វៀតណាមស្ថិតចំពោះមុខឱកាស ក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មនៅអាស៊ី
(VOVWORLD) - គេហទំព័រ stattimes.com របស់ឥណ្ឌាទើបតែបានចុះផ្សាយអត្ថបទដោយវាយតម្លៃថា វៀតណាមមានឱកាសកាន់តែច្រើនដើម្បីក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មអភិវឌ្ឍន៍នៅអាស៊ី ជាពិសេសផ្នែកបច្ចេកវិទ្យា និងសម្លៀកបំពាក់។
កាត់ដេរសំលៀកបំពាក់ការពារវេជ្ជសាស្ត្រ។ (រូបថត៖ Phuong Hoa - TTXVN) |
អត្ថបទបានលើកឡើងថា នៅឆ្នាំ ២០២២ ខណៈពេលដែលតំបន់អាស៊ីនៅតែស្តារឡើងវិញពីជំងឺរាតត្បាតកូវីដ ១៩ សេដ្ឋកិច្ចរបស់វៀតណាមនឹងរីកដុះដាលដោយឈានដល់អត្រាកំណើនប្រចាំឆ្នាំ ៨,០២% លឿនជាងសេដ្ឋកិច្ចដទៃទៀតនៅក្នុងអាស៊ី។ ទំហំពាណិជ្ជកម្មនៃការនាំចេញសម្រេចបាន ៣៧២ ពាន់លានដុល្លារអាមេរិក កើនឡើង ១០% បើធៀបនឹងឆ្នាំ ២០២១។ ជាមួយនឹងទីតាំងយុទ្ធសាស្ត្រ ស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រប្រវែង ៣,២០០ គីឡូម៉ែត្រ វៀតណាមក្លាយជាទីតាំងដឹកជញ្ជូនទំនិញប្រកបដោយប្រសិទ្ធភាព។
យោងតាម stattimes.com មានក្រុមហ៊ុនកាន់តែច្រើន កំពុងផ្លាស់ទីទៅកាន់ប្រទេសវៀតណាម។ វៀតណាមគឺជាប្រទេសផលិតសម្លៀកបំពាក់ និងបច្ចេកវិទ្យាធំជាងគេទីពីររបស់ពិភពលោក ដែលមានម៉ាកយីហោល្បីៗដូចជា Nike, Adidas និង Samsung។ ទូរស័ព្ទ Pixel ថ្មីបំផុតរបស់ Google នឹងផលិតនៅក្នុងវៀតណាម ខណៈដែល Microsoft បានចាប់ផ្តើមផ្សព្វផ្សាយទៅកាន់ពិភពលោកម៉ាស៊ីនលេងហ្គេម Xbox ពីទីក្រុងហូជីមិញក្នុងឆ្នាំ ២០២២។ ក្រុមហ៊ុនផ្គត់ផ្គង់ Apple Foxconn កំពុងវិនិយោគ ៣០០ លានដុល្លារដើម្បីពង្រីករោងចក្រនៅភាគខាងជើងវៀតណាម។ ក្រុមហ៊ុន Dell, HP, Nintendo និង Lenovo ក៏គ្រោងនឹងសាងសង់រោងចក្រនៅវៀតណាមផងដែរ។ លើសពីនេះ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួនជាមួយសហភាពអឺរ៉ុប (EU) ចក្រភពអង់គ្លេស និងបណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលនាំមកនូវឱកាសពាណិជ្ជកម្មកាន់តែច្រើន៕