ខេត្ត Lao Cai អភិរក្ស និងអភិវឌ្ឍន៍ភូមិរបរប្រពៃណី

(VOVWORLD) - រហូតមកដល់បច្ចុប្បន្នខេត្ត Lao Cai មានភូមិរបរចំនួន ៣០ ក្នុងនោះមានភូមិរបរប្រពៃណីចំនួន ២០ ហើយភាគច្រើនជារបរត្បាញចរបាប់  ចម្លាក់ប្រាក់ ធ្វើធូប ត្បាញឫស្សីនិងផ្តៅ និងចាក់ពុម្ភជាដើម។ ការអភិរក្ស និងអភិវឌ្ឍន៍ភូមិរបរ និងរបរប្រពៃណីមិនត្រឹមតែបានរួមចំណែកពង្រីកតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិនីមួយៗ និងតំបន់នីមួយៗប៉ុណ្ណោះទេ ថែមទាំងជួយកែលម្អជីវភាពរស់នៅរបស់ប្រជាជន ដោយបានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងតំបន់ទៀតផង។
ខេត្ត Lao Cai អភិរក្ស និងអភិវឌ្ឍន៍ភូមិរបរប្រពៃណី - ảnh 1ស្ត្រីជនជាតិ Tay នៅឃុំ Nghia Do (ស្រុក Bao Yen) កំពុងត្បាញ់ក្រណត់  (រូបថត៖ dangcongsan.vn)

មុខរបរ និងភូមិរបរប្រពៃណីមួយចំនួននៅខេត្ត Lao Cai បានក្លាយទៅជាពាណិជ្ជសញ្ញាដ៏ល្បីឈ្មោះ។ នោះគឺភូមិរបរចរបាប់ ជាមួយនឹងអាសយដ្ឋាន ដែលត្រូវបានភ្ញៀវទេសចរស្គាល់ដល់ដូចជាភូមិរបរកាត់ដេរ ប៉ាក់ចរបាប់ភូមិ  Ngai Tro (ឃុំ Y Ty ស្រុក Bat Xat); ភូមិរបរកាត់ដេរ ប៉ាក់ចរបាប់ភូមិ Ni Xi (ឃុំ Pha Long ស្រុក Muong Khuong); ភូមិត្បាញចរបាប់របស់ជនជាតិ Tay ឃុំ Nghia Do (ស្រុក Bao Yen); ភូមិរបរប៉ាក់ចរបាប់របស់ជនជាតិ Giay នៅឃុំ Ta Van (ទីរួមស្រុក Sa Pa); ភូមិរបរតម្បាញក្រណាត់របស់ជនជាតិ Thu Lao ឃុំ Ta Gia Khau (ស្រុក Muong Khuong)។ ទន្ទឹមនឹងនេះ ខេត្ត Lao Cai ក៏មានរបរប្រពៃណីដទៃទៀត ដែលអាចក្លាយទៅជាផលិតផលទេសចរដូចជារបរតម្បាញរបស់ជនជាតិ Ha Nhi នៅឃុំ Y Ty (ស្រុក Bat Xat); របរចាក់ពុម្ភផាលនង្គ័លរបស់ជាតិ Mong នៅឃុំ Ban Pho និង ឃុំ Na Hoi (ស្រុក Bac Ha); របរធ្វើធូបរបស់ជនជាតិ Giay នៅស្រុក Bat Xat និងជនជាតិ Mong នៅស្រុក Si Ma Cai។ ជាពិសេស ផលិតផលចរបាប់របស់ក្លឹបចរបាប់នារី Xa Pho ឃុំ Nam Sai ស្រុក Sa Pa ត្រូវបាននាំចេញទៅកាន់ប្រទេសមួយចំនួនដូចជា អាមេរិក អ៊ីតាលី បារាំង ជប៉ុន និងអូស្ត្រាលីជាដើម។

ក្លឹបអន្តរជំនាន់ ត្បាញឫស្សី និងផ្តៅ នៅឃុំ Muong Bo ទីរួមស្រុក Sa Pa ដោយមានកម្លាំងស្នូលគឺសុទ្ធតែជាមនុស្សវ័យចំណាស់។ ក្រោយរយៈពេល ១ ឆ្នាំ ធ្វើសកម្មភាពមក ក្លឹបបានចេញលក់ផលិតផលទាំងប្រពៃណី និងទំនើបគួរឲ្យទាក់ទាញជាច្រើន ដោយទទួលបានចំណាប់អារម្មណ៍ពីទីផ្សារ។ លោក Nong Van Hoc សមាជិកក្លឹបឫស្សី និងផ្តៅ ឃុំ Muong Bo បានចែករំលែកថា៖ “យើងខ្ញុំបានខិតខំប្រឹងប្រែងរួមគ្នាធ្វើការ។ ដើម្បីផលិតចេញនូវផលិតផលស្ដាតៗ ហើយត្រូវបានអតិថិជននិយមចូលចិត្តនោះ យើងខ្ញុំបានធ្វើការរួមគ្នា ដើម្បីផលិតចេញផលិតផលដ៏វិសេសវិសាល ដោយឆ្លើយតបនឹងតម្រូវការរបស់អតិថិជនផងដែរ”។

នៅឃុំ Vo Lao ស្រុក Van Ban មានក្រុមមនុស្សចំនួន ៤ នាក់ ដែលមានចំណង់ចំណូលចិត្តដេរប៉ាក់ផលិតផលចរបាប់ និងសំលៀកបំពាក់ប្រពៃណីរបស់ជនជាតិ Tay ដែលកំពុងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដោយទទួលបានការនិយមចូលចិត្តពីសំណាក់អតិថិជន។ ដូច្នេះហើយ សមាជិកនីមួយៗទទួលបានប្រាក់ចំណូលពី ៦ ទៅ ៧ លានក្នុងមួយខែ។ អ្នកស្រី Hoang Thi Truc សមាជិកាម្នាក់នៃក្រុមបានឲ្យដឹងថា៖ “យើងខ្ញុំបានបែងចែកគ្នាធ្វើការជាកំណាត់ៗ អ្នកកាត់ដេរ អ្នកប៉ាក់ ហើយជួយសម្រួលការងារគ្នាទៀតផង។ នៅរដូវបង្កបង្កើនផលកសិកម្ម ទើបយើងខ្ញុំឈប់សម្រាប។ នៅពេលទំនេរពីការងារស្រែចំការ យើងខ្ញុំបានផ្ដោតសំខាន់លើការងារកាត់ដេរ”។ ការងារនេះមិនសូវហត់នឿវឡើយ ហើយទទួលបានប្រាក់ចំណូលប្រកបដោយស្ថិរភាពផងដែរ។

ខេត្ត Lao Cai អភិរក្ស និងអភិវឌ្ឍន៍ភូមិរបរប្រពៃណី - ảnh 2របរតម្បាញ់ឬស្សី ផ្ដៅរបស់ជនជាតិ Ha Nhi នៅឃុំ Y Ty (ស្រុក Bat Xat) (រូបថត៖ baodantoc.vn)

យោងតាមលោក Doan Van Vinh អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Vo Lao បានឲ្យដឹងថា របរដេរប៉ាក់របស់ជនជាតិ Tay មានសក្ដានុពល អភិវឌ្ឍន៍ ព្រោះថា ផលិតផលប្រពៃណីនេះ មិនត្រឹមតែទទួលបានចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងប្រជាជនគ្រប់រូបទៀតផង។ លោកបានឲ្យដឹងថា៖ “ការងាររបស់ក្រុមមិនត្រឹមតែបានបង្កើតផលិតផល ដើម្បីដាក់លក់នៅទីផ្សារប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារធ្វើជូនពលករនៅមូលដ្ឋានទៀតផង។ អាជ្ញាធរឃុំក៏បានតម្រង់ទិសដៅដល់លោកពូ អ្នកមីង ដើម្បីបន្តមរតក និងណែនាំដល់កូនចៅជំនាន់ក្រោយ សំដៅថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ប្រជាជាតិផងដែរ”។

រហូតមកដល់បច្ចុប្បន្ននេះ ខេត្ត Lao Cai មានផលិតផលជាង ១២០ មុខ ដែលមានស្តង់ដារផលិតផល OCOP (កម្មវិធីជាតិ៖ ឃុំមួយផលិតផលមួយ)។ ខេត្ត Lao Cai បានដាក់ចេញគោលដៅថា ដល់ឆ្នាំ ២០២៥ នឹងមានផលិតផល OCOP ប្រមាណ ១៥០ មុខ។ ផែនការរួមអភិវឌ្ឍន៍របរជនបទដល់ឆ្នាំ ២០២៥ និងតម្រង់ទិសដៅដល់ឆ្នាំ ២០៣៥ របស់ខេត្ត Lao Cai បានកំណត់យ៉ាងច្បាស់លាស់អំពីការអភិវឌ្ឍន៍ផលិតផលក្នុងទិសដៅប្រកបដោយនិរន្តរភាព ដោយផ្សារភ្ជាប់ជាមួយនឹងការអភិរក្ស និងពង្រីកតម្លៃវប្បធម៌របស់បណ្ដាជនជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ