រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son៖ វៀតណាមខិតខំដើម្បីបរិយាកាសមួយគ្មានគ្រឿងញៀន

(VOVWORLD) - នាថ្ងៃទី ៧ កក្កដា រដ្ឋមន្ត្រីការបរទេស វៀតណាមលោក Bui Thanh Son បានចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីស្តីពីការឆ្លើយតបទៅនឹងការគំរាមកំហែងពីគ្រឿងញៀនសំយោគ។ 
រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son៖ វៀតណាមខិតខំដើម្បីបរិយាកាសមួយគ្មានគ្រឿងញៀន - ảnh 1រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son (រូបថត៖ VNA)

សន្និសីទនេះត្រូវបានរៀបចំឡើងតាមគំនិតផ្តួចផ្តើម របស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ដោយមានការចូលរួមពីតំណាងប្រទេសចំនួន ៧០ និងមេដឹកនាំនៃអង្គការអន្តរជាតិពាក់ព័ន្ធមួយចំនួន។

ថ្លែងមតិក្នុងសន្និសីទ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងវិធីសាស្រ្តអភិក្រមយ៉ាងទូលំទូលាយក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងការផ្គត់ផ្គង់ និងតម្រូវការនៃគ្រឿងញៀន។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រាល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍អន្តរជាតិគួរតែគាំទ្រដល់ការអនុវត្តល្អនៃអនុសញ្ញាមូលដ្ឋានទាំងបី ស្តីពីគ្រឿងញៀន និងជួយពង្រឹងបន្ថែមទៀតនូវតួនាទីរបស់គណៈ កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរបស់អង្គការសហប្រជាជាតិ (CND)។ លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើថា អន្តរជាតិគួរតែយកចិត្តទុកដាក់លើការពង្រឹងការគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការចែករំលែកព័ត៌មាន លើកកំពស់សមត្ថភាព ធនធាន និងបច្ចេកវិទ្យា ហើយលោកបានលើកឡើងថា ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀនប្រកបដោយនិរន្តរភាពនោះ ចាំបាច់ត្រូវពង្រឹងវិធានការ លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ លើកកម្ពស់ការអប់រំ និងបង្កើតការងារ ជាពិសេសសម្រាប់យុវជន។ លោករដ្ឋមន្ត្រីក៏បានចែករំលែកនូវការខិតខំប្រឹងប្រែងរបស់វៀតណាម និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការខិតខំដើម្បីបរិយាកាសមួយគ្មានគ្រឿងញៀន អះអាងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីបង្កើតការលើកទឹកចិត្តបន្ថែម ការប្រមូលផ្តុំធនធានបន្ថែមទៀត សម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅថ្នាក់ជាតិ កម្រិតតំបន់ និងអន្តរជាតិ។

ប៉ុន្មានឆ្នាំមកនេះ វៀតណាមតែងតែផ្តល់អាទិភាពខ្ពស់ដល់ការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មគ្រឿងញៀន ជាមួយនឹងវិធានការជាតិជាវិជ្ជមាន រួមជាមួយនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងតំបន់។ អនុវត្តគោលនយោបាយ និងដំណោះស្រាយជាច្រើន ដើម្បីប្រមូលផ្តុំគ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ និងប្រជាពលរដ្ឋទាំងមូល ឱ្យចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាជាមួយនឹងឧក្រិដ្ឋកម្ម និងអំពើអាក្រក់ផ្សេងៗក្នុងសង្គម ទប់ស្កាត់ និងកាត់បន្ថយឧក្រិដ្ឋកម្មជាបណ្តើរៗ រួមចំណែកយ៉ាងសំខាន់ក្នុងការធានាសន្តិសុខជាតិ រក្សាសណ្តាប់ធ្នាប់សុវត្ថិភាព សង្គម  បម្រើបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសប្រកបដោយប្រសិទ្ធភាព។ វៀតណាមតែងតែសហការយ៉ាងសកម្មជាមួយភ្នាក់ងារទប់ស្កាត់គ្រឿងញៀននៃប្រទេសផ្សេងៗ និងអង្គការនានារបស់អង្គការសហប្រជាជាតិ   រួមទាំងគណៈកម្មការត្រួតពិនិត្យគ្រឿងញៀនរបស់អង្គការសហប្រជាជាតិ និងទីភ្នាក់ងារប្រឆាំងគ្រឿងញៀន រួមទាំងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ (UNODC) ផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ