កសិករខេត្ត An Giang រង់ចាំរដូវទឹកឡើង

(VOVWORLD) - យោងតាមព័ត៌មានពីស្ថានីយ៍ឧតុនិយមជលសាស្ត្រតំបន់ភាគខាងត្បូងបានឲ្យដឹងថា កម្រិតទឹកខាងលើតាមដងទន្លេនៃទន្លេ Tien និងទន្លេ Hau នៅលើកំណាត់ហូរឆ្លង កាត់ខេត្ត An Giang នោះគឺមានកំពស់ ២,៧ ម៉ែត្រនិង២,៥៦ម៉ែត្រ។ នេះ ត្រូវបានចាត់ទុកជាកម្រិតទឹកខ្ពស់បំផុតក្នុងឆ្នាំនេះ ប៉ុន្តែ នៅតែទាបជាង កម្រិតជាមធ្យមជាច្រើនឆ្នាំមកហើយ។ ហេតុដូច្នេះ ប្រជាកសិករនៅខេត្ត An Giang កំពុងរង់ចាំរដូវទឹកឡើងដើម្បីផលិតកសិកម្មនិងប្រកបរបររកស៊ីចិញ្ចឹមជីវិត។
កសិករខេត្ត An Giang រង់ចាំរដូវទឹកឡើង - ảnh 1ឆ្នាំនេះទឹកហូរមកទាប ហេតុដូច្នេះ មានត្រី បង្គារតិចតួចណាស់។ (រូបថត៖ VOV)

លោក Nguyen Van Sam អាយុ៨០ឆ្នាំ រស់នៅឃុំ Vinh Hoi ស្រុក An Phu ខេត្ត An Giang បានរៀបរាប់ថា គ្រួសារលោកមិនមានស្រែឡើយ ហេតុដូច្នេះ ត្រូវប្រកបរបរនេសាទពេញមួយឆ្នាំ។ ធនធានជលផលដែលរដូវទឹកឡើងនាំ មកជូនក៏ជាប្រភពប្រាក់ចំណូលដ៏សែនសំខាន់ដល់គ្រួសារលោកក៏ដូចជាប្រជាជននៅទីនេះផងដែរ។ ប៉ុន្តែ ឆ្នាំនេះ ខ្សែទឹកខាងលើហូរមកទាបពេក ដូច្នេះ ប្រជាជនជួបការលំបាកជាច្រើនក្នុងការរកស៊ី លោកបាន បន្ថែមទៀតថា៖         “ខ្ញុំបានរស់នៅទីនេះអស់រយៈពេល៨០ឆ្នាំមកហើយ ប៉ុន្តែត្រឹមឃើញឆ្នាំនេះ តែប៉ុណ្ណោះដែលទឹកឡើងយឺតយ៉ាងដូច្នេះ។ កាលពីឆ្នាំមុនៗ យើងខ្ញុំ អាចទទួលបានប្រាក់ចំណូលចន្លោះពី៥០ដល់៦០លានដុងក្នុងរដូវទឹកឡើងជាប្រចាំឆ្នាំ។ ប៉ុន្តែ សព្វថ្ងៃនេះ ប្រសិនបើគ្មានរដូវទឹកឡើងនោះទេ ប្រជាជននឹងជួប ការលំបាកវេទនាជាពុំខាន”។

ចំណែកលោក Nguyen Van Gang នៅឃុំ Phu Hoi ស្រុក An Phu ដែលប្រកបរបរប្រមូលទិញជលផលក្នុងតំបន់ បានឲ្យដឹងថា ក្នុងរយៈពេល ដូចគ្នានឹងឆ្នាំមុនៗ លោកអាចទិញបានត្រី បង្គារជាច្រើនតោនក្នុងមួយថ្ងៃ។ ប៉ុន្តែ ទិន្នផលក្នុងឆ្នាំនេះគឺមានត្រឹមតែ២០%បើប្រៀបធៀបនឹងឆ្នាំមុនប៉ុណ្ណោះ។ លោកបានឲ្យដឹងថែមទៀតថា៖

“ប្រជាពលរដ្ឋភាគច្រើននៅទីនេះរស់នៅដោយផ្អែកលើរបរធ្វើស្រែ អាជីវកម្មខ្នាតតូច ហើយផ្អែកលើរដូវទឹកឡើងប៉ុណ្ណោះ។ ការលំបាកទីមួយគឺ ទឹកមិនឡើង ធ្វើការនេសាទមិនបានទេ។ ហើយការលំបាកមួយទៀតគឺ ដោយសារជម្ងឺរាតត្បាតនៅតែអូសបន្លាយ ហេតុដូច្នេះមិនអាចឆ្លងទៅ ប្រទេសកម្ពុជាដើម្បីជួញដូរទំនិញបានឡើយ”។

តាមស្ថានីយ៍ឧតុនិយមជលសាស្ត្រតំបន់ភាគខាងត្បូងបានជូនដំណឹងថា រដូវវស្សាឆ្នាំនេះនៅតំបន់ដីសណ្ដទន្លេមេគង្គហាក់ដូចជាទឹកមកដល់យឺតជាងឆ្នាំមុនៗ។ បរិមាណទឹកភ្លៀងសរុបតិចជាង២៥% បើប្រៀបធៀបនឹងកម្រិតជាមធ្យមនៃបណ្ដាឆ្នាំមុន។ តាមការព្យាករណ៍ កម្រិតទឹកឡើងខ្ពស់បំផុតក្នុងឆ្នាំនេះ ក៏ទាបជាងពី០,២ដល់១,៦ម៉ែត្របើប្រៀបធៀបនឹងកម្រិតទឹកជាមធ្យមនៃបណ្ដាឆ្នាំមុន ហើយទាបជាង១,៧ម៉ែត្របើប្រៀបធៀបនឹងកម្រិតទឹកជំនន់ កម្រិត១។

លោក Ky Quang Vinh អតីតនាយកមជ្ឈមណ្ឌលត្រួតពិនិត្យធនធាន និងបរិស្ថានទីក្រុង Can Tho បានចាត់ទុកថា ចាប់ពីពេលនេះដល់ដំណាច់ រដូវវស្សា ប្រសិនបើគ្មានភ្លៀងធ្លាក់ខ្លាំងនិងអូសបន្លាយរយៈពេលវែងនៅ ប្រទេសនានានៅតាមទន្លេមេគង្គលើ ហើយនាដើមឆ្នាំ២០២១ ប្រសិនបើ គ្មានភ្លៀងកក់ខែនោះទេ គឺវិស័យផលិតកសិកម្មនៅតំបន់ដីសណ្ដទន្លេ Cuu Long នឹងត្រូវជួបប្រទះនឹងបញ្ហាប្រឈមដ៏ធំជាពុំខាន។ នៅចំពោះមុខស្ថាន ភាពនេះ ត្រូវតែផ្លាស់ប្ដូររដូវកាលធ្វើផលិតកម្ម ហើយស្ដុកបម្រុងទឹកឲ្យបាន ច្រើនបំផុត។ លោក Ky Quang Vinh បានឲ្យដឹងថែមទៀតថា៖

“ជារៀងរាល់ឆ្នាំ ដល់ដើមខែកក្កដា គឺទឹកហូរចូលមកតំបន់ ដីសណ្ដទន្លេ Cuu Long រួចហើយ។ ប៉ុន្តែ ឆ្នាំនេះ រហូតដល់បច្ចុប្បន្ន កម្រិត ទឹកនៅតែទាបណាស់។ ឆ្នាំនេះប្រហែលជាគ្មានរដូវទឹកឡើងនោះឡើយ ដោយសារការប្រែប្រួលអាកាសធាតុបណ្ដាលឲ្យបរិមាណទឹកភ្លៀងនៅតំបន់ទន្លេលើមានតិច តួច។ ហេតុដូច្នេះ ដល់ដើមឆ្នាំ២០២១ អាចកើតមានគ្រោះ រាំងស្ងួតយ៉ាងធ្ងន់ធ្ងរទៀត។ នោះគឺជាបញ្ហាដែលយើងត្រូវយកចិត្តទុកដាក់ ភ្លាមដើម្បីចាត់វិធានការឆ្លើយតបឲ្យបានសមស្រប”។      

ក្រោយពីឆ្លងកាត់គ្រោះរាំងស្ងួតនាឆ្នាំទៅមិញ ប្រជាជននៅតំបន់ខាង លើនៃតំបន់ដីសណ្ដទន្លេ Cuu Long កំពុងទន្ទឹងរង់ចាំ “រដូវទឹកជំនន់មួយដ៏ អំណោយផល” ដើម្បីបោសសម្អាតសាច់ជូរ ពូនជ្រុំដីល្បាប់ហើយផ្តល់នូវ ប្រភពជលផលឲ្យបានសម្បូរហូរហៀរ។ ប៉ុន្តែ រហូតមកដល់ពេលនេះ កម្រិតទឹកនៅ លើទន្លេនិងប្រឡាយនានាក្នុងតំបន់នៅតែទាប។ តាមការព្យាករណ៍ គ្រោះ រាំងស្ងួតអាចកើតមានយ៉ាងឆាប់ៗនិងធ្ងន់ធ្ងរជាងឆ្នាំទៅមិញ។ ហេតុដូច្នេះ ប្រជាជន នៅខេត្ត An Giang និងបណ្ដាខេត្តផ្សេងៗទៀតនៅតំបន់ដីសណ្ដទន្លេ Cuu Long កំពុងត្រៀមរៀបចំដំណោះស្រាយសម្រាប់ទប់ទល់នឹងស្ថាន ភាពនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ