វៀតណាម និង OECD ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពហុភាគីស្តីពីការគាំទ្ររដ្ឋបាលពន្ធ
(VOVWORLD) - នារសៀលថ្ងៃទី ២២ មីនានៅទីក្រុងប៉ារីស បារាំង វៀតណាម និងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពហុភាគីស្តីពីការគាំទ្ររដ្ឋបាលពន្ធ (MAAC) ។
វៀតណាម និង OECD ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពហុភាគីស្តីពីការគាំទ្ររដ្ឋបាលពន្ធ (រូបថត៖ VNA) |
អញ្ជើញថ្លែងនៅមុនពិធីចុះហត្ថលេខា អគ្គលេខាធិការរង OECD លោក Yoshiki Takeuchi បានអបអរសាទរចំពោះការដែលវៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀង MAAC ដោយចាត់ទុកថា នេះគឺជាសញ្ញាយ៉ាងច្បាស់លាស់បង្ហាញពីការប្ដេជ្ញាប្រយុទ្ធប្រឆាំងទង្វើគេចពន្ធនៅបរទេស ឆ្ពោះទៅរកតម្លាភាពពន្ធ ឆ្លើយតបទៅនឹងលំហូរហិរញ្ញវត្ថុមិនស្របច្បាប់៖ “ខ្ញុំគិតថានេះគឺជាឱកាសដ៏ធំធេង នៅពេលដែលវៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់នេះ។ ប្រទេសជាង ១០០ បានចុះហេ្ថលេខាលើកិច្ចព្រមព្រៀងនេះ ដូច្នេះហើយវៀតណាមអាចសហប្រតិបត្តិការជាមួយប្រទេសទាំងនេះ ក៏ដូចជាជាមួយ OECD លើគ្រប់វិស័យអំពីការគ្រប់គ្រងពន្ធ។ យើងខ្ញុំស្វាគមន៍ចំពោះវៀតណាមដែលបានចូលរួមជាមួយយើងខ្ញុំ ព្រោះថាវៀតណាមបានបំពេញការគ្រប់គ្រងពន្ធយ៉ាងល្អប្រសើរផងដែរ”។
ជាការឆ្លើយតប អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារវៀតណាម លោក Dang Ngoc Minh បានបញ្ជាក់ថា៖ “អាចនិយាយបានថា នេះគឺជាការបោះជំហានបន្ត ក្នុងការដែលវៀតណាមធ្វើសមាហរណកម្មទៅក្នុងកិច្ចសហប្រតិបត្តិការរដ្ឋបាលអំពីពន្ធ ប្រយុទ្ធប្រឆាំងសំណឹកប្រភពប្រមូល ប្រយុទ្ធប្រឆាំងការពេចពន្ធសកល។ នៅពេលចូលរួមកិច្ចព្រមព្រៀងនេះ វៀតណាមចាំបាច់ត្រូវត្រៀមរៀបចំឲ្យបានហ្មត់ចត់។ នាពេលខាងមុខ វៀតណាមនឹងបង្កើនហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានព័ត៌មាន ដើម្បីផ្លាស់ប្ដូរព័ត៌មាន ក៏ដូចជាទាញយកព័ត៌មានផ្លាស់ប្ដូររបស់បណ្ដាប្រទេស។ ដូច្នេះហើយ វៀតណាមនឹងបន្តធ្វើទំនើបកម្មមូលដ្ឋានព័ត៌មាន ធានាស្តង់ដារអំពីភាពសម្ងាតព័ត៌មានអន្តរជាតិផងដែរ”៕