ខេត្ត Binh Duong ជួយឧបត្ថម្ភប្រជាកសិករប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងផលិតកម្ម

(VOVWORLD) - ប្រជាកសិករជាច្រើននៅខេត្ត Binh Duong បាននិងកំពុងជំរុញខ្លាំងផលិតកម្មកសិកម្ម ដែលប្រើប្រាស់បច្ចេកវិទ្យាជឿនលឿនប្រកបដោយជោគជ័យ ហើយនាំមកនូវតម្លៃសេដ្ឋកិច្ចខ្ពស់។ ដើម្បីសម្រេចបានលទ្ធផលទាំងនេះ នារយៈពេលកន្លងទៅ វិទ្យាស្ថានអភិវឌ្ឍន៍កម្មវិធីសាកលវិទ្យាល័យ Thu Dau Mot (សាលារដ្ឋក្រោឱវាទគណៈកម្មាធិការប្រជាជនខេត្ត Binh Duong) បានសិក្សាស្រាវជ្រាវចេញកសិផលជាច្រើន និងផ្ទេរប្រគល់ជូនប្រជាកសិករវិញ។
ខេត្ត Binh Duong ជួយឧបត្ថម្ភប្រជាកសិករប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងផលិតកម្ម - ảnh 1លោក Vuong Van Minh ពិនិត្យផ្សិតមុនពេលប្រមូលផល។ រូបថត៖ Thiên Lý

ក្នុងឆ្នាំ ២០១៧ លោក Vuong Van Minh (អាយុ ៥៩ឆ្នាំ នៅសង្កាត់ Tuong Binh Hiep ទីក្រុង Thu Dau Mot) បានស្គាល់ដល់វិទ្យាស្ថានអភិវឌ្ឍន៍កម្មវិធីនៃសាកលវិទ្យាល័យ Thu Dau Mot។ ដោយទទួលបានការពិគ្រោះយោបល់ពីអ្នកស្រាវជ្រាវនៃវិទ្យាស្ថានពិគ្រោះយោបល់ លោកបានសាកល្បងដាំផ្សិត linh chi ក្រហម និងផ្សិតចម្បើង។ មកទល់នឹងពេលនេះ លោកមានកសិដ្ឋានដាំផ្សិតចំនួន ២ កន្លែង ដោយទទួលបានប្រាក់ចំណូលប្រចាំឆ្នាំប្រហែលពី ២០០ ទៅ ៣០០ លានដុង (៨ ០០០ ទៅ ១២ ០០០ ដុល្លារអាមេរិក) ។ លោក Vuong Van Minh បានឲ្យដឹងថា៖

“នៅពេលចាប់ផ្ដើមអាជីវកម្ម វិទ្យាស្ថានបានជួយឧបត្ថម្ភខ្ញុំច្រើនណាស់ ចាប់ពីការត្រៀមបណ្ដុះពូជឲ្យមានគុណភាព រហូតដល់បច្ចេកទេសដាំដុះ ធានាប្រសិទ្ធភាពតាមតម្រូវការ។ វិទ្យាស្ថានកីបានបង្កលក្ខណៈងាយស្រួលដល់ខ្ញុំទៅទស្សនាកសិដ្ឋានគំរូ ដើម្បីសិក្សារៀនសូទ្រពីបទពិសោធន៍ផងដែរ”។

លោក Nguyen Thanh Tin នាយកក្រុមហ៊ុនបច្ចេកទេស និងបច្ចេកវិទ្យា  Vu Mon បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនមានតែពីរប្រភេទគឺតែ Nguyet Lien ទទួលទាននៅពេលយប់ដើម្បីជួយឱ្យគេងលក់ស្រួល និងតែ Nhat Lien សម្រាប់ទទួលទាននៅពេលថ្ងៃ ដែលត្រូវបានអតិថិជននិយមចូលចិត្តជ្រើសរើស ក្នុងនោះមានអតិថិជនជាច្រើននៅទីផ្សារសហរដ្ឋអាមេរិក។ ក្រុមហ៊ុនកំពុងឆ្ពោះទៅការនាំពាណិជ្ជសញ្ញាតែទាំងនេះទៅកាន់ប្រទេសដទៃទៀត៖

“ផលិតផលត្រូវបាននាំចេញទៅកាន់ទីផ្សារបរទេសគឺជាមោទនភាពរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនមានជួរបុគ្គលិកប្រចាំនៅតំបន់ដាំដុះ ហើយជានិច្ចកាលជួយណែនាំដល់ប្រជាជនឲ្យយល់ដឹងអំពីផលិតផល Organic (អាហារសរីរាង្គ)។ នៅពេលដែលជួរបុគ្គលិកឃ្លាំមើល និងបងប្អូនប្រជាកសិកស្រុះចិត្តគំនិតគ្នាអនុវត្តន៍ ប្រាកដណាស់ថា ផលិតផលនឹងធានាបាននូវគុណភាព ចាប់ពីការគ្រប់គ្រងធាតុចូល រហូតដល់ធាតុចេញសម្រាប់ការនាំចេញ”។

យោងតាមលោកស្រីបណ្ឌិត Nguyen Thi Lien Thuong នាយិការវិទ្យាស្ថានស្រាវជ្រាវនៃសាកលវិទ្យាល័យ Thu Dau Mot បានឲ្យដឹងថា ដោយមានជួរអ្នកវិទ្យាសាស្ត្រជាង ៦០ នាក់លើវិស័យម្ហូបអាហារ ឱសថ ជីវបច្ចេកវិទ្យា និងគីមីវិទ្យា វិទ្យាស្ថានបានដាក់ចេញគោលដៅស្រាវជ្រាវ ផលិតផលជាច្រើន ដើម្បីជួយឧបត្ថម្ភសហគ្រាស និងក្រុមគ្រួសារកសិករលើកម្ពស់តម្លៃកសិផល និងអភិវឌ្ឍន៍វិស័យកសិកម្មវៀតណាម៖

“អាស្រ័យលើតម្រូវការរបស់សហគ្រាសលើវិស័យណាមួយ យើងខ្ញុំបានប្រមូលផ្តុំជួរអ្នកជំនាញដ៏ល្អបំផុតលើវិស័យនោះ ហើយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗបំផុតរបស់ពិភពលោក សមស្របនឹងលក្ខ័ណ្ឌនិងលក្ខណៈផលិតផល ដើម្បីបង្កើតផលិតផលសមស្រប។ លទ្ធផលសិក្សាស្រាវជ្រាវរបស់យើងខ្ញុំត្រូវបានប្រើប្រាស់ជាក់ស្ដែងតាមសហគ្រាស បង្កើតកម្លាំងចលករ ការប្រកួតប្រជែងរបស់សហគ្រាសក្នុងប្រទេសចំពោះសហគ្រាសបរទេស។ គោលដៅរបស់វិទ្យាស្ថានគឺពង្រីកសក្តានុពល មិនត្រឹមតែនាំចេញឆៅប៉ុណ្ណោះទេ ថែមទាំងនាំចេញផលិតផលបច្ចេកវិទ្យាខ្ពស់សម្រាប់វិស័យកសិកម្មទៀតផង”។

ខេត្ត Binh Duong ជួយឧបត្ថម្ភប្រជាកសិករប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងផលិតកម្ម - ảnh 2ភ្ញៀវទេសចរបរទេសមកទស្សនាតំបន់តាំងបង្ហាញផលិតផលនៃវិទ្យាស្ថានស្រាវជ្រាវនៃសាកលវិទ្យាល័យ Thu Dau Mot។ រូបថត៖ Thiên Lý

បច្ចុប្បន្ននេះ វិទ្យាស្ថានអភិវឌ្ឍន៍កម្មវិធីនៃសាកលវិទ្យាល័យ Thu Dau Mot មានមុខងារសំខាន់ៗចំនួនពីរគឺ បណ្តុះបណ្តាល និងសិក្សាស្រាវជ្រាវផ្ទេរប្រគល់បច្ចេកវិទ្យា។ នាពេលខាងមុខ វិទ្យាស្ថាននឹងផ្ដល់អាទិភាពជូនវិទ្យាស្ថាន ដើម្បីផ្តោតសំខាន់លើការសិក្សាស្រាវជ្រាវ ជួយឧបត្ថម្ភក្រុមគ្រួសារ សហគ្រាសនានាក្នុងការបណ្ដុះ ដាំដុះ និងផលិតកម្ម។ លោក Nguyen Quoc Cuong នាយកសកលវិទ្យាល័យ Thu Dau Mot មានប្រសាសន៍ថា៖

“វិទ្យាស្ថាននឹងខិតខំប្រឹងប្រែងជួយឧបត្ថម្ភថវិកាតាមរយៈប្រភពមូលនិធិប្រតិបត្តិការ។ វិទ្យាស្ថានក៏កំពុងសិក្សាស្រាវជ្រាវសម្រាប់វិទ្យាស្ថាន ដើម្បីបង្កើតសហគ្រាសផងដែរ។ ជាមួយគ្នានោះ វិទ្យាស្ថានគ្រោងនឹងបង្កើតមជ្ឈមណ្ឌលកម្មសិទ្ធិបញ្ញា និងផ្ទេរប្រគល់បច្ចេកវិទ្យា ជាមួយមុខងារតភ្ជាប់ ជួយឧបត្ថម្ភផ្នែកបែបបទ សម្រាប់វិទ្យាស្ថានមានពេលវេលាផ្តោតលើការស្រាវជ្រាវផងដែរ”។

ខេត្ត Binh Duong បានដាក់ចេញគោលដៅដល់ឆ្នាំ ២០២៥ នឹងនាំតម្លៃផលិតកម្មកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកើនឡើងពី ២,៥ ទៅ ៣% ក្នុងមួយឆ្នាំ; អត្រាតម្លៃផលិតកម្មកសិកម្មដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ស្រូបជាង ៣០% ។ ដើម្បីជួយឧបត្ថម្ភប្រជាកសិករផ្លាស់ប្ដូរផលិតកម្មទៅការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ខេត្តក៏បានអនុវត្តន៍គោលនយោបាយជួយឧបត្ថម្ភសម្រាប់ការសិក្សាស្រាវជ្រាវ ផលិតកម្មលើវិស័យកសិកម្ម។ តាមនោះ បង្កើតគំរូល្អៗ និងរបៀបធ្វើថ្មីៗជាច្រើន នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ