កិច្ចប្រជុំរវាងរដ្ឋាភិបាលជាមួយសហគមន៍ធុរកិច្ច និងខេត្ត ក្រុងនានាស្ដីពីដំណោះស្រាយជួយឧបត្ថម្ភសហគ្រាសក្នុងបរិបទជំងឺរាតត្បាតកូវីដ ១៩
(VOVWORLD) - ក្នុងស្មារតី “កាន់តែលំបាក កាន់តែស្មុគស្មាញគឺកាន់តែត្រូវសាមគ្គីភាព កាន់តែប្រជាធិបតេយ្យ ផ្ទៀងស្ដាប់មតិយោបល់គ្នា ដើម្បីជំនះពុះពារលើការលំបាកលាកល្បង”។
កិច្ចប្រជុំរវាងរដ្ឋាភិបាលជាមួយសហគមន៍ធុរកិច្ច និងខេត្ត ក្រុងនានាស្ដីពីដំណោះស្រាយជួយឧបត្ថម្ភសហគ្រាសក្នុងបរិបទជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ VGP) |
នៅព្រឹកថ្ងៃទី ២៦ ខែកញ្ញា លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលជាមួយសហគមន៍ធុរកិច្ច និងខេត្ត ក្រុងនានាស្ដីពីដំណោះស្រាយជួយឧបត្ថម្ភសហគ្រាសក្នុងបរិបទជំងឺរាតត្បាតកូវីដ ១៩ តាមប្រព័ន្ធវីដេអូ។ អញ្ជើញចូលរួមកិច្ចប្រជុំនេះ មានវត្តមានថ្នាក់ដឹកនាំខេត្ត ក្រុងទាំង ៦៣ ចំណុះមជ្ឈឹម ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គការ និងតំណាងសហគ្រាសចំនួន ១២០០ រូបនៅតាមខេត្ត ក្រុងនានា។
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាក្នុងស្មារតី “កាន់តែលំបាក កាន់តែស្មុគស្មាញគឺកាន់តែត្រូវសាមគ្គីភាព កាន់តែប្រជាធិបតេយ្យ ផ្ទៀងស្ដាប់មតិយោបល់គ្នា ដើម្បីជំនះពុះពារលើការលំបាកលាកល្បង”។ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា៖“ យើងត្រូវរិះរកវិធីសម្របខ្លួនទៅនឹងជំងឺរាតត្បាតនេះ យើងបន្តការសន្ទនាជាបន្តទៀត។ ខ្ញុំជឿជាក់ថាជំនួបផ្លាស់ប្ដូរមតិយោបល់តែមួយគឺមិនអាចដោះស្រាយបញ្ហាទាំងអស់បានឡើយ។ តាមរយៈបណ្ដាជំនួបផ្លាស់ប្ដូរមតិយោបល់របស់រដ្ឋាភិបាលជាមួយសហគមន៍ធុរកិច្ចនារយៈពេលកន្លងទៅគឺយើងអាចដោះស្រាយបញ្ហា ផ្ទៀងស្ដាប់មតិយោបល់គ្នាជាជំហានៗ ដោយផ្អែកលើការគោរពគ្នា ដើម្បីរួមគ្នារិះរកដំណោះស្រាយ តាមរយៈបទពិសោធន៍ដែលយើងទទួលបានក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ក្នុងរយៈពេល ២ ឆ្នាំកន្លងមក បទពិសោធន៍របស់អន្តរជាតិ និងបទពិសោធន៍របស់ប្រតិភូទាំងអស់។ យើងបានរួមគ្នាធ្វើការពិភាក្សា ដើម្បីរិះរកដំណោះស្រាយប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផង និងអភិវឌ្ឍន៍សេដ្ឋកិច្ចផងដែរ។
នៅក្នុងកិច្ចប្រជុំនេះ តំណាងសហគ្រាសបានអបអរសាទរចំពោះគោលការណ៍ផ្លាស់ប្តូរគោលដៅ“ សូន្យកូវីដ” ទៅជា“បន្សាំខ្លួនប្រកបដោយសុវត្ថិភាពភាព បត់បែន និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃជំងឺរាតត្បាតកូវីដ ១៩” ។ ទន្ទឹមនឹងនេះ បង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការចូលរួមជាមួយរដ្ឋាភិបាលនិងប្រជាជនទូទាំងប្រទេសដើម្បីកម្ចាត់ជំងឺរាតត្បាត ស្តារនិងលើកកម្ពស់ផលិតកម្ម អាជីវកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ប្រតិភូក៏បានលើកសំណើរ ជាច្រើនដើម្បីធានាដល់គោលដៅប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផង និងបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញឲ្យបានឆាប់ផង។
ថ្លែងមតិសន្និដ្ឋានក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថាកិច្ចប្រជុំនេះនិងកិច្ចប្រជុំនានាក្នុងរយៈពេលកន្លងទៅ បានសរឲ្យឃើញថា ធុរជនជាច្រើនបានបង្ហាញពីស្មារតីទទួលខុសត្រូវ ដោយបានបង្ហាញយ៉ាងច្បាស់លាស់ពីបំណងប្រាថ្នាជាតិ បំណងប្រាថ្នារួមចំណែកក្នុងការកសាង ប្រទេសជាតិវៀតណាមមានសន្តិភាព និងអភិវឌ្ឍន៍។
លោកនាយករដ្ឋមន្រ្តីបានស្នើដល់មូលដ្ឋានក្រសួងនិងស្ថាប័ននានាបង្កើតសេណារីយ៉ូ “ បន្សាំខ្លួនប្រកបដោយសុវត្ថិភាពភាព បត់បែន និង គ្រប់គ្រងប្រកបដោយប្រសិទ្ធភាពចំពោះការរីករាលដាលនៃជំងឺកូវីដ ១៩” ដោយមានការចូលរួមរបស់សហគ្រាស។ ជាពិសេសផ្តោតសំខាន់លើកំណែទម្រង់រដ្ឋបាល ទទួលយកមតិយោបល់និងសំណើររបស់សហគ្រាសដើម្បីបន្តដោះស្រាយបញ្ហាតាមទស្សនៈថា“ ផលប្រយោជន៍ប្រកបដោយភាពសុខដុម និងចែករំលែកហានិភ័យ” ។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីបានអំពាវនាវឱ្យមានការរួមដៃគ្នា សាមគ្គីភាព ឯកភាពគ្នា ចែករំលែករវាងសហគ្រាស រដ្ឋ និងប្រជាជន ដើម្បីជំនះពុះពារលើការលំបាកផងដែរ៕