បណ្ដារដ្ឋមន្ត្រីការបរទេស ASEM ឯកភាពបង្កើនទំនាក់ទំនងដៃគូដើម្បីសន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព
(VOVWORLD) -នាព្រឹកថ្ងៃទី ២១ វិច្ឆិកា នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ ទីក្រុង Nay Pyi Taw ប្រទេសមីយ៉ាន់ម៉ា សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេស វេទិកាសហប្រតិបត្តិការ អាស៊ី - អឺរ៉ុប (ASEM) លើកទី១៣ បន្តថ្ងៃធ្វើការទី ២។ នៅទីនេះ បណ្ដារដ្ឋមន្ត្រីបានដំណើរការសម័យប្រជុំស្ដីពី "បញ្ហាអន្តរជាតិនិងតំបន់" ជាពិសេសគឺបញ្ហាទាក់ទិនដល់សន្តិភាព សន្តិសុខ លទ្ធិភេរវកម្មនិយម និងសន្តិសុខនាវាចរណ៍។
បណ្ដារដ្ឋមន្ត្រីការបរទេស ASEM ឯកភាព
បង្កើនទំនាក់ទំនងដៃគូដើម្បីសន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព |
នាព្រឹកថ្ងៃទី ២១ វិច្ឆិកា នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ ទីក្រុង Nay Pyi Taw ប្រទេសមីយ៉ាន់ម៉ា សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេស វេទិកាសហប្រតិបត្តិការ អាស៊ី - អឺរ៉ុប (ASEM) លើកទី១៣ បន្តថ្ងៃធ្វើការទី ២។ នៅទីនេះ បណ្ដារដ្ឋមន្ត្រីបានដំណើរការសម័យប្រជុំស្ដីពី "បញ្ហាអន្តរជាតិនិងតំបន់" ជាពិសេសគឺបញ្ហាទាក់ទិនដល់សន្តិភាព សន្តិសុខ លទ្ធិភេរវកម្មនិយម និងសន្តិសុខនាវាចរណ៍។
អង្គសន្និសីទបានអះអាងនូវការសន្យារួមក្នុងកិច្ចខិតខំប្រឹងប្រែងធានាសន្តិភាព ស្ថិរភាព ភាពសម្បូររុងរឿង សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ អាកាសចរណ៍ និងពាណិជ្ជកម្មសេរី។ លើកកម្ពស់វិធានការកសាងទំនុកទុកចិត្ត គោលការណ៍ទប់ស្កាត់ការប្រើប្រាស់ឬការគំរាមកំហែងប្រើប្រាស់កម្លាំងអាវុធ ហើយដោះស្រាយជំលោះតាមសន្តិវិធី ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ។
អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ថាវៀតណាមគាំទ្ររាល់ការខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិដែលសមស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិដើម្បីស្វែងរកដំណោះស្រាយសន្តិភាពប្រកបដោយនិរន្តរភាពសម្រាប់ជំលោះនៅមជ្ឈឹមបូព៌ា អាហ្រ្វិក និងអាស៊ី។ លោក Pham Binh Minh បានសង្កត់ធ្ងន់ថាវៀតណាម និងបណ្ដាប្រទេសអាស៊ានបាននិងកំពុងរួមសហការយ៉ាងជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិ ដើម្បីធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត និងធានាសិទ្ធិជួញដូរពាណិជ្ជកម្មនៅក្នុង និងក្រៅតំបន់។ វៀតណាមបានអបអរសាទរចំពោះការដែលអាស៊ាន និងចិន បានអនុម័តលើក្របខ័ណ្ឌក្រមប្រតិបត្តិសំរាប់ភាគីទាក់ទិននានានៅសមុទ្រខាងកើត (COC) និងដំណើរការជាផ្លូវការកិច្ចចរចាសម្រាប់ COC ប្រកបដោយភាពជាក់ស្ដែង និងប្រសិទ្ធភាព។
នារសៀលថ្ងៃទី២១ វិច្ឆិកាសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេស ASEM លើកទី ១៣ បានបិទបញ្ចប់ និងអនុម័តលើសេចក្ដីថែងការណ៍ថ្នាក់ប្រធាន ដោយមានសេចក្ដីសម្រេចចិត្តសំខាន់ៗជាច្រើន ហើយបញ្ជូនសារដ៏ខ្លាំងក្លារបស់សមាជិក ASEM អំពីការសន្យាបង្កើនទំនាក់ទំនងដៃគូអាស៊ី អឺរ៉ុប ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ព្រមទាំងតម្រង់ទិសសម្រាប់កិច្ចសហប្រតិបត្តិការនៃវេទិកានាពេលអនាគតទៀតផង៕