មេដឹកនាំពិភពលោកស្វាគមន៍វៀតណាម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូផ្លាស់ប្តូរថាមពលសមភាព
(VOVWORLD) - រដ្ឋាភិបាលអង់គ្លេស នាថ្ងៃទី១៤ ខែធ្នូ បានរាយការណ៍ថា វៀតណាម និងក្រុមដៃគូអន្តរជាតិបានឈានដល់កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូផ្លាស់ប្តូរថាមពលសមភាព(JETP)។
វៀតណាមនឹងទទួលបានជំនួយប្រមាណ ១៥,៥ ពាន់លានដុល្លារ ពីកិច្ចព្រមព្រៀង JETP សម្រាប់ការផ្លាស់ប្តូរបៃតង។ (រូបថត៖ JICA) |
កិច្ចព្រមព្រៀង JETP ជួយវៀតណាមសម្រេចបាននូវគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០ ដោយពន្លឿនការផ្លាស់ប្តូរពីឥន្ធនៈហ្វូស៊ីលទៅជាថាមពលស្អាត។ តាមនោះ ដៃគូអន្តរជាតិនឹងគៀងគរកញ្ចប់ហិរញ្ញវត្ថុដំបូង ពីវិស័យសាធារណៈនិងឯកជនចំនួន១៥,៥ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៣-៥ ឆ្នាំខាងមុខ ដើម្បីជួយឧបត្ថម្ភការផ្លាស់ប្តូរបៃតងរបស់វៀតណាមឲ្យកាន់តែឆាប់រហ័ស។ វៀតណាមជាប្រទេសទី៣ បន្ទាប់ពីអាហ្រ្វិកខាងត្បូង និងឥណ្ឌូនេស៊ី ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះជាមួយដៃគូអន្តរជាតិ។
មេដឹកនាំជាច្រើននៅជុំវិញពិភពលោកបានអបអរសាទរនិងស្វាគមន៍ចំពោះចំណាត់ការរបស់វៀតណាម។ អគ្គលេខាធិការ អ.ស.ប លោក Antonio Guterres បានសង្កត់ធ្ងន់ថា វៀតណាមជាអ្នកត្រួសត្រាយផ្លូវ ដោយមានក្របខ័ណ្ឌថ្មី ដើម្បីសម្រេចបានការផ្លាស់ប្តូរថាមពលប្រកបដោយនិរន្តរភាពនិងសមភាព ឆ្ពោះទៅរកថាមពលកកើតឡើងវិញ។ ប្រធានាធិបតីអាមេរិកលោក Joe Biden បានសង្កត់ធ្ងន់ថា វៀតណាមបានបង្ហាញពីភាពជាអ្នកដឹកនាំ ដោយការផ្លាស់ប្តូរថាមពលស្អាតដ៏មានមហិច្ឆិតាសំដៅឈានដល់សន្តិសុខថាមពលយូរអង្វែង; អះអាងពីការសន្យាជាប្រវត្តិសាស្ត្រ ធ្វើជាកាតាលីករសម្រាប់កំណើនសេដ្ឋកិច្ច ទន្ទឹមនឹងនោះជំរុញការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុសកល។ នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានសន្យាថា កាណាដានឹងបន្តជាដៃគូសម្រាប់ការផ្លាស់ប្តូរថាមពលស្អាតនៅវៀតណាម ដើម្បីអនាគតថាមពលស្អាតប្រកបដោយនិរន្តរភាពនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕