ខេត្ត Gia Lai អភិរក្ស និងអភិវឌ្ឍរបរតម្បាញចរបាប់ដោយផ្សារភ្ជាប់ជាមួយទេសចរណ៍

(VOVWORLD) - របរតម្បាញចរបាប់គឺជារបរប្រពៃណីដ៏យូរអង្វែង ផ្សារភ្ជាប់ជាមួយជីវភាពខាងវប្បធម៌របស់ជនជាតិ Jrai និង Bahnar នៅខេត្ត Gia Lai ។ ដើម្បីអភិរក្ស និងរីកសាយភាយតម្លៃដ៏វិសេសវិសាលនៃចរបាប់បង្កើតឱកាសថ្មីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដែលផ្សារភ្ជាប់ជាមួយទេសចរណ៍ ខេត្ត Gia Lai បាននិងកំពុងមានកម្មវិធី និងរបៀបធ្វើច្នៃប្រឌិតជាច្រើន។
ខេត្ត Gia Lai អភិរក្ស និងអភិវឌ្ឍរបរតម្បាញចរបាប់ដោយផ្សារភ្ជាប់ជាមួយទេសចរណ៍ - ảnh 1ខេត្ត Gia Lai អភិរក្ស និងអភិវឌ្ឍរបរតម្បាញចរបាប់ដោយផ្សារភ្ជាប់ជាមួយទេសចរណ៍

នៅពេលទំនេរពីការងារកសិកម្ម បងប្អូននារីជនជាតិ Bahnar ជិត៣០នាក់ក្នុងក្រុមតម្បាញភូមិ ៥ ឃុំ Pờ Tó ស្រុក Ia Pa ខេត្ត Gia Lai បានរួមគ្នាតម្បាញ ក្រោមដំបូលផ្ទះឈើផុតពីដី។

មនុស្សចាស់ជាងគេមានអាយុលើសពី ៥០ ឆ្នាំ ប៉ុន្តែក៏មានក្មេងស្រីជំទង់ផងដែរ។ ពួកគេបានរួមគ្នាត្បាញលំនាំក្បូរក្បាច់ប្រពៃណី ឬបង្កើតលំនាំក្បូរក្បាច់ថ្មីនៅលើអាវ និងសំពត់។ អ្នកស្រី Dinh Nhu នៅភូមិ ៥ ឃុំ Po To បានឲ្យដឹងថា៖

“កាលពីមុន ជីដូន និងជីតាបានបង្រៀនឲ្យពូមីង។ ក្នុងយុគសម័យថ្មី បងប្អូននារីបាន សិក្សារៀនសូត្របន្ថែម។ ក្រោយមកខ្ញុំបានបង្រៀនក្មេងជំនាន់ក្រោយ ដែលមានអាយុ ១៦ និង ១៨ ឆ្នាំ ព្រមទាំងសិក្សារៀនសូត្របន្ថែម”។

នៅឃុំ Ia M'nong ស្រុក Chu Pah ខេត្ត Gia Lai បងប្អូននារីជនជាតិ Jrai ក្នុងក្លឹបតម្បាញភូមិ Kép ២ បានជ្រើសរើសផ្ទះឈើផុតពីដីមួយនៅចំកណ្តាលភូមិធ្វើជាកន្លែងតម្បាញ និងតាំងបង្ហាញផលិតផលចរបាប់។ នេះគឺជាគោលដៅក្នុងដំណើរទេសចរណ៍សហគមន៍ភូមិ Kép ២។ អញ្ជើញមកទីនេះ ភ្ញៀវទេសចរបានឃើញផ្ទាល់ភ្នែកនារីជនជាតិ Jrai តម្បាញចរបាប់ ហើយបានគយគន់ភាពស្រស់ស្អាតនៃលំនាំក្បូរក្បាច់ចរបាប់នៅលើអាវ សំពត់ កាបូបយួរដៃ ហើយត្រូវបានត្បាញសាកល្បងតាមរយៈកីតម្បាញ និងជ្រើសរើសវត្ថុអនុស្សាវរីយ៍។ អ្នកស្រី H' Uyen Nie ប្រធានក្លឹបតម្បាញបានឲ្យដឹងថា នាបច្ចុប្បន្ននេះមានអាជីវកម្មបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្លឹប បើកឱកាសថ្មីសម្រាប់ការអភិរក្ស និងអភិវឌ្ឍរបរតម្បាញប្រពៃណី។ អាស្រ័យហេតុនេះ ផលិតផលមានកន្លែងបញ្ចេញលក់ ហើយបងប្អូននារីមានប្រាក់ចំណូលប្រហែល ៥ លានដុង (២០០ ដុល្លារអាមេរិក) ក្នុងមួយខែ៖

“សមាគមនារីយើងខ្ញុំបានផ្លាស់ប្តូររបៀបធ្វើ អភិវឌ្ឍន៍ផលិតផលចរបាប់ទៅជាវត្ថុអនុស្សាវរីយ៍។ ឧទាហរណ៍ថា យើងខ្ញុំអាចប្រើប្រាស់ផ្ទាំងក្រណាត់ចរបាប់នេះ ដើម្បីធ្វើជាកាបូប អាវ និង ក្រវិល ហើយតាមនោះឆ្លើយតបនឹងតម្រូវការរបស់អតិថិជននៅពេលពួកគេមកដកពិសោធន៍។ សិប្បករទទួលបានសមិទ្ធិផលរបស់ខ្លួនដោយផ្ទាល់ ហើយតាមនោះសិប្បករមានកម្លាំងចលករ ជក់ចិត្តបន្ថែម ដើម្បីថែរក្សាអត្តសញ្ញាណវប្បធម៌”។

នៅឃុំ Gla ស្រុក Dac Doa ជាមួយនឹងការបង្កើត និងរក្សាប្រតិបត្តិការក្រុមសហការតម្បាញចរបាប់ ក្នុងរយៈពេលជិត ១០ ឆ្នាំកន្លងទៅ ពលករជាង ១០០ នាក់ ជាមួយនឹងកីតម្បាញរាប់រយបានបង្កើតផលិតផលដ៏វិសេសវិសាលជាច្រើន ពោរពេញទៅដោយលក្ខណៈវប្បធម៌របស់បងប្អូនជនជាតិភាគតិចនៅតំបន់ខ្ពង់រាបកណ្តាល។ ដើម្បីថែរក្សារបរតម្បាញចរបាប់ប្រពៃណី ឃុំ Gla បានបង្កើតគម្រោង ព្រមទាំងមានការលើកទឹកចិត្តខាងស្មារតី ក៏ដូចជាខិតខំប្រឹងប្រែងខាងសំភារៈ សម្រាប់ក្រុមសហការប្រតិបត្តិការ និងអភិវឌ្ឍន៍។ រោងតម្បាញរបស់បងប្អូននារីជនជាតិ Bahnar ក៏បានក្លាយទៅជាអាសយដ្ឋានក្នុងដំណើរទេសចរណ៍ ហើយភ្ញៀវទេសចរមានបំណងចង់ទៅទស្សនា។

ខេត្ត Gia Lai អភិរក្ស និងអភិវឌ្ឍរបរតម្បាញចរបាប់ដោយផ្សារភ្ជាប់ជាមួយទេសចរណ៍ - ảnh 2ខេត្ត Gia Lai អភិរក្ស និងអភិវឌ្ឍរបរតម្បាញចរបាប់ដោយផ្សារភ្ជាប់ជាមួយទេសចរណ៍

នាបច្ចុប្បន្ននៅទូទាំងខេត្ត Gia Lai មានក្លឹបតម្បាញចរបាប់ជាង ១០០ ហើយមាននារីជាង ១៦០០ នាក់បានចូលរួម។ តួរលេខនេះកំពុងបន្តកើនឡើង នៅពេលដែលរបរតម្បាញចរបាប់ត្រូវបានខេត្តយកចិត្តទុកដាក់ផ្សព្វផ្សាយដូចជាផលិតផលវប្បធម៌ដ៏សំខាន់សម្រាប់អភិវឌ្ឍន៍ទេសចរណ៍។ លោកស្រី Nguyen Thi Thanh Lich អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Gia Lai បានឲ្យដឹងថា គោលដៅរបស់ខេត្តគឺអភិរក្ស ផ្សព្វផ្សាយ និងនាំផលិតផលចរបាប់ឲ្យក្លាយទៅជាទំនិញលើវិស័យទេសចរណ៍ក្នុងតំបន់៖

“យើងខ្ញុំមានគោលបំណងចង់លើកតម្កើងសិល្បករ និងអ្នកស្រាវជ្រាវដែលមានផលិតផលពោរពេញទៅដោយលក្ខណៈសិល្បៈ។ យើងខ្ញុំក៏មានគោលបំណងមិនត្រឹមតែផ្សព្វផ្សាយ ឧទ្ទេសនាមផលិតផលប៉ុណ្ណោះទេ ថែមទាំងបង្កើតផលិតផលសេដ្ឋកិច្ច ផ្សព្វផ្សាយដល់ភ្ញៀវទេសចរ រួមផ្សំទៅជាផលិតផលពាណិជ្ជកម្ម រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ខេត្ត Gia Lai ទៀតផង”។

ខេត្ត Gia Lai បាននាំការត្បាញចរបាប់ឲ្យក្លាយទៅជាខ្លឹមសារដ៏សំខាន់ក្នុងគម្រោង “អភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់បណ្ដាជនជាតិភាគតិច ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍” នៃកម្មវិធីគោលដៅជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១ - ២០៣០។ បច្ចុប្បន្ននេះ ផលិតផលចរបាប់ត្រូវបានតាំងបង្ហាញ និងឧទ្ទេសនាមក្នុងកម្មវិធីសម្តែងគងឃ្មោះចុងសប្តាហ៍ ដែលត្រូវបានរៀបចំជាប្រចាំនៅទីលានមហាសាមគ្គី មជ្ឈមណ្ឌលទីក្រុង Pleiku ខេត្ត Gia Lai៕

ប្រតិកម្មទៅវិញ

ផ្សេងៗ