ឱកាសសម្រាប់ធុរកិច្ច ជំរុញការនាំចេញទៅកាន់ទីផ្សារអាស៊ី-អឺរ៉ុប
(VOVWORLD) - នាព្រឹកថ្ងៃទី ២ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានបើកវេទិកាពាណិជ្ជកម្មជាមួយដៃគូនៅអាស៊ី - អឺរ៉ុបឆ្នាំ ២០២២ ដើម្បីផ្តល់ជូនសហគមន៍ធុរកិច្ចវៀតណាមនូវព័ត៌មានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពទីផ្សារ គោលនយោបាយពាណិជ្ជកម្មក្រៅប្រទេសនិងការវិនិយោគនៅតំបន់អាស៊ី-អឺរ៉ុប។
ទិដ្ឋភាពទូទៅនៃវេទិកា។ (រូបថត៖ petrotimes.vn) |
តំបន់អាស៊ី-អឺរ៉ុប មានប្រទេសចំនួន ២៨ ដែលលាតសន្ធឹងពីអឺរ៉ុបខាងកើតដល់អាស៊ីកណ្តាល ដោយមានផ្ទៃដីសរុបប្រហែល ២៣,៣ លានគីឡូម៉ែត្រការ៉េ មានប្រជាជនជាង ៤១០ លាននាក់ ដែលជាទីផ្សារប្រពៃណី និងពាសពេញទៅដោយសក្តានុពលសម្រាប់ធុរកិច្ចវៀតណាម។ លោក Ta Hoang Linh ប្រធាននាយកដ្ឋានទីផ្សារអឺរ៉ុប-អាមេរិក (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) បានឲ្យដឹងថា ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនឹងបន្តរួមដំណើរជាមួយសហគមន៍ធុរកិច្ចដើម្បីជួយដោះស្រាយរាល់ការលំបាកនិងឧបសគ្គក្នុងសកម្មភាពពាណិជ្ជកម្ម ហើយទន្ទឹមនឹងនោះ សម្របសម្រួលកសាងដំណោះស្រាយដើម្បីជំរុញពាណិជ្ជកម្មនិងការវិនិយោគរវាងវៀតណាមជាមួយទីផ្សារអឺរ៉ុប-អាមេរិកនិយាយរួម និងទីផ្សារអាស៊ី-អឺរ៉ុបនិយាយដោយឡែក៖ “សហគ្រាសវៀតណាមនៅមានឱកាសជាច្រើនក្នុងការជំរុញសកម្មភាពនាំចេញ នាំចូល និងអនុវត្តន៍គម្រោងវិនិយោគជាមួយតំបន់អាស៊ី-អឺរ៉ុប។ វៀតណាមនិងបណ្តាប្រទេសក្នុងតំបន់បានបង្កើតឡើង ក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការដ៏រឹងមាំ ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការទ្វេភាគី។ ផលិតផលនាំចេញពីវៀតណាមទៅកាន់តំបន់គឺជាមុខទំនិញសំខាន់ៗដែលមានគុណភាពល្អ និងតម្លៃប្រកួតប្រជែង។ ដូច្នេះហើយ នេះគឺជាពេលវេលាអំណោយផល ដើម្បីពង្រឹងការជ្រៀតចូលទីផ្សារឱ្យកាន់តែស៊ីជម្រៅ ស្វែងរកឱកាសនៅក្នុងទីផ្សារពិសេស និងពង្រីកទំនាក់ទំនងអាជីវកម្មរយៈពេលវែងជាមួយដៃគូនៅតំបន់អាស៊ី-អឺរ៉ុប”។
បណ្តាប្រតិភូចូលរួមចែករំលែកនៅក្នុងទិកា។ (រូបថត៖ petrotimes.vn)
|
ក្នុងក្របខ័ណ្ឌនៃវេទិកានេះ អង្គភាពអាជីវកម្មមកពីតំបន់អាស៊ី-អឺរ៉ុបក៏បានចែករំលែកព័ត៌មាន និងបទពិសោធន៍ជាក់ស្តែងក្នុងកិច្ចសហប្រតិបត្តិការនិងធ្វើអាជីវកម្ម ជាមួយដៃគូវៀតណាមនិងអាស៊ីផងដែរ។ តំណាងសមាគមបានចែករំលែកអំពីស្ថានភាពបច្ចុប្បន្ននៃការនាំចេញទៅកាន់តំបន់អាស៊ី-អឺរ៉ុប និងសក្តានុពលសម្រាប់ការនាំចេញទៅកាន់ទីផ្សារពិសេសក្នុងតំបន់ នាបច្ចុប្បន្ន៕