វៀតណាម និងកម្ពុជារៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ នៃថ្ងៃជ័យជម្នះ​ ៧ មករា

(VOVWORLD) - ភាពស្និទ្ធស្នាល និងការជួយគ្នាទៅវិញទៅមករវាងវៀតណាម និងកម្ពុជាបានបន្តនាំទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាព និងយូរអង្វែងឡើងដល់កម្រិតខ្ពស់ថ្មីមួយ។
វៀតណាម និងកម្ពុជារៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ នៃថ្ងៃជ័យជម្នះ​ ៧ មករា - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai (រូបថត៖ vna)

នាព្រឹកថ្ងៃទី ៧ មករា នៅរោងមហោស្រពធំនៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម សម្ព័ន្ធអង្គការមិត្តភាពវៀតណាម និងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃថ្ងៃជ័យជម្នះលើសង្គ្រាមការពារព្រំដែននិរតីរបស់មាតុភូមិ និងរួមជាមួយកងទ័ព និងប្រជាជនកម្ពុជាដណ្ដើមបានជ័យជម្នះលើរបបប្រល័យពូជសាសន៍ប៉ុល ពត (៧ មករា ១៩៧៩-៧ មករា ២០២៤)។ លោកប្រធានរដ្ឋ Vo Van Thuong និងលោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីនេះ។

អញ្ជើញថ្លែងក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai បានអះអាងថា ជ័យជំនះជាប្រវត្តិសាស្ត្រ ៧ មករា ឆ្នាំ ១៩៧៩ គឺជា ជ័យជំនះរួមរបស់ប្រជាជននៃប្រទេសទាំងពីរ ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា ជួយសង្គ្រោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ បើកសករាជថ្មីនៃការអភិវឌ្ឍ ឯករាជ្យ សេរីភាព សន្តិភាព អព្យាក្រឹតភាព និងវិបុលភាព។ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ភាពស្និទ្ធស្នាល និងការជួយគ្នាទៅវិញទៅមករវាងវៀតណាម និងកម្ពុជាបានបន្តនាំទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាព និងយូរអង្វែងឡើងដល់កម្រិតខ្ពស់ថ្មីមួយ៖ “ភាគីទាំងពីរបាននាំទំនាក់ទំនងនយោបាយកាន់តែស៊ីជម្រៅ ដោយចាត់ទុកថានេះជាមូលដ្ឋានគ្រឹះតម្រង់ទិសដៅដ៏សំខាន់ក្នុងទំនាក់ទំនងសហប្រតិបត្តិការ ពង្រឹងសសរស្តម្ភអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ ព្រមទាំងសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការងារកិច្ចការបរទេសបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច វប្បធម៌ អប់រំ វិទ្យាសាស្ត្រ និងបច្ចេកទេស។ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាច្រើន ជាពិសេសលើវិស័យតភ្ជាប់សេដ្ឋកិច្ចទាំងពីរប្រទេស និងការចូលរួមក្នុងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ក្នុងតំបន់។ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកំពុងមានការអភិវឌ្ឍកាន់តែខ្លាំងឡើង ជាមួយនឹងសកម្មភាពដ៏សម្បូរបែប និងជាក់ស្តែង ហើយយុវជន និងនិស្សិតកម្ពុជាកាន់តែច្រើនឡើងបានមកសិក្សានៅគ្រឹះស្ថានអប់រំវៀតណាម”។

វៀតណាម និងកម្ពុជារៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ នៃថ្ងៃជ័យជម្នះ​ ៧ មករា - ảnh 2 ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច ហ៊ុន សែន (រូបថត៖ vov)

នាព្រឹកថ្ងៃដដែល នៅរាជធានីភ្នំពេញ គណបក្សប្រជាជនកម្ពុជា បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃថ្ងៃជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៤) នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ដោយមានការចូលរួមពី សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ អញ្ជើញថ្លែងក្នុងពិធីនេះ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់លើការគាំទ្រ និងជំនួយជាទ្រង់ទ្រាយធំ និងទាន់ពេលវេលារបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក៏ដូចជាការគាំទ្ររបស់កងកម្លាំងដែលស្រឡាញ់សន្តិភាព និងយុត្តិធម៌នៅជុំវិញពិភពលោក ដែលប្រជាជនកម្ពុជាបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនៅថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩៖ “យើងបានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃថ្ងៃជ័យជម្នះ ៧ មករាដើម្បីចងចាំនូវឧក្រិដ្ឋកម្មដ៏ព្រៃផ្សៃដែលរបបប៉ុល ពតបានប្រព្រឹត្តក្នុងប្រទេស និងចំពោះប្រជាជនកម្ពុជា ដើម្បីចងចាំនូវអំពើដ៏ថ្លៃថ្លារបស់យុទ្ធជននៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិត ដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារកុំឱ្យរបបនេះវិលត្រឡប់មកវិញ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ