ខេត្ត Ca Mau អភិវឌ្ឍន៍ពាណិជ្ជសញ្ញាស្រូវគ្មានជាតិគីមី
(VOVWORLD) - ដោយមានផ្ទៃដីដាំដាំណាំស្រូវ - ចិញ្ចឹមបង្គាធំបំផុតនៅទូទាំងប្រទេសនោះ ខេត្ត Ca Mau ធម្មជាតិភាពអំណោយផលជាច្រើន ក្នុងការអភិវឌ្ឍការដាំដាំណាំស្រូវដោយគ្មានជាតិគីមី ដើម្បីឆ្លើយតបនឹងស្តង់ដារនាំចេញ។ ដោយស្ថានភាព ពីភាពអំណោយផលទាំងនេះ ខេត្តបានកសាងពាណិជ្ជសញ្ញា“ ស្រូវគ្មានជាតិគីមី Thoi Binh” ហើយត្រូវបាននាយកដ្ឋានកម្មសិទ្ធិបញ្ញា (ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា) ទទួលស្គាល់។
ប្រជាកសិករធ្វើស្រែនៅស្រុក Thoi Binh |
ដើម្បីបន្តអភិវឌ្ឍន៍ពាណិជ្ជសញ្ញាស្រូវគ្មានជាតិគីមីនោះ ខេត្ត Ca Mau បានតម្រង់ទិសដៅកសាងង់តំបន់វត្ថុធាតុដើមស្រូវគ្មានជាតិគីមីនៅលើផ្ទៃដីចញ្ចឹមបង្គា ដែលរួមផ្សំជាមួយការធ្វើទេសចរណ៍អេកូឡូស៊ី ដើម្បីបង្កើតជំហានអភិវឌ្ឍន៍ផងដែរ។ គ្រួសាររបស់លោក Tran Van Thien នៅឃុំ Tri Luc ស្រុក Thoi Binh ខេត្ត Ca Mau មានផ្ទៃដីដាំដុះស្រូវ និងចិញ្ចឹមបង្គាចំនួន ១,៥ ហិកតា។ ជារៀងរាល់ឆ្នាំ នៅពេលរដូវវស្សាមកដល់ ក្រុមគ្រួសាររបស់លោកបានដាំស្រូវលើផ្ទៃដីប្រមាណ ១ ហិកតា។ ក្រោយរយៈពេលច្រើនឆ្នាំ ដែលផ្ទៃដីរងការជ្រាបចូលទឹកប្រៃបានជាលោកជួបការលំបាកក្នុងការដាំស្រូវ ចិញ្ចឹមបង្គាហើយជួនកាលទទួលការខាតបង់ទាំងអស់ផងដែរ។ ដើម្បីស្វែងរកទិសដៅថ្មី នៅឆ្នាំ ២០១៨ ក្រុមគ្រួសាររបស់លោកបានចូលរួមសហករណ៍សេវាកម្ម ផលិតកម្មស្រូវ បង្គា Tri Luc។ លោក និងបងប្អូនកសិករក្នុង សហករណ៍បានចាប់ផ្តើមធ្វើតាមដំណើរការនៃការដាំដុះស្រូវសរីរាង្គសម្រាប់នាំចេញ។ បណ្ដាក្រុមគ្រួសារដែលចូលរួមសហការណ៍គឺត្រូវតែធានាស្តង់ដារតឹងរឹងបំផុត ចាប់ពីការកែលម្អដីរហូតដល់ការកំចាត់ដង្កូវសត្វល្អិតចង្រៃ។ ក្នុងអំឡុងពេលរដូវដាំដុះ ប្រជាកសិកមិនត្រូវបានអនុញ្ញាតឱ្យប្រើជីឬសារធាតុគីមីណាមួយឡើយ។ ប្រជាកសិករក៏បានប្តូរពីការដាំដុះពូជស្រូវដែលមានគុណភាពទាបទៅជាដាំណាំពូជស្រូវដែលផ្តល់ទិន្នផលខ្ពស់ដូចជា ST24 ។ ក្រោយរយៈពេល ២ ឆ្នាំ នៃការអនុវត្តការដាំដុះមក គ្រួសារលោក Thiet ទទួលបាន ទិន្នផលស្រូវខ្ពស់ជាងប្រមាណ ១០ %ក្នុងរដូវកាលដាំដុះនីមួយៗ។ ជាពិសេសផលិតផលអង្ករជាប់ស្តង់ដារ ហើយអាចនាំចេញមិនថាទីផ្សារណាមួយឡើយ។ លោក Tran Van Thiet បានចែករំលែកថា៖ “គ្រួសាររបស់ខ្ញុំបានដាំដុះស្រូវលើផ្ទៃដី ១ ហិកតា។ ចាប់តាំងពីថ្ងៃដែលខ្ញុំបានប្តូរទៅដាំដុះស្រូវគ្មានជាតិគីមី ST24 នោះ ប្រាក់ចំណេញបានកើនឡើងប្រមាណ ២០ % បើប្រៀបធៀបនឹងឆ្នាំមុន ៗ”។
សហករណ៍សេវាកម្ម ផលិតកម្មស្រូវ បង្គារ Tri Luc ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៨ ដោយមានសមាជិកចំនួន ១៥ នាក់ជាមួយនឹងផ្ទៃដីផលិតកម្មប្រមាណ ៥០ ហិកតាតែប៉ុណ្ណោះ។ នៅឆ្នាំ ២០១៩ សហករណ៍មានស្រូវ សរីរាង្គ ជាប់ស្តង់ដា ចំនួន ១១៧ ហិកតា ហើយមានស្រូវជាប់ស្ដង់ដាគ្មានជាតិគីមីប្រមាណ ៧០០ ហិកតា។ ក្នុងឆ្នាំនេះ មានគ្រួសារចំនួន ៥៤០ គ្រួបានសហការណ៍ជាមួយសហករណ៍ ដើម្បីអនុវត្តដំណើរការដាំដុះស្រូវសរីរាង្គ។ តាមផែនការនឹងមានស្រូវជាប់ស្តង់ដារស្រូវសរីរាង្គចំនួន ២០០ ហិកតា សម្រាប់នាំចេញទៅកាន់ទីផ្សារ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងជប៉ុន។ លោក Le Van Mua នាយកសហករណ៍ Tri Luc បានឲ្យដឹងថា៖ “ការធ្វើស្រូវសរីរាង្គត្រូវតែអនុវត្តតាមដំណើរការ។ ដំបូងឡើយ ប្រជាកសិករក៏ជួបការលំបាកជាច្រើន ប៉ុន្តែក្រោយមកពួកគេបានជំនះពុះពាលើការលំបាកទាំងនេះ។ ការដាំដុះស្រូវសរីរាង្គមានផលចំណេញច្រើនជាង ថែមទាំងជួយការពារបរិស្ថានទៀតផង។ អាចនិយាយបានថា ការដាំដុះស្រូវសរីរាង្គគឺមិនប្រើប្រាស់ជាតិគីមី ដើម្បីលក់ចេញនៅទីផ្សារ”។
នាបច្ចុប្បន្ននេះ នៅខេត្ត Thoi Binh មិនត្រឹមតែមាន សហករណ៍ Tri Luc បានពង្រីកផ្ទៃដីដាំដុះស្រូវតាមដំណើរការគ្មានជាតិគីមីប៉ុណ្ណោះទេ ថែមទាំងមានសហករណ៍ជាច្រើនទៀតបានសហការជាមួយប្រជាកសិករ ដើម្បីអនុវត្តន៍គំរូនេះទៀតផង។ ដោយឈរលើមូលដ្ឋាននេះ ក្នុងឆ្នាំ ២០១៩ នាយកដ្ឋានកម្មសិទ្ធិបញ្ញា (ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា) បានទទួលស្គាល់ពាណិជ្ជសញ្ញាបញ្ជាក់ “ ស្រូវគ្មានជាតិគីមី Thoi Binh ” សម្រាប់ស្រុក។ ក្នុងឆ្នាំ ២០២០ ស្រុក Thoi Binh នឹងអនុវត្តការដាំដុះលើផ្ទៃដីចំនួន ៨០០ ហិកតាក្នុងចំណោមផ្ទៃដីដាំដុះស្រូវ និងចិញ្ចឹមបង្គារប្រមាណ ២០ ០០០ ហិកតាតាមដំណើរការដាំដុះស្រូវសរីរាង្គ។
នាបច្ចុប្បន្ននេះ ស្ថាប័នមានសមត្ថកិច្ចស្រុក Thoi Binh កំពុងអនុវត្តន៍ផែនការអភិវឌ្ឍម៍តំបន់វត្ថុធាតុដើមដាំដុះស្រូវគ្មានជាតិគីមី រួមផ្សំជាមួយអេកូទេសចរណ៍ ដើម្បីពង្រីកប្រៀបខ្លាំងរបស់ស្រុក។ លោក Nguyen Hoang Lam ប្រធានការិយាល័យកសិកម្ម - អភិវឌ្ឍន៍ជនបទស្រុក Thoi Binh បានឲ្យដឹងថា៖ “ដើម្បីថែរក្សាពាណិជ្ជសញ្ញា“ អង្ករគ្មានជាតិគីមី Thoi Binh ” នោះ យើងខ្ញុំ បានកសាងសេចក្ដីសម្រេចចិត្តជំនាញជាច្រើន។ ក្នុងនោះមានសេចក្ដីសម្រេចចិត្តស្ដីពីការដាំដុះស្រូវសរីរាង្គដោយរួមផ្សំនឹងអេកូទេសចរណ៍ សហគមន៍។ ដំបូងឡើយ យើងខ្ញុំកំពុងបន្តអំពាវនាវដល់សហគ្រាសនានាចុះហត្ថលេខាលើកិច្ចសន្យាប្រមូលទិញផលិតផលស្រូវ។ ទាក់ទងនឹងអេកូទេសចរណ៍នោះ ស្រុកកំពុងកសាងភូមិអេកូទេសចរណ៍ ដើម្បីអភិវឌ្ឍទេសចរណ៍ឆ្លងកាត់បទពិសោធន៍ផងដែរ”។
នាបច្ចុប្បននេះ ខេត្ត Ca Mau ទាំងមូលមានផ្ទៃដីដាំដុះស្រូវ ចិញ្ចឹមបង្គាប្រមាណ ៤ ម៉ឺនហិកតា ក្នុងនោះ ប្រមូលផ្តុំភាគច្រើននៅស្រុក Thoi Binh។ នាពេលថ្មីៗនេះអាជ្ញាធរមូលដ្ឋាននិងប្រជាជនបានយកចិត្តទុកដាក់ក្នុងការកសាងពាណិជ្ជសញ្ញា“ ស្រូវគ្មានជាតិគីមី Thoi Binh” ។ ក្នុងការអភិវឌ្ឍគំរូដាំដំណាំស្រូវគ្មានជាតិគីមីនោះ ប្រជាកសិករបានចិញ្ចឹមជលផលជាច្រើនប្រភេទ ដូចជា បង្គារ និងក្ដាម។ នាពេលខាងមុខ គំរូចិញ្ចឹមជលផលទាំងនេះ ត្រូវបានតម្រង់ទិសដៅចិញ្ចឹមតាមស្តង់ដារគ្មានជាតិគីមី ដើម្បីកសាង តំបន់ដីគ្មានជាតិគីមី ក៏ដូចជាឆ្ពោះទៅរកការអភិវឌ្ឍទេសចរណ៍សហគមន៍ផងដែរ៕