សន្និសីទកិច្ចការបរទេសទូទាំងប្រទេស៖ សាធារណៈមតិ​ពិភពលោក​វាយតម្លៃខ្ពស់​ចំពោះ​ឋានៈរបស់វៀតណាមនៅលើ​ឆាកអន្តរជាតិ​

(VOVWORLD) - ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុង Praha ក្នុងឱកាសដែលវៀតណាមបានរៀបចំសន្និសីទកិច្ចការបរទេសទូទាំងប្រទេសកាលពីថ្ងៃទី ១៥ ធ្នូកន្លងទៅ លោកបណ្ឌិត Hosoda អ្នកជំនាញខាងសិក្សាស្រាវជ្រាវអំពីវៀតណាម និងតំបន់អាស៊ីប៉ាស៊ីហ្វិក មកពីសាកលវិទ្យាល័យ Charles (សាធារណរដ្ឋឆែក) បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយកិច្ចការបរទេស និងសមិទ្ធិផលកិច្ចការបរទេសដ៏សំខាន់ៗរបស់វៀតណាម ដោយរួមចំណែកលើកកម្ពស់កិត្យានុភាព និងឋានៈរបស់វៀតណាមនៅលើឆាកអន្តរជាតិ។ 
សន្និសីទកិច្ចការបរទេសទូទាំងប្រទេស៖ សាធារណៈមតិ​ពិភពលោក​វាយតម្លៃខ្ពស់​ចំពោះ​ឋានៈរបស់វៀតណាមនៅលើ​ឆាកអន្តរជាតិ​ - ảnh 1លោកបណ្ឌិត Hosoda អ្នកជំនាញខាងសិក្សាស្រាវជ្រាវអំពីវៀតណាម និងតំបន់អាស៊ីប៉ាស៊ីហ្វិក មកពីសាកលវិទ្យាល័យ Charles (សាធារណរដ្ឋឆែក) (រូបថត៖ VNA)

លោកបណ្ឌិត Hosoda បានវាយតម្លៃថា គោលនយោបាយកិច្ចការបរទេសរបស់វៀតណាមបានបង្ហាញពីលក្ខណៈដ៏ត្រឹមត្រូវ ដោយផ្សារភ្ជាប់គោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ជាមួយពហុភាគី ពិពិធកម្មទំនាក់ទំនងអន្តរជាតិ។ ជាពិសេស ការអនុវត្តន៍កិច្ចការបរទេសពហុភាគី បានជួយបង្កើតយុទ្ធសាស្ត្រការទូតប្រកបដោយស្ថិរភាព ដោយជួយវៀតណាមដោះស្រាយស្ថានការណ៍ក្នុងប្រវត្តិសាស្ត្រនៃការប្រកួតប្រជែងយ៉ាង ខ្លាំងក្លារវាងប្រទេសមហាអំណាច ជាពិសេសគឺចំពោះអាមេរិក និងចិន នៅតំបន់អាស៊ី ប៉ាស៊ីហ្វិក។

យោងតាមលោកបណ្ឌិត Hosoda បានឲ្យដឹងថា វៀតណាមបានម្ចាស់ការ និងសកម្មធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ តាមរយៈការចូលរួមចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីសំខាន់ៗជាច្រើនដូចជា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងវៀតណាម និងសហភាពអឺរ៉ុប (EVFTA)។ ប្រការនេះមានអត្ថន័យដ៏សំខាន់ជាយុទ្ធសាស្ត្រ ក៏ដូចជាបង្កើតកម្លាំងចលករសម្រាប់វៀតណាមអភិវឌ្ឍន៍សេដ្ឋកិច្ចផងដែរ។

ប្រធានសមាគមអាល្លឺម៉ង់-វៀតណាម លោក Rolf Schulze និងជាអតីតឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅវៀតណាម (អាណត្តិ ២០០៧-២០១១) បានវាយតំលៃខ្ពស់ចំពោះគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម ដោយសម្ដែងជំនឿជាក់ថាទំនាក់ទំនងទ្វេភាគីរវាងអាល្លឺម៉ោង និងវៀតណាមនឹងកាន់តែអភិវឌ្ឍន៍ដ៏ល្អប្រសើរថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ។

នៅទីក្រុងប៉េកាំង អ្នកកាសែត Wei Wei ប្រធានគណៈកម្មការផ្សាយជាភាសាវៀតណាម នៃស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានវាយតំលៃខ្ពស់ចំពោះការងារកិច្ចការបរទេសរបស់វៀតណាម ព្រមទាំងសង្កត់ធ្ងន់ថា ផ្នែកការទូតវៀតណាមបានជួយបង្កលក្ខណៈអន្តរជាតិអំណោយផលសម្រាប់បុព្វហេតុកសាងសង្គមនិយម និងការពារប្រទេសជាតិ។ ផ្នែកកិច្ចការបរទេសវៀតណាមបានរួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងកិច្ចការពារអធិបតេយ្យភាពយ៉ាងរឹងមាំ។ វៀតណាមបានកសាងខ្សែព្រំដែនគោកប្រកបដោយសន្តិភាព មិត្តភាព និងអភិវឌ្ឍន៍ជាមួយឡាវ កម្ពុជា និងចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ