Vung Vieng - ភូមិនេសាទមួយក្នុងចំណោមភូមិនេសាទដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក

(VOVWORLD) - ភូមិនេសាទ Vung Vieng ស្ថិតនៅក្នុងប្រជុំកោះ Vung Ha ដែលជាតំបន់ការពារដ៏សំខាន់នៅលើឈូងសមុទ្រ Bai Tu Long មានចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីភាគឦសាននៃកំពង់ផែនាវាទេសចរណ៍អន្តរជាតិ Tuan Chau ទីក្រុង Ha Long ខេត្ត Quang Ninh។ ភូមិនេសាទនេះធ្លាប់ត្រូវបានសារព័ត៌មានអន្តរជាតិវាយតម្លៃថា ជាភូមិមួយក្នុងចំណោមភូមិនេសាទស្អាតបំផុតទាំង ១៦ លើពិភពលោក។

ភូមិនេសាទ Vung Vieng ត្រូវបានបង្កើតឡើងនៅសតវត្សទី ១៩ នៅពេលដែលអ្នកនេសាទនៅជុំវិញតំបន់សមុទ្រនេះ តែងតែមកទីនេះចូលចតទូក ដើម្បីជៀសវាងព្យុះ និងដោះដូរពាណិជ្ជកម្ម។ ចាប់តាំងពីឆ្នាំ ២០១៤ មក ដើម្បីសម្រួលដល់ការធ្វើដំណើរ កែលម្អលំនៅដ្ឋាន និងបង្កើតរបរចិញ្ចឹមជីវិតប្រកបដោយនិរន្តរភាពសម្រាប់ប្រជាជននៅភូមិ Vung Vieng ខេត្ត Quang Ninh បានផ្លាស់ទីលំនៅរបស់ប្រជាជនជិត ១០០ គ្រួសារឡើងលើគោក ហើយមានតែគ្រួសារ ដែលប្រកបរបរវារីវប្បកម្មចិញ្ចឹមជលផល ទើបបានទុកឲ្យមនុស្សស្នាក់នៅដើម្បីបន្តធ្វើការ។ លោក Tran Van Tan អ្នកភូមិនៅភូមិនេសាទ Vung Vieng បានឲ្យដឹងថា៖

“កាលពីមុន ជីដូនជីតាបានតាំងទីលំនៅ បង្កើតអាជីពនៅទីនេះ ដោយធ្វើដំណើរតាមទូក ដែលភាគច្រើនជាទូកក្ដោង។ ពេលថ្ងៃ គេទៅនេសាទ ហើយពេលយប់គេមកសម្រាកនៅទីនេះ។ សព្វថ្ងៃនេះ ភូមិមានប្រជាជនជាង ៣០គ្រួសារ។ គ្រួសារជាង ៣០ មានន័យថា មានផ្ទះបែជាង ៣០ និងទ្រុងវារីវប្បកម្មចិញ្ចឹមជលផលនៅទីនេះ។ អ្នកភូមិចិញ្ចឹមត្រីជាច្រើនប្រភេទ ចំណែកឯគុជខ្យងចិញ្ចឹមដោយអង្គភាពអាជីវកម្មមួយ។ គ្រួសារខ្លះរួមបញ្ចូលគ្នានូវការធ្វើវារីវប្បកម្ម និងទេសចរណ៍។ សហករណ៍ទេសចរណ៍ Van Chai (ទីក្រុង Ha Long) បង្កើតលក្ខខណ្ឌសម្រាប់ប្រជាជន រកប្រាក់ចំណូលបន្ថែមពីទេសចរណ៍។ ភ្ញៀវទេសចរដែលមកទីនេះមានកម្មវិធីទេសចរណ៍ចំនួនពីរ ទីមួយគឺជិះទូករបស់អ្នកភូមិឬជិះកាយ៉ាកដោយខ្លួនឯង ក្នុងនោះភ្ញៀវបរទេសចូលចិត្តជិះកាយ៉ាក់យ៉ាងខ្លាំងដើម្បី អាចទទួលយកបទពិសោធន៍ និងគយគន់ទេសភាពឈូងសមុទ្រ”។

Vung Vieng - ភូមិនេសាទមួយក្នុងចំណោមភូមិនេសាទដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក - ảnh 1ល្អាងភ្នំ Cao - ជាក្លោងទ្វារភូមិ Vung Vieng។ (រូបថត៖ Ngoc Anh)

ក្លោងទ្វារភូមិ Vung Vieng មានលក្ខណៈខុសប្លែក ដែលគេហៅថាល្អាងភ្នំ Cao។ ល្អាងភ្នំ Cao មានភាពស្រស់ស្អាតដ៏អស្ចារ្យដែលបានប្រទានដោយធម្មជាតិ។ មកដល់ភូមិ Vung Vieng ភ្ញៀវទេសចរគួរតែឈប់នៅខ្លោងទ្វារភូមិ ដើម្បីថតរូបអនុស្សាវរីយ៍និង check-in។

Vung Vieng - ភូមិនេសាទមួយក្នុងចំណោមភូមិនេសាទដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក - ảnh 2ផ្ទះសហគមន៍ភូមិ Vung Vieng។

ឆ្លងកាត់ក្លោងទ្វារភូមិ អ្នកនឹងឃើញភូមិបណ្តែតទឹកដ៏សាមញ្ញមួយ ព័ទ្ធជុំវិញដោយជួរភ្នំដ៏វែងគ្មានទីបញ្ចប់។ នៅកណ្តាលភូមិមានផ្ទះបែធំមួយ ដែលគេហៅថាផ្ទះសហគមន៍ ជាកន្លែងប្រជុំជីវភាពរបស់អ្នកភូមិ។ បច្ចុប្បន្ន នេះជាកន្លែងអភិរក្សវប្បធម៌ និងជាកន្លែងទស្សនាសម្រាប់បម្រើភ្ញៀវទេសចរ។ លោក Vu Van Hung ប្រជាពលរដ្ឋនៅភូមិ Vung Vieng បាននិយាយថា៖

“លក្ខណៈវប្បធម៌របស់ភូមិនេសាទបុរាណ រហូតមកដល់សព្វថ្ងៃត្រូវបានរក្សាទុកជាបេតិកភណ្ឌសម្រាប់ភ្ញៀវទេសចរមកទស្សនា។ ភ្ញៀវមកដល់ភូមិនេសាទ Vung Viengចូលចិត្តឡើងផ្ទះបែដែលជាកន្លែងចិញ្ចឹមជលផលរបស់អ្នកភូមិ និងស្វែងយល់ពីជីវភាពប្រចាំថ្ងៃ និងអាជីវកម្មរបស់ពួកគេ។ នៅទីនេះមានទេសភាពដ៏ស្រស់ស្អាត។ ភ្នំ Vung Vieng គឺខ្ពស់បំផុតនៅឈូងសមុទ្រ Ha Long។ ភ្ញៀវទេសចរភាគច្រើនដែលមកទីនេះគឺជាជនបរទេស ភាគច្រើនជាភ្ញៀវទេសចរអឺរ៉ុប អាមេរិក និងអាមេរិកខាងត្បូង ហើយពួកគេតែងតែមកភូមិក្នុងរដូវរងា”។

Vung Vieng - ភូមិនេសាទមួយក្នុងចំណោមភូមិនេសាទដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក - ảnh 3ផែស្វាគមន៍ភ្ញៀវទេសចរនៅភូមិ Vung Vieng។ រូបថត៖ Ngoc Anh

ភូមិ Vung Vieng មានប្រជាជនរស់នៅយ៉ាងតិចតួច ដូច្នេះលំហបរិយាកាសនៅទីនេះមានភាពស្ងប់ស្ងាត់ និងមានខ្យល់អាកាសបរិសុទ្ធ។ មកដល់ភូមិនេសាទនេះ ភ្ញៀវទេសចរណ៍អាចចូលរួមសកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើនដូចជា៖ ជិះទូកកាយ៉ាក់ រួមជាមួយប្រជាជនបង់សំណាញ់ចាប់ត្រី ស្វែងយល់ពីដំណើរការធ្វើវារីវប្បកម្មចិញ្ចឹមជលផលរបស់អ្នកនេសាទ; ចូលរួមក្នុងសកម្មភាពការពារបរិស្ថាន សម្អាតសំរាមតាមឆ្នេរជាមួយអ្នកនេសាទ ឬគ្រាន់តែអង្គុយជិះទូកជុំវិញភូមិ គយគន់ទេសភាពក៏គ្រប់គ្រាន់ដើម្បីធ្វើឱ្យអ្នករាល់គ្នាមានអារម្មណ៍ស្រស់ស្រាយ។ មកទស្សនាភូមិនេសាទ Vung Vieng លោក Le Hoang Quan ភ្ញៀវទេសចរនៅទីក្រុងហូជីមិញបានសម្តែងថា៖

“ខ្ញុំបានរកឃើញថា ទេសភាពធម្មជាតិរបស់ភូមិនេសាទពិតជាស្រស់ស្អាតណាស់។ ហើយអ្នកភូមិក៏រួសរាយរាក់ទាក់ផងដែរ។ នេះគឺជាកន្លែងដែលគួរទៅទស្សនា។ ប្រសិនបើមានឱកាស ខ្ញុំប្រាកដជា នឹងវិលត្រឡប់មកលេងភូមិនេសាទ Vung Vieng ម្ដងទៀត”។

Vung Vieng - ភូមិនេសាទមួយក្នុងចំណោមភូមិនេសាទដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក - ảnh 4ភ្ញៀវទេសចរណ៍ជិះទូកកាយ៉ាកនៅភូមិ Vung Vieng។ រូបថត៖ Ngoc Anh

ភូមិនេសាទ Vung Vieng ជាភូមិតូចមួយ ដាច់ស្រយាល និងមានទេសភាពស្រស់បំព្រង។ មើលពីចម្ងាយ ភូមិនេសាទលេចចេញជាមួយនឹងពណ៌ខៀវ ក្រហម និងលឿង ដែលបណ្ដែតលើផ្ទៃទឹក។ ភូមិនេសាទ Vung Vieng គឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរក្នុងដំណើរស្វែងយល់បេតិកភណ្ឌពិភពលោកនៃឈូងសមុទ្រ Ha Long៕

ប្រតិកម្មទៅវិញ

ផ្សេងៗ