វៀតណាមផ្តោតសំខាន់លើការជំរុញកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិ
(VOVWORLD) - នាថ្ងៃទី ២៣ ខែសីហា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប) បានជួបធ្វើការជាមួយ លោកស្រី Catherine Pollard អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកយុទ្ធសាស្ត្រគ្រប់គ្រង គោលនយោបាយ និងការអនុលោម។
ឯកអគ្គរដ្ឋទូត Dang Hoang Giang និងអគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោកស្រី Catherine Pollard។ (រូបភាព៖ baoquocte.vn) |
នៅទីនេះ អគ្គលេខាធិការរង អ.ស.ប បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកជាវិជ្ជមានរបស់វៀតណាមក្នុងទិដ្ឋភាពជាច្រើន ចំពោះការងាររួមរបស់អង្គការសហប្រជាជាតិ ព្រមទាំងការរួមចំណែករបស់បុគ្គលជនវៀតណាម ដែលកំពុងបំពេញការងារនៅក្នុងទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិផងដែរ។ លោកស្រីអគ្គលេខាធិការរងបានឲ្យដឹងថា លោកស្រីបានត្រៀមខ្លួនជាស្រេចដើម្បីសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាម និងប្រទេសជាសមាជិក ដើម្បីជំរុញអង្គការសហប្រជាជាតិធ្វើសកម្មភាពកាន់តែមានប្រសិទ្ធភាព ជំរុញពហុភាគីនិយម និងពង្រឹងលក្ខណៈតំណាងនៃប្រទេសជាសមាជិកនីមួយៗ។
ដោយសង្កត់ធ្ងន់លើការសន្យារបស់វៀតណាម រួមចំណែកយ៉ាងសកម្មក្នុងការងាររបស់អ.ស.ប លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានចែករំលែកអំពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងទៅ ជាពិសេសការបញ្ជូនកម្លាំងយោធា និងប៉ូលីស ចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អ.ស.ប ផ្តល់វិភាគទានផ្នែកហិរញ្ញវត្ថុដល់ប្រតិបត្តិការរក្សាសន្តិភាព និងផ្តោតសំខាន់លើការរួមចំណែកប្រចាំឆ្នាំដល់អ.ស.ប។ លោកឯកអគ្គរដ្ឋទូតក៏បានចែករំលែកថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការជំរុញទំនាក់ទំនងជាមួយអ.ស.ប ហើយមានបំណងចង់រួមចំណែកយ៉ាងសកម្ម តាមរយៈការបង្កើនលក្ខណៈតំណាងរបស់វៀតណាមនៅក្នុងទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិផងដែរ៕