង្គភាព ដែលមានទុនវិនិយោគបរទេស (FDI) កំពុងប្រតិបត្តិការនៅតាមមូលដ្ឋានចំនួន២២ នៅវៀតណាម។
តាមនោះ ខេត្ត Quang Ninh នៅតែបន្តជាខេត្តជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងបញ្ជីរៀបចំណាត់ថ្នាក់ PCI ២០២០ ហើយនេះជាឆ្នាំទី ៤ ជាប់ៗគ្នាដែលខេត្ត Quang Ninh ជាប់ចំណាត់ថ្នាក់ជើងឯកនេះ។ បន្ទាប់មកគឺខេត្ត Dong Thap Long An Binh Duong Da Nang Vinh Long Hai Phong Ben Tre ទីក្រុងហាណូយ និង Bac Ninh។
អញ្ជើញថ្លែងក្នុងពិធីប្រកាសនេះ ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) លោក Vu Tien Loc បានសង្កត់ធ្ងន់ថា៖ “កម្រមានគម្រោងស្រាវជ្រាវណា ដែលជួយជំរុញការកែទម្រង់នៅវៀតណាមដូចជា PCI ហើយចាប់តាំងពីឆ្នាំ ២០១៤ មក PCI បានឈានចូលសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាល ហើយក្លាយទៅជាតម្រូវការចាប់បង្ខំចំពោះមូលដ្ឋាននានា។ ដោយផ្អែកលើបញ្ជីរៀបចំណាត់ថ្នាក់ PCI នេះ មូលដ្ឋាននានាបានកែលម្អបរិយាកាសវិនិយោគធ្វើអាជីវកម្ម ដោយឆ្ពោះទៅរក ការពេញចិត្តកាន់តែច្រើនថែមទៀតរបស់ប្រជាជននិងអង្គភាពអាជីវកម្ម”៕