ក្រុមសហករណ៍ត្បាញផ្តៅឫស្សី Diep Thi Trang នៅឃុំ Dai An ខេត្ត Tra Vinh
(VOVWORLD) - នាប៉ុន្មានឆ្នាំថ្មីៗនេះ ផលិតផលត្បាញផ្តៅឬស្សី នៅភូមិ Giong Dinh ឃុំ Dai An ស្រុក Tra Cu ខេត្ត Tra Vinh ត្រូវបានបញ្ចេញលក់នោតាមតំបន់ជាច្រើន ដោយទទួលបានការនិយមចូលចិត្តពីសំណាកអតិថិជន។ រួមវិភាគទានដល់សមិទ្ធិផលនេះ គឺក្រុមសហករណ៍ត្បាញផ្តៅឫស្សីរបស់លោកស្រី Diep Thi Trang ជនជាតិខ្មែរម្នាក់នៅភូមិ Giong Dinh។
ផលិតផលត្បាញផ្តៅឫស្សី |
ភូមិរបរត្បាញផ្តៅឬស្សីភូមិ Giong Dinh មានប្រពៃណីប្រវត្តិសាស្ត្រប្រមាណ ៩០ ឆ្នាំហើយ។ ឆ្លងកាត់ការឡើងចុះនៃប្រវត្តិសាស្រ្ត នៅដើមឆ្នាំ ២០០០ ភូមិរបរជួបប្រទះការលំបាកជាច្រើន ហើយប្រឈមនឹងការសាបរលាបទៅ ព្រោះថាផលិតផលស្ទើរតែមិនអាចបញ្ចេញលក់បានឡើយ ហើយអ្នកភូមិជាច្រើននាក់បានបោះបង់ចោលរបរនេះ។ ក្រោយរយៈពេលខិតខំប្រឹងប្រែងស្វែងរកតម្រូវការពីទីផ្សារ លោកស្រី Diep Thi Trang បានសិក្សាស្រាវជ្រាវ និងច្នៃប្រឌិតផលិតផលថ្មី ជាពិសេសគឺផ្លាស់ប្តូរគំរូផលិតផលទៅជាវត្ថុអនុស្សាវរីយ៍តូចៗសម្រាប់ភ្ញៀវទេសចរ។ ការសម្រេចដ៏មុតស្រួច និងឈ្លាសវៃនេះ របស់លោកស្រី Diep Thi Trang បានជួយភូមិរបរត្បាញផ្តៅឬស្សីភូមិ Giong Dinh រស់រានឡើងវិញ។ លោកស្រី Diep Thi Trang ម្ចាស់ក្រុមសហករណ៍ត្បាញផ្តៅឬស្សី Diep Thi Trang បានឲ្យដឹងថា៖ “ក្រុមសហករណ៍ Diep Thi Trang បានបើកចាប់ពីឆ្នាំ ២០០៧។ ក្នុងឆ្នាំ ២០០៧ មន្ទីរឧស្សាហពាណិជ្ជកម្មខេត្ត Tra Vinh បានចុះមកសួរនាំពីការធ្វើវត្ថុអនុស្សាវរីយ៍ជូនភ្ញៀវទេសចរ។ នៅទីនេះមានតែគ្រួសារខ្ញុំទេ ដែលធ្វើរបស់តូចៗ ហើយផ្ទះផ្សេងទៀតបានធ្វើរបស់ធំៗ។ ផលិតផលសិប្បកម្ម វិចិត្រសិល្បៈសម្រាប់ធ្វើជាប្រដាប់ប្រដារជនបទ និងវត្ថុអនុស្សាវរីយ៍។ កាលពីមុន យើងខ្ញុំក៏បានធ្វើផលិតផលទាំងនេះ បុន្តែជាផលិតផលធំៗដោយមិនចំណេញច្រើន ហើយបានប្រើប្រាស់វត្ថុធាតុដើមច្រើនទៀតផង។ ផលិតផល ១ ឈុតមាន ១២ មុខ រួមមាន៖ គម្របម្ហូបអាហារ កន្ត្រកផ្កា ទ្រូ ប្រអប់ដាក់ឈើចាក់ធ្មេញ និងថូផ្កាជាដើម ហើយផលិតផលនេះមានតម្លៃ ១០ ម៉ឺនដុង។ ខេត្ត Soc Trang បានជួយប្រមូលទិញ និងបញ្ចេញលក់ផលិតផលទាំងអស់នៅតាមខេត្តដទៃទៀត ក្នុងនោះមានទាំងទីក្រុងហាណូយ។ ផលិតផលនេះលក់ដាច់ខ្លាំងណាស់”។
ក្នុងឆ្នាំ ២០១៩ផលិតផលប្រើប្រាស់ក្នុងគ្រួសារជនបទខ្នាតតូចរបស់ក្រុមសហករណ៍ Diep Thi Trang ត្រូវបានគណៈកម្មាធិការប្រជាជនខេត្ត Tra Vinh ទទួលស្គាល់ជាប់ស្តង់ដារ OCOP ផ្កាយ ៣ (OCOP គឺជាកម្មវិធីជាតិ ឃុំមួយផលិតផលមួយ)។ មជ្ឈិមសមាគមសហព័ន្ធនារីវៀតណាម និងសមាគមសហព័ន្ធនារីគ្រប់ជាន់ថ្នាក់ក៏បានចាត់បញ្ជូនតំណាងទៅទស្សនាក្រុមសហករណ៍របស់លោកស្រី Diep Thi Trang ដើម្បីបន្តតម្រង់ទិសដៅជួយឧបត្ថម្ភដល់ក្រុមសហករណ៍ឲ្យប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាង។ ដោយមានការឧស្សាហ៍ព្យាយាម និងភាពច្នៃប្រឌិត ដើម្បីធ្វើជាអ្នកមាន និងរួមវិភាគទានយ៉ាងសកម្មដល់សហគមន៍ លោកស្រី Diep Thi Trang ត្រូវបានគណៈកម្មាធិការប្រជាជនស្រុក Tra Cu និងគណៈកម្មាធិការប្រជាជនខេត្ត Tra Vinh លើកសរសើរ និងផ្ដល់រង្វាន់ក្នុងនោះមានប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tra Vinh អំពី“គំរូដ៏ភ្លឺស្វាងរបស់នារីធ្វើចលនាមហាជនពូកែ”។
នាបច្ចុប្បន្ននេះ ជាមធ្យម ក្រុមសហករណ៍ Diep Thi Trang ផលិតបានផលិតផលប្រមាណ ១២ ០០០ ឈុតជារៀងរាល់ខែ។ ក្រៅពីបានបញ្ចេញលក់ក្នុងប្រទេស បណ្ដាសហគ្រាសនៅខេត្ត Bac Lieu ខេត្ត Soc Trang ទីក្រុង Vung Tau និងទីក្រុងហូជីមិញបានបញ្ជាទិញដើម្បីនាំចេញ។ អាស្រ័យហេតុនេះ ប្រាក់ចំណូលរបស់សមាជិកសហករណ៍នីមួយៗមានស្ថិរភាពដោយទទួលបានប្រាក់ចំណូលពី ២,៥ ទៅ ៥ លានដុង/ខែ។ លោកស្រី Lam Thi Chung បុគ្គលិកម្នាក់នៅក្រុមសហករណ៍ត្បាញផ្តៅ ឫស្សី Diep Thi Trang បានឲ្យដឹងថា៖ “នាងខ្ញុំបានធ្វើផលិតផលចំនួន ១២ មុខរួមមាន៖ កន្ត្រកផ្កា ថូផ្កា និងដបស្រាជាដើម ហើយផលិតផលធ្វើពីឫស្សី។ នាងខ្ញុំធ្វើបានកន្ត្រកចំនួន ២០ ក្នុងមួយថ្ងៃ ដោយរកបានប្រាក់ចំណូល ៩ ម៉ឺនដុង។ នាងខ្ញុំបានធ្វើការនៅទីនេះអស់រយៈពេលច្រើនឆ្នាំហើយ”។
ផលិតផលត្បាញផ្តៅឫស្សី |
ក្រុមសហករណ៍ Diep Thi Trang បានតភ្ជាប់រវាងក្រុមគ្រួសារនានា បង្កើតការងារធ្វើជូនប្រជាជននៅក្នុងតំបន់ ជាពិសេសគឺបងប្អូននារី។ ពួកគេមិនចាំបាច់ទៅធ្វើការនៅឯឆ្ងាយឡើយ ហើយមានពេលវេលាថែទាំគ្រួសារ ធ្វើស្រែចម្ការ ហើយមានការងារធ្វើពេលទំនេរ ដើម្បីរកប្រាក់ចំណូលបន្ថែម។ លោកស្រី Kim Thi Thanh បុគ្គលិកម្នាក់នៅក្រុមសហករណ៍ត្បាញផ្តៅឫស្សី Diep Thi Trang បានឲ្យដឹងថា៖ “នាងខ្ញុំបានធ្វើការនៅទីនេះជាច្រើនឆ្នាំមកហើយ។ នាងខ្ញុំរកបានប្រាក់ចំណូល ៥ ម៉ឺនដុងក្នុងមួយថ្ងៃ។ នាងខ្ញុំបានឆ្លៀតពេលទំនេរដើម្បីធ្វើការផងដែរ”។
នាបច្ចុប្បន្នផលិតផលសិប្បកម្ម វិចិត្រសិល្បៈរបស់គ្រួសារលោកស្រី Diep Thi Trang មានទីផ្សារស្ថិរភាព ហើយការបញ្ជាទិញមានចំនួនលើសពីសមត្ថភាពផ្គត់ផ្គង់។ ដូច្នេះ លោកស្រី Diep Thi Trang បានឆ្ពោះទៅការពង្រីកផលិតកម្ម ព្រមទាំងរួមចំណែកថែរក្សាភូមិរបរប្រពៃណីត្បាញផ្តៅឫស្សីភូមិ Giong Dinh ផងដែរ៕