ខិតខំថែរក្សាមុខរបរជាងទងប្រាក់ប្រពៃណី Dinh Cong ទីក្រុងហាណូយ

(VOVWORLD) - មុខរបរជាងទងប្រាក់នៅភូមិ Dinh Cong ខ័ណ្ឌ Hoang Mai ទីក្រុងហាណូយ មានអាយុកាលតាំងពីសតវត្សរ៍ទី ៧ មក ជាមួយនឹងលក្ខណៈពិសេសដោយឡែកដែលមិនអាចឃើញនៅទីកន្លែងផ្សេងទៀតបានឡើយ។ ឆ្លងកាត់ការឡើងចុះជាច្រើនរាប់មិនអស់ ដោយការខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញនិងក្លៀវក្លារបស់សិប្បករដ៏ប៉ិនប្រសប់ របរជាងទងប្រាក់ប្រពៃណីនៃភូមិ Dinh Cong ត្រូវបានស្តារឡើងវិញ អភិរក្ស ហើយក្លាយជាលក្ខណៈវិសេសវិសាលក្នុងវប្បធម៌រាប់ពាន់ឆ្នាំនៃរដ្ឋធានីហាណូយ។

ខិតខំថែរក្សាមុខរបរជាងទងប្រាក់ប្រពៃណី Dinh Cong ទីក្រុងហាណូយ - ảnh 1ជាងទងនៅភូមិ Dinh Cong។ (រូបថត៖ VOV)

មានទីតាំងស្ថិតនៅក្នុងបរិវេណសាលាភូមិ Dinh Cong រោងជាងទងប្រាក់របស់លោក Quach Phan Tuan Anh កូនប្រុសរបស់សិប្បករ Quach Van Truong ដែលមានជាងទងរាប់សិបនាក់កំពុងព្យាយាមច្នៃគ្រឿងប្រាក់ដ៏ល្អប្រណិត។ ពីដុំប្រាក់ ដោយបាតដៃដ៏ប៉ិនប្រសប់ និងគំនិតច្នៃប្រឌិតរបស់ខ្លួន ជាងទងបានទាញវាយ៉ាងប៉ិនប្រសប់ទៅជាខ្សែប្រាក់តូចៗ ស្តើងដូចខ្សៃអំបោះ បន្ទាប់មកពត់ បង្គុំវាទៅជាលម្អិតផ្សេងៗគ្នា ដើម្បីបង្កើតផលិតផលសម្បូរបែប បំពេញតាមការពេញនយិមរបស់អតិថិជន។ លោក Quach Phan Tuan Anh បានពន្យល់ថា៖

“ផលិតផលនេះគឺជាកងដៃប្រាក់។ កងដៃមួយនេះ ត្រូវចំណាយពេលយ៉ាងហោចណាស់មួយសប្តាហ៍រហូតដល់ ១០ ថ្ងៃទើបធ្វើបានរួចរាល់។ ពីខ្សែប្រាក់ធំមួយ យើងទាញវាទៅដូចសរសៃសក់សក់អញ្ចឹង ហើយភ្ជាប់វាជាមួយនឹងក្បូរក្ដាច់រចនាតាមសំណូមពររបស់អតិថិជន”។

លោក Le Dinh Son ជាងទងម្នាក់ដែលធ្វើការក្នុងរោងជាងទង Dinh Congបានចែករំលែកអំពីដំណើរការច្នៃផលិតផលយ៉ាងដូច្នេះថា ដើម្បីច្នៃបានផលិតផលមួយដែលពេញចិត្តបំផុត បំពេញតាមតម្រូវការអតិថិជន ជាងទងត្រូវចំណាយពេលវេលាជាច្រើនថ្ងៃ ដោយឆ្លងកាត់ដំណាក់កាលដ៏ល្អិតល្អន់និងស្មុគស្មាញ ទាមទារបច្ចេកទេស និងថ្វីដៃជំនាញខ្ពស់៖

“ខ្ញុំកំពុងធ្វើឡូហ្គោមួយ។ ក្នុងដំណាក់កាលរៀបចំ ខ្ញុំនឹងប្រើអំបោះធំៗដើម្បីធ្វើជាស៊ុម ធានានូវភាពរឹងមាំ ហើយនៅខាងក្នុងមានខ្សែអំបោះតូចៗសម្រាប់រក្សាស៊ុមឲ្យបានលំនឹង។ បន្ទាប់មក ខ្ញុំនឹងប្រើអំបោះតូចៗ ចងភ្ជាប់គ្នា ក្លាយជាលំនាំនិងក្បូរក្បាច់រចនានៅខាងក្នុង ទើបបង្កើតបានផលិតផលចុងក្រោយដូចនេះ”។

បើតាមជាងទងនៅទីនេះ ដើម្បីច្នៃផលិតផលមួយដោយមានភាពល្អប្រណិត ល្អិតល្អន់ ដូចផលិតផលក្នុងរោងនេះ ប្រសិនបើមិនមានចំណង់ចំណូលចិត្ត និងភាពច្នៃប្រឌិត ទំនងជាមិនអាចប្រកបនិងរក្សាមុខរបរនេះបានទេ។

ដើម្បីថែរក្សា និងបន្សល់ទុកមុខរបរនេះដល់ជំនាន់ក្រោយៗ កុលបុត្រកុលធីតាជាច្រើននៃភូមិ Dinh Cong បាននឹងកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធ្វើឱ្យភូមិជាងទងប្រាក់ Dinh Cong រក្សាបាននូវកេរ្តិ៍ឈ្មោះជាសសរស្តម្ភមួយក្នុងចំណោមសសរស្តុម្ភទាំង ៤ នៃភូមិរបរ Thang Long។ អ្នកស្រី Mai Hong Hanh ជាងទងម្នាក់នៃភូមិរបរនេះបានឲ្យដឹងថា៖

“ខ្ញុំជាអ្នកភូមិនៅទីនេះ បានសម្រេចចិត្តលាឈប់ពីការងារនៅស្ថាប័នរដ្ឋមកប្រកបមុខរបរនេះ មិនមែនដើម្បីគោលដៅរកចំណូលទេ តែខ្ញុំចង់រួមជាមួយជាងទងដទៃទៀតនៅក្នុងភូមិដូចជាលោក Tuan Anh ផ្លាស់ប្ដូរ ពិភាក្សាជាមួយគ្នា ដើម្បីមានទិសដៅអភិវឌ្ឍន៍ភូមិរបរ។ តើធ្វើដូចម្តេចដើម្បីសម្រេចក្តីសុបិនបន្សល់ទុកមុខរបរនេះជូនដល់ជំនាន់ក្រោយៗ”។

ខិតខំថែរក្សាមុខរបរជាងទងប្រាក់ប្រពៃណី Dinh Cong ទីក្រុងហាណូយ - ảnh 2ក្រុមយុវជនមកទស្សនាផលិតផលជាងទងប្រាក់ Dinh Cong។ (រូបថត៖ VOV)

រួមដំណើរជាមួយកិច្ចខិតខំប្រឹងប្រែងរបស់សិប្បករនៃភូមិជាងទងប្រាក់ Dinh Cong នោះ អាជ្ញាធរទីក្រុងហាណូយនិយាយរួម និងខ័ណ្ឌ Hoang Mai និយាយដោយឡែក បានរៀបចំថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈដោយឥតគិតថ្លៃដល់យុវជននៅក្នុងខ័ណ្ឌ ដើម្បីរក្សាមុខរបរជាងទងប្រាក់ប្រពៃណីរបស់ភូមិ។ សិក្ខាកាមចំនួន ៣៥ នាក់នៃថ្នាក់បណ្តុះបណ្តាលនេះ បន្ទាប់ពីបានស្ទាត់ជំនាញហើយនឹងក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់ភូមិជាងទងប្រាក់ដែលមានអាយុកាល ១៥០០ ឆ្នាំនេះ។ លោកស្រី Nguyen Thi Phuong ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Dinh Cong ខ័ណ្ឌ Hoang Mai បានឲ្យដឹងថា៖

“អាជ្ញាធរជានិច្ចកាលយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌដើម្បីថែរក្សា និងស្តារភូមិរបរឡើងវិញ អភិរក្សមុខរបររបស់ជីដូនជីតា។ នេះមិនត្រឹមតែជាមុខរបរដ៏ល្អប្រណិតប៉ុណ្ណោះទេ ថែមទាំងក៏បង្កើតលក្ខខណ្ឌសម្រាប់កូនចៅជំនាន់ក្រោយក្នុងការប្រកបរបរចិញ្ចឹមជីវិតពីអាជីពនេះទៀតផង។ ខ្ញុំសង្ឃឹមថា ក្រោយមកនឹងមានម៉ាក់យីហោជាងទងប្រាក់ Dinh Cong ដើម្បីយើងអាចរៀបចំផែនការកសាងទៅជាភូមិរបរទេសចរណ៍ប្រពៃណី”។

ដោយមានការខិតខំប្រឹងប្រែងពីជាងរបរនិងអាជ្ញាធរ មុខរបរជាងទងប្រាក់ Dinh Cong ជាប្រពៃណីកំពុងត្រូវបានអភិរក្ស ផ្សព្វផ្សាយ និងអភិវឌ្ឍន៍ជាជំហានៗ។ មិនត្រឹមតែជាផលិតផលគ្រឿងអលង្ការដោយមានតម្លៃសេដ្ឋកិច្ចសុទ្ធសាធទេ ជាងទងប្រាក់ក៏ជាតម្លៃវប្បធម៌របស់ទឹកដី Thang Long ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ