នាយកមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក UNESCO ៖ វៀតណាមគឺជាគំរូអំពីការអភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌ
(VOVWORLD) - លោក Lazare Eloundou Assomo បានសង្កត់ធ្ងន់ថា វៀតណាមជាគំរូអំពីការអភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌ។
ទិដ្ឋភាពនៃជំនួប (រូបថត៖ ក្រសួងការបរទេសវៀតណាម) |
នារសៀលថ្ងៃទី ២៧ មីនា នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម អញ្ជើញថ្លែងក្នុងជំនួបជាមួយលោក Lazare Eloundou Assomo នាយកមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក នៃអង្គការវិទ្យាសាស្ត្រ អប់រំ និងវប្បធម៌ នៃអង្គការសហប្រជាជាតិ (UNESCO) ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម លោករដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh Son បានអះអាងថា វៀតណាមជានិច្ចកាលជាសមាជិកម្ចាស់ការ សកម្ម ប្រកបដោយមានការទទួលខុសត្រូវរបស់ UNESCO រួមវិភាគទានដល់យន្តការដ៏សំខាន់ៗរបស់អង្គការ ដែលវៀតណាមកំពុងជាសមាជិកដូចជា៖ ក្រុមប្រឹក្សាប្រតិបត្តិ គណៈកម្មាធិការអន្តររដ្ឋាភិបាល អនុសញ្ញាការពារបេតិកភណ្ឌវប្បធម៌អរូបី និងអនុសញ្ញាការពារភាពចម្រុះវប្បធម៌។ លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា បេតិកភណ្ឌពិភពលោកនៅវៀត ណាមបាន និងកំពុងរួមវិភាគទានយ៉ាងសកម្មដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាននិយាយដោយឡែក ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាពរបស់ប្រទេសជាតិនិយាយរួមផងដែរ។
ជាការឆ្លើយតប លោក Lazare Eloundou Assomo បានសង្កត់ធ្ងន់ថា វៀតណាមជាគំរូអំពីការអភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌ។ លោក Lazare Eloundou Assomo បានអះអាងថា មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកជានិច្ចកាលរួមដំណើរ និងជួយឧបត្ថម្ភអស់ពីកម្លាំងកាយចិត្តដល់វៀតណាម ក្នុងការងារអភិរក្ស ពង្រីករាល់បេតិកភណ្ឌ ព្រមទាំងសន្យាថានឹងពិចារណា និងគាំទ្រក្នុងដែនសមត្ថកិច្ចរបស់ខ្លួនចំពោះសំណុំរឿងជ្រើសតាំងបេតិកភណ្ឌពិភពលោករបស់វៀតណាមនាពេលខាងមុខ។ UNESCO ក៏នឹងបន្តគាំទ្រការងារគ្រប់គ្រង អភិរក្ស និងពង្រីកមណ្ឌលបេតិកភណ្ឌពិភពលោកទាំង ៨ របស់វៀតណាម និងបេក្ខភាពរបស់វៀតណាមចំពោះគណៈកម្មការបេតិកភណ្ឌពិភពលោកអាណត្តិ ២០២៣-២០២៧ ផងដែរ៕