វៀតណាមអំពាវនាវឲ្យ APEC វិនិយោគអភិវឌ្ឍន៍បៃតងប្រកបដោយនិរន្តរភាព
(VOVWORLD) - តបតាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern នាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល APEC លើកទី ២៨ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែវិច្ឆិកាតាមទម្រង់អនឡាញ។ នាថ្ងៃដដែល លោកប្រធានរដ្ឋវៀតណាមបានផ្ញើសារទៅកាន់កិច្ចប្រជុំកំពូលធុរកិច្ច APEC តាមទម្រង់ជាវីដេអូដែលបានថតទុកជាមុន។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ baoquocte.vn) |
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអបអរសាទរកិច្ចប្រជុំកំពូលធុរកិច្ចAPEC ឆ្នាំ ២០២១ ដែលបានប្រជើសរើសប្រធានបទយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព និងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ព្រមទាំងលើកច្បាស់ថាភពផែនដីបៃតងកំពុងត្រូវបានរង្គោះរង្គើដោយផលប៉ះពាល់ដែលមិនធ្លាប់មានតាំងពីមុនមក បណ្ដាលមកពីបម្រែបម្រួលអាកាសធាតុ គ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរ ការធ្លាក់ចុះបរិស្ថាន ជាពិសេសគឺជំងឺរាតត្បាតកូវីដ ១៩។
ដើម្បីសម្រេចឲ្យបានរាល់គោលដៅកំណើន ការអភិវឌ្ឍបៃតង និងប្រកបដោយចីរភាពនោះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់លើតួនាទីរបស់អង្គភាពអាជីវកម្ម។ ក្នុងនោះ និន្នាការអភិវឌ្ឍន៍ជាមួយនឹងការបញ្ចេញឧស្ម័នកាបូនទាប និងកំណើនបៃតងក៏ជាឱកាសមួយក្នុងការផ្លាស់ប្តូរ លើកកម្ពស់កម្លាំងប្រកួតប្រជែង និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់សហគ្រាសផងដែរ។ លោកប្រធានរដ្ឋបានអះអាងថា៖ “វៀតណាមមិនត្រឹមតែបានបន្តកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្មប៉ុណ្ណោះទេ ថែមទាំងកសាងយន្តការអនុគ្រោះជូនសហគ្រាស ដើម្បីក្ដាប់ជាប់ឱកាសចូលរួមផ្គត់ផ្គង់ផលិតផល សេវាកម្មបៃតង សុក្រិតរបៀបរបប គោលយោបាយស្ដីពីការអភិវឌ្ឍអង្គភាពអាជីវកម្មបៃតង និងផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតនៅមណ្ឌលអេកូឧស្សហកម្មទៀតផង។ គោលនយោបាយទាំងនេះជាមួយទីផ្សារ ប្រជាជនចំនួន ១០០ លាននាក់ និងជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវីចំនួន ១៤ គឺជាឱកាស អំណោយផលសម្រាប់វិនិយោគិនអន្តរជាតិមកវៀតណាម ដើម្បីសហប្រតិបត្តិការ ចែករំលែកផលប្រយោជន៍ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ជោគជ័យរបស់លោកអ្នកគឺជាជោគជ័យរបស់យើងខ្ញុំ”។
នាយប់ថ្ងៃទី ១១ ខែវិច្ឆិកា លោកប្រធានរដ្ឋវៀតណាមបានអញ្ជើញចូលរួមកិច្ចសន្ទនារវាងថ្នាក់ដឹកនាំនៃបណ្ដាខឿនសេដ្ឋកិច្ច APEC ជាមួយក្រុមប្រឹក្សា ធុរកិច្ច APEC។ នាថ្ងៃទី ១២ ខែវិច្ឆិកា លោកប្រធានរដ្ឋវៀតណាមក៏នឹងចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិកលើកទី ២៨ ផងដែរ៕