ឆ្នាំ ២០២៣ ការបើកចំណាយទុន FDI នឹងឈានដល់កំណត់ត្រាជិត ២៣,២ ពាន់លានដុល្លារអាមេរិក
(VOVWORLD) - ការបើកចំណាយទុនសម្រេចបានប្រមាណ ២៣,២ ពាន់លានដុល្លារអាមេរិក ដែលជាកម្រិតបើកចំណាយខ្ពស់បំផុតមិនធ្លាប់មានតាំងពីមុនមកនៅវៀតណាម។
រូបថត៖ កាសែតរដ្ឋាភិបាល |
យោងតាមនាយកដ្ឋានវិនិយោគបរទេស នៃក្រសួងផែនការ និងវិនិយោគបានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២០ ខែធ្នូ ទុនចុះបញ្ជីវិនិយោគបរទេសនៅវៀតណាមសម្រេចបាន ៣៦,៦ ពាន់លានដុល្លារអាមេរិក កើនឡើង ៣២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមនោះ ការបើកចំណាយទុនសម្រេចបានប្រមាណ ២៣,២ ពាន់លានដុល្លារអាមេរិក ដែលជាកម្រិតបើកចំណាយខ្ពស់បំផុតមិនធ្លាប់មានតាំងពីមុនមកនៅវៀតណាម។ ទុនវិនិយោគបរទេសបន្តផ្តោតសំខាន់លើខេត្ត ទីក្រុងដែលមានសក្តានុពលជាច្រើនក្នុងការទាក់ទាញការវិនិយោគពីបរទេស (ហេដ្ឋារចនាសម្ព័ន្ធល្អ ធនធានមនុស្សមានស្ថិរភាព ការខិតខំប្រឹងប្រែងកែទម្រង់បែបបទរដ្ឋបាល និងសកម្មក្នុងការជំរុញការវិនិយោគ) ដូចជាទីក្រុងហូជីមិញ ទីក្រុង Hai Phong, Quang Ninh, Bac Giang, Thai Binh, ហាណូយ, Bac Ninh, Nghe An, Binh Duong, Dong Nai។ ឆ្នាំនេះ វិនិយោគិនបរទេសបានវិនិយោគលើផ្នែកចំនួន ១៨ ក្នុងចំណោមផ្នែកសេដ្ឋកិច្ចជាតិចំនួន ២១។ ក្នុងនោះ ផ្នែកឧស្សាហកម្មកែច្នៃ នាំមុខជាមួយទុនវិនិយោគសរុបជាង ២៣,៥ ពាន់លានដុល្លារអាមេរិក ផ្នែកអចលនទ្រព្យជាប់ចំណាត់ថ្នាក់លេខ២ដែលមានទុនវិនិយោគសរុបជិត៤,៦៧ពាន់លានដុល្លារអាមេរិក។ នៅឆ្នាំនេះមានប្រទេស និងដែនដីចំនួន ១១១ បានវិនិយោគនៅវៀតណាមក្នុងនោះសិង្ហបុរីនាំមុខគេជាមួយនឹងទុនវិនិយោគសរុបជាង ៦,៨ ពាន់លានដុល្លារអាមេរិក បន្ទាប់មកគឺជប៉ុន ហុងកុង (ចិន) ចិន និងកូរ៉េខាងត្បូង៕