Tu Van - ភូមិដេរទង់ជាតិ

(VOVWORLD) - មានចម្ងាយប្រមាណ៣០គ.មប៉ែកខាងត្បូងពីទីក្រុងហាណូយ ភូមិ ទឺវ៉ិន (Tu Van) ឃុំ Le Loi ស្រុក Thuong Tin មិនត្រឹមតែល្បីឈ្មោះដោយមុខរបរ ប៉ាក់ប្រពៃណីប៉ុណ្ណោះទេ ថែមទាំងដោយរបរដេរទង់ជាតិ ទៀតផង។ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ ១៩៤៥ នៅនៅទីលាន បាឌីញពោរពេញទៅដោយទង់ជាតិ  ជាកន្លែងដែលលោកប្រធាន ហូជីមិញអញ្ជើញអានសេចក្ដីថ្លែងការណ៍ឯករាជ្យនោះ មានទង់ជាតិរាប់ហ្មឺន ដែលត្រូវបានធ្វើដោយអ្នកភូមិ ទឺវ៉ិន។

Tu Van - ភូមិដេរទង់ជាតិ - ảnh 1មូលដ្ឋានធ្វើទង់ជាតិមួយនៅភូមិ ទឺវ៉ិន (រូបថត៖ VOV)

តាមជនចាស់ជរាក្នុងភូមិឲ្យដឹងថា ចាប់តាំងពីសតវត្សទី១៦ ភូមិ ទឺវ៉ិន បានល្បីឈ្មោះនៅក្នុងនិងក្រៅប្រទេសដោយផលិតផលប៉ាក់និងត្បាញជាប្រពៃណីហើយ។ នាគ្រានោះ អ្នកភូមិ ទឺវ៉ិន ជាច្រើននាក់ បានទៅកាន់ទីក្រុងហាណូយ បើកហាងលក់ផលិតផលប៉ាក់ប្រពៃណី។ ដោយហេតុនេះ ដើម្បីត្រៀមរៀបចំឲ្យថ្ងៃក្រោកឈរឡើងជាទូទៅនាខែសីហាឆ្នាំ១៩៤៥ គណៈកម្មការតស៊ូបានអញ្ជើញជាងដេរនិងសិប្បករនានានៃភូមិ ទឺវ៉ិន មកធ្វើទង់ជាតិនៅក្នុងសហករណ៍ទង់ក្រហមនៅលើវិថី ហាងប៊ុង រដ្ឋធានីហាណូយ។

នោះគឺជាពេលវេលាប្រវត្តិសាស្ត្រ ហើយក៏ជារបត់សំខាន់មួយនៃរបរកាត់ ដេរទង់នៅភូមិ ទឺវ៉ិន ផងដែរ។ លោក Nguyen Van Phuc ម្ចាស់ហាងកាត់ដេរមួយនៅភូមិ Tu Van បានឲ្យដឹងថា “បច្ចុប្បន្ននេះនៅក្នុងភូមិមានគ្រួសារចំនួន១០គ្រួសារដែលប្រកបមុខរបរកាត់ដេរទង់ជាតិ។ ដេរទង់ជាតិដើម្បីបម្រើការបើកឆ្នាំសិក្សាថ្មី ក្នុងទិវាបុណ្យេឯករាជ្យជាតិថ្ងៃទី២ ខែកញ្ញា ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណី ឬគាំទ្រក្រុមបាល់ទាត់វៀតណាម។ មុននោះ ត្រូវដេរ ដោយដៃបានជាត្រូវចំណាយពេលវេលានឹងកម្លាំងពលកម្មជាច្រើនណាស់ ហេតុនេះហើយមានឆ្នាំខ្លះគឺធ្វើមិនគ្រប់ការបញ្ជាទិញឡើយ។ ប៉ុន្តែនាបច្ចុប្បន្ន យើងខ្ញុំប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិទំនើបៗ បានជាមានភាពត្រឹមត្រូវនិងផលិតភាពខ្ពស់ណាស់”។

ទង់ជាតិបង្កប់នូវស្មារតីពិសិដ្ឋរបស់ប្រជាជាតិទាំងមូល ហេតុនេះហើយការដេរទង់ជាតិ ទោះបីមិនទាមទារបច្ចេកទេសខ្ពស់ទេ ប៉ុន្តែត្រូវដេរយ៉ាងហ្មត់ចត់និងប៉ិនប្រសព។ របរដេរទង់ជាតិមានការពិបាកច្រើនជាងរបរប៉ាក់និងកាត់ដេរផ្សេងៗចាប់ពីការជ្រើសរើសក្រណាត់ ប៉ាក់ បោះពុម្ភ និងលាយពណ៌ជាដើម។ ត្រូវធ្វើយ៉ាងម៉េចដើម្បីទង់មានទំហំដ៏ត្រឹមត្រូវ ពណ៌ស្រស់ស្អាត និងមានភាពជាប់ដ៏យូរអង្វែងទៀតផង។ កញ្ញា Nguyen Thi Thao ជាងដេរទង់ជាតិមួយរូបនៅភូមិ ទឺវ៉ិន បានរៀបរាប់ថា៖ “ដើម្បីធ្វើទង់ជាតិជំហានដំបូងគឺត្រូវជ្រើសរើសក្រណាត់ស្អាត កាត់ជារាងទង់រួចទើបយកដេរ។ ត្រូវវាស់ឲ្យបានត្រឹមត្រូវ គូសវាស ហើយយកផ្កាយមាសដាក់នៅកណ្ដាល។ នាងខ្ញុំធ្វើទង់ជាតិបានពី ២០០ដល់៣០០ផ្ទាំងក្នុងមួយថ្ងៃ”។

Tu Van - ភូមិដេរទង់ជាតិ - ảnh 2

ការអភិរក្សនិងអភិវឌ្ឍមុខរបរដេរទង់ជាតិមិនត្រឹមតែនាំមកនូវប្រាក់ចំណូលស្ថិរភាពសម្រាប់គ្រួសារនានានៅភូមិ ទឺវ៉ិន ប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវសេចក្ដីស្នេហាជាតិនិងមោទនភាពជាតិទៀតផង។ នៅក្នុងព្រឹត្តិការណ៍ដ៏មហិមារឬពិធីបុណ្យធំៗរបស់ប្រទេសជាតិ សុទ្ធតែមានវត្តមានរបស់ទង់ជាតិមកពីភូមិ ទឺវ៉ិន ដែរ។ លោក Nguyen Van Phuc ម្ចាស់មូលដ្ឋានដេរមួយកន្លែងនៅភូមិ ទឺវ៉ិន បានឲ្យដឹងថា៖  “គ្រួសារខ្ញុំតែងតែទទួលបានការបញ្ជាទិញពីស្ថាប័នរដ្ឋ។ ខ្ញុំបានធ្វើទង់ជាតិមានទំហំ៥៤ម៉ែត្រក្រឡាដែលត្រូវបានព្យួនៅលើដងទង់ Lung Cu ខេត្ត Ha Giang។ ទង់ជាតិមានទំហំ៥៤ម៉ែត្រក្រឡាគឺតំណាងឲ្យជនជាតិទាំង៥៤នៃប្រទេស វៀតណាម ដូច្នេះហើយត្រូវធ្វើឲ្យបានស្អាតនិងមានភាពជាប់ដ៏យូរអង្វែង។ ខ្ញុំក៏ជាសមាជិកសមាគមន៍ភូមិរបរដេរនៃភូមិផងដែរ។ សមាគមន៍ភូមិរបរនេះត្រូវបានបង្កើតឡើងដើម្បីសមាជិកទាំងអស់ជួបប្រាស្រ័យ ផ្លាស់ប្ដូរបច្ចេកទេសជាមួយគ្នា។ យើងខ្ញុំមានមោទនភាពថា ធ្វើទង់ជាតិស្អាតមិនចាញ់ប្រទេសផ្សេងៗ”។

ក្នុងចំណោមទង់ជាតិក្រហមផ្កាយមាសដែលកំពុងបក់រវិចៗក្នុងខ្យល់នៅគ្រប់កន្លែងក្នុងទូទាំងប្រទេសដើម្បីអះអាងនូវឯករាជ្យនិងអធិបតេយ្យភាពរបស់វៀតណាមនោះ មានទង់ជាច្រើនមកពីភូមិ ទឺវ៉ិន។ ឆ្លងកាត់ពេលវេលា សេចក្ដីស្នេហាជាតិនៅតែបានពង្រីកពីមួយថ្ងៃទៅមួយថ្ងៃតាមរយៈផលិតផលនីមួយៗរបស់អ្នកភូមិ ទឺវ៉ិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ