កសិករវៀតណាមនាំកសិផលទៅកាន់ទីផ្សារពិភពលោក
(VOVWORLD) - ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ បណ្ដាផលិតផលផ្លែមៀនវៀតណាមមិនត្រឹមតែបានដាក់លក់យ៉ាងច្រើនកុះករនៅលើទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងត្រូវបានទីផ្សារធំៗជាច្រើន និងអតិថិជននៅលើពិភពលោកស្គាល់ដល់ និងនិយមចូលចិត្តទៀតផង។ ប្រជាកសិកនៅតាមតំបន់ដាំដើមមៀននៅទូទាំងប្រទេសបានចូលរួមចំណែកយ៉ាងធំធេងទៅក្នុងដំណើរការនាំផ្លែមៀនវៀតណាមទៅកាន់ទីផ្សារពិភពលោកផងដែរ។
សកម្មភាពប្រមូលផលផ្លែមៀន |
នៅប៉ុន្មានថ្ងៃនេះនៅស្រុក Song Ma ខេត្ត Son La ចាប់ពីឃុំនៅតាមបណ្ដោយផ្លូវជាតិ ៤G រហូតដល់បណ្ដាឃុំនៅតំបន់ព្រំដែននោះ ប្រជាកសិករកំពុងប្រមូលផលផ្លែមៀនយ៉ាងសប្បាយរីយរាយ ព្រោះថា ឆ្នាំនេះ ផ្លែមៀន Song Ma បន្តត្រូវបាននាំចេញទៅកាន់ទីផ្សារ ដែលទាមទាគុណភាពខ្ពស់ ដូចជា EU និងចក្រភពអង់គ្លេស។ លោក Vi Van Tuan កសិករម្នាក់នៅភូមិ Na Pan ឃុំ Na Nghiu បានសំណេះសំណាលថា៖ “នៅឆ្នាំនេះ គ្រួសារយើងខ្ញុំពិតជាសប្បាយចិត្តណាស់ ព្រោះថាផ្លែមៀនត្រូវបាននាំចេញទៅកាន់ទីផ្សារបរទេស។ ផ្លែមៀនមានទិនផលលល្អ ហើយមានតម្លៃប្រកបដោយស្ថិរភាព បើប្រៀបធៀបនឹងដើមឈើហូបផ្លែផ្សេងៗទៀត ដូច្នេះ គ្រួសារយើងខ្ញុំពិតជាមានអារម្មណ៍នឹងនរចិត្តណាស់ ហើយនឹងបន្តអភិវឌ្ឍន៍ដើមមៀនផងដែរ”។
ក្នុងនាមជាជង្រុកផ្លែមៀនធំបំផុតនៅទូទាំងប្រទេសនោះ ស្រុក Song Ma មានផ្ទៃដីដាំដើមមៀនជាង ៧ ៣០០ ហិកតា ទិន្នផលត្រូវបានប៉ាន់ប្រមាណថា នឹងទទួលបានជាង ៧ ម៉ឺនតោន/ឆ្នាំ ដែលប្រមូលផ្ដុំភាគច្រើននៅ បណ្ដាឃុំនៅតាមបណ្ដោយទន្លេ Song Ma ដូចជា៖ Chieng Khuong Chieng Cang Muong Hung Chieng Khoong Na Nghiu Yen Hung Chieng So និង Muong Lam។ ទោះបីជាស្ថិតក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញនៅក្នុងប្រទេស និងនៅលើពិភពលោកក៏ដោយ ប៉ុន្តែផលិតផលផ្លែមៀន Song Ma នៅតែត្រូវបាននាំចេញទៅកាន់បណ្ដាប្រទេស អូស្ត្រាលីសហរដ្ឋអាមេរិក ចិន EU និងចក្រភពអង់គ្លេស។ ការពង្រីកទីផ្សារនាំចេញ ដែលទាមទាគុណភាពខ្ពស់បានអះអាងពីគុណភាពផលិតផលផ្លែមៀន Song Ma។ លោក Nguyen Van Phuong អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Song Ma ខេត្ត Son La បានឲ្យដឹងថា៖ “ការនាំចេញផ្លែមៀន Song Ma ទៅកាន់ទីផ្សារ EU និងចក្រភពអង់គ្លេសបានរួមចំណែកជំរុញខ្លាំងការអភិវឌ្ឍផ្ទៃដីដាំដើមឈើហូបផ្លែនៅលើតំបន់ដីជម្រាល ជាពិសេសគឺជំរុញការប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យាជឿនលឿនទៅក្នុងផលិកម្ម សំដៅលើកកម្ពស់ថែមទៀតគុណភាព និងការរចនាផលិតផលឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបនឹងស្ដង់ដាររបស់អ្នកនាំចូលនាពេលខាងមុខផងដែរ”។
ផ្លែមៀនរបស់ប្រជាកសិករវៀតណាម |
ក្នុងរដូវប្រមូលផលផ្លែមៀនឆ្នាំនេះ ក្រុមហ៊ុនភាគហ៊ុនកសិកម្មសរីរាង្គ Fusa នឹងប្រមូលទិញ ផ្លែមៀនចំនួន ៦០ តោនរបស់ខេត្ត Hung Yen ដើម្បីនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។ នេះគឺជាលើកដំបូងហើយ ដែលផ្លែមៀន Hung Yen ត្រូវបាននាំចេញទៅកាន់ទីផ្សារធំនេះជាផ្លូវការ។ លោក Tran Van My នាយកសហករណ៍ដើមឈើហូបផ្លែប្រចាំតំបន់ Quyet Thang ឃុំ Tan Hung ទីក្រុង Hung Yen បានឲ្យដឹងថា៖ “ប្រជាកសិករយើងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយណាស់ ព្រោះថា ក្នុងឆ្នាំនេះ ផ្លែមៀន Hung Yen ត្រូវបាននាំចេញទៅកាន់ទីផ្សារអឺរ៉ុប ដូច្នេះហើយ ផលិតផលផ្លែមៀនត្រូវបានលើកកម្ពស់តម្លៃជាច្រើន។ ទន្ទឹមនឹងនេះ ប្រជាកសិករត្រូវផ្ដោតសំខាន់លើបេច្ចេកទេសថែទាំដើមមៀនឲ្យកាន់តែល្អប្រសើរឡើង ដើម្បីលើកកម្ពស់តម្លៃឲ្យកាន់តែល្អប្រសើរឡើងផងដែរ”។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ បណ្ដាផលិតផលដែលធ្វើពីផ្លែមៀនវៀតណាមមិនត្រឹមតែត្រូវបានដាក់លក់យ៉ាងច្រើនកុះករនៅទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងត្រូវបានទីផ្សារធំៗ និងអតិថិជននៅលើពិភពលោកស្គាល់ដល់ និងបញ្ជាទិញ ដូចជា៖ ចិន អូស្ត្រាលីសិង្ហបុរី កូរ៉េខាងត្បូង ម៉ាឡេស៊ី ជប៉ុន និងអឺរ៉ុប។ លោក Vu Ba Phu ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានឲ្យដឹងថា៖ “បណ្ដាខេត្ត ក្រុងដែលមានផ្ទៃដីដាំដើមមៀនក្នុងទ្រង់ទ្រាយធំរបស់វៀតណាម ដូចជា ខេត្ត Hung Yen Son La Hai Duong និងខេត្តមួយចំនួននៅតំបន់ណាមបូខាងលិចរបស់វៀតណាម កាន់តែត្រូវបានសុក្រិតបច្ចេកវិទ្យា ដំណើរការផលិកម្ម ហើយជាប់ស្តង់ដារនាំចេញទៅកាន់ទីផ្សារបរទេសផងដែរ”។
រហូតមកដល់ពេលនេះផ្លែមៀនវៀតណាមបានឆ្លើយតបនឹងស្ដង់ដារបស់ប្រទេសនាំចូល។ ប្រការនេះមានន័យថា ផ្លែមៀនស្រស់នាំចេញរបស់វៀតណាមត្រូវបានទទួលស្គាល់ថាមានគុណភាពខ្ពស់ ដោយអះអាងពីពាណិជ្ជសញ្ញា “ ផ្លែឈើវៀតណាម” ហើយអាចត្រូវបានដាក់លក់នៅតាមទីផ្សារដែលទាមទាគុណភាពខ្ពស់។ ការដែលផ្លែមៀនវៀតណាមត្រូវបាននាំចេញជាបន្តបន្ទាប់ទៅកាន់ទីផ្សារអន្តរជាតិជាច្រើន មិនត្រឹមតែអះអាងពីគុណភាពនិងកេរ្តិ៍ឈ្មោះផ្លែឈើវៀតណាមប៉ុណ្ណោះទេ ថែមទាំងនាំមកនូវប្រាក់ចំណូលខ្ពស់ជូនប្រជាកសិករនៅទូទាំងប្រទេសទៀតផង៕