សារព័ត៌មានអន្តរជាតិសរសេរអំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris
(VOVWORLD) - ដំណើរទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែសីហា របស់ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ត្រូវបានសារព័ត៌មានអន្តរជាតិផ្ដោតការយកចិត្តទុកដាក់។
អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris (រូបថត៖ Reuters) |
ទីភ្នាក់ងារសារព័ត៌មាន Reuters បានវាយតម្លៃថា ទំនាក់ទំនងរវាង“ អតីតសត្រូវ” ទាំងពីរកាន់តែជិតស្និទ្ធជាង ហើយដំណើរទស្សនកិច្ចនៅទីក្រុងហាណូយរបស់ អនុប្រធានាធិបតី លោកស្រី Kamala Harris ហាក់ដូចជាសក្ខីភាពយ៉ាងច្បាស់លាស់បំផុតសម្រាប់ប្រការនេះ។ នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំវៀតណាម អនុប្រធានាធិបតី លោកស្រី Kamala Harris បានអះអាងថា សហរដ្ឋអាមេរិកគាំទ្រប្រទេសវៀតណាមមួយ ដ៏ខ្លាំងមាំមួន ឯករាជ្យ និងវិបុលភាព ហើយបន្តផ្លាស់ប្ដូរថ្មី ពង្រីកសមាហរណកម្មអន្តរជាតិ និងទទួលតួនាទីកាន់តែសំខាន់ក្នុងអាស៊ាន និងតំបន់។
កាសែតជាច្រើនបានដក់ស្រង់ប្រសាសន៍របស់ អនុប្រធានាធិបតី លោកស្រី Kamala Harris នៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី ២៦ ខែសីហានៅទីក្រុងហាណូយ ដោយហៅដំណើរទស្សនកិច្ចរបស់លោកស្រីជា“សញ្ញានៃការចាប់ផ្តើមជំពូកថ្មីក្នុងទំនាក់ទំនងវៀតណាម-អាមេរិក” ។
យោងតាមកាសែត New York Times បានចុះផ្សាយថា ដំណើរទស្សនកិច្ចនៅ
សិង្ហបុរីនិងវៀតណាមក្នុងរយៈពេល ៧ ថ្ងៃកន្លងទៅគឺជាឱកាសសម្រាប់ អនុប្រធានាធិបតី លោកស្រី Kamala Harris អះអាងឋានៈរបស់ខ្លួនលើឆាកអន្តរជាតិ ក្រោយពីដំណើរទស្សនកិច្ចនៅបរទេសដើមដំបូងទៅកាន់អាមេរិកកណ្តាលកាលពីខែមិថុនាកន្លងទៅ។ ទីភ្នាក់ងារសារព័ត៌មាន AFP បានអះអាងថា ដំណើរទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍របស់អនុប្រធានាធិបតី លោកស្រី Kamala Harris នៅសិង្ហបុរីនិងវៀតណាម គឺសំដៅបង្កើតទំនាក់ទំនងឡើងវិញជាមួយតំបន់ ក្រោយរយៈពេលប៉ុន្មានឆ្នាំ ដែលពោរពេញទៅដោយបម្រែបម្រួល ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក Donald Trump ព្រមទាំងសង្កត់ធ្ងន់ទៅលើការសន្យារបស់អាមេរិកចំពោះសម្ព័ន្ធមិត្តនានា។ យោងតាមកាសែត Asia Times បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់ អនុប្រធានាធិបតី លោកស្រី Kamala Harris នៅសិង្ហបុរី និងវៀតណាមបានសរឲ្យឃើញនូវការប្តេជ្ញាចិត្ត និងការសន្យារបស់អាមេរិកសម្រាប់តំបន់អាស៊ីអាគ្នេយ៍ផងដែរ៕