ខេត្ត Son La កសាងពាណិជ្ជសញ្ញាផ្លែមៀន Mat Rong (ភ្នែកនាគ)
(VOVWORLD) - ដោយសារងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ ១៩ នោះ ការជួញដូរ និងការនាំចេញកសិផលកាន់តែជួបការលំបាកពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះហើយ បណ្ដាសហគ្រាសនៅខេត្ត Son La កំពុងជំរុញខ្លាំងការកែច្នៃ និងធ្វើពិពិធកម្មផលិតផល ជាពិសេសគឺទម្រង់កែច្នៃយ៉ាងស៊ីជម្រៅ រក្សាបានយូរ សំដៅកាត់បន្ថយសម្ពាធបញ្ចេញលក់ផ្លែស្រស់ៗ និងលើកកម្ពស់តម្លៃផលិតផល ដើម្បីទាក់ទាញទីផ្សារបរទេសជាច្រើន ក្នុងនោះមានផលិតផលផ្លែមៀនឈ្មោះ Mat Rong (ភ្នែកនាគ) ផងដែរ។
សកម្មភាពធ្វើមៀនក្រៀម (រូបថត៖ Tran Long/VOV) |
ដោយសាររងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ ១៩ នោះ នាខែកញ្ញា ឆ្នាំ ២០២០លោក Nguyen Duc Tuan រួមទាំងសមាជិកមួយចំនួននៅខេត្ត Son La បានបង្កើតក្រុមហ៊ុនភាគហ៊ុននាំចូលផ្លែឈើ Son La ដោយប្រកបអាជីវកម្មសំខាន់គឺកែច្នៃ និងរក្សាបន្លែ ផ្លែឈើ ក្នុងនោះផលិតផលដើមដំបូងដែលត្រូវកែច្នៃគឺផ្លែមៀន។
យោងតាមលោក Nguyen Duc Tuan នាយករងនៃក្រុមហ៊ុនភាគហ៊ុន នាំចូល-នាំចេញផ្លែឈើ Son La បានឲ្យដឹងថា ក្រុមហ៊ុនបានវិនិយោគលើឡសម្ងួតចំនួន ៥ ដែលត្រូវបានកែលម្អ បន្ទាប់មកនាំកម្ដៅស្អាតតាមរយៈប្រព័ន្ធបំពង់ចូលទៅក្នុងទូសម្ងួត។ វិធីនេះជួយធ្វើឱ្យកំដៅនៅក្នុងទូសម្ងួត ជាពិសេសគឺគ្មានឧស្ម័ន CO2 ជាប់នឹងផលិតផលដូចទៅនឹងរបៀបសម្ងួតបែបប្រពៃណី។ ដូច្នេះគុណភាពនៃផ្លែមៀនត្រូវបានធានាពីការរចនា ពណ៌ រហូតដល់អនាម័យ សុវត្ថិភាពម្ហូបអាហារ ដោយឆ្លើយតបនឹងតម្រូវការនាំចេញទៅកាន់ទីផ្សារ ដែលមានស្តង់ដារខ្ពស់ដូចជា រុស្ស៊ី តៃវ៉ាន់ (ចិន) និងតម្រូវការ ដែលកាន់តែកើនឡើងនៃទីផ្សារចិន។ លោកបានឲ្យដឹងថា៖ “នៅចំពោះការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ ១៩ ក្នុងឆ្នាំ ២០២១ នោះ ផ្លែឈើស្រស់ៗ របស់ប្រជាកសិករជួបការលំបាកក្នុងការបញ្ចេញលក់។ ដូច្នេះហើយ ក្រុមហ៊ុនបានតម្រង់ទិសដៅសម្ងួត និងកែច្នៃយ៉ាងស៊ីជម្រៅ ដោយប្រើកំដៅសម្អាត ដើម្បីធានាគុណភាពបរិសុទ្ធ ហើយឆ្ពោះទៅលក់នៅតាមផ្សារទំនើបក្នុងស្រុក ប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នាយ៍ និងទីផ្សារដែលមានស្តង់ដារខ្ពស់មួយចំនួនទៀតផងដែរ”។
សិប្បកម្មកែច្នៃផ្លែមៀន និងកសិផលផ្សេងៗទៀតរបស់ក្រុមហ៊ុនភាគហ៊ុន នាំចេញ នាំចូលផ្លែឈើ Son La នៅ សង្កាត់ Chieng Sinh ទីក្រុង Son La មានផ្ទៃដីជិត ៨ ពាន់ម៉ែត្រការ៉េ រួមមានតំបន់ឡសម្ងួត តំបន់បែងចែក និងវេចខ្ចប់ផលិតផល ដែលត្រូវបានរៀបចំទុកដាក់ ដាច់ដោយឡែកពីគ្នា ដោយឆ្លើយតបនឹងតម្រូវការបច្ចេកទេស។ កម្មករត្រូវបានស្លៀកពាក់ឯកសណ្ឋានការពារ ស្រោមដៃ និងម៉ាសជាដើម ដើម្បីធានាលក្ខខ័ណ្ឌប្រយុទ្ធប្រឆាំងជំងឺរាតត្បាត និងអនាម័យ សុវត្ថិភាពចំណីអាហារ និងក្នុងដំណើរការផលិតកម្ម។ អ្នកស្រី Phan Thi Hanh កម្មការិនីម្នាក់នៃក្រុមហ៊ុនបានចែករំលែកថា៖ “គ្រួសារខ្ញុំមានផ្ទៃដីដាំដំណាំមៀន ១ ហិកតា។ ក្នុងបរិបទនៃជំងឺកូវីដ ១៩ នោះ ផ្លែមៀនមិនអាចបញ្ចេញលក់បានឡើយ។ ប៉ុន្តែក្រុមហ៊ុនបានជួយប្រមូលទិញ និងបង្កលក្ខណៈងាយស្រួលដល់នាងខ្ញុំធ្វើការនៅទីនេះ។ នៅពេលធ្វើការនៅទីនេះ នាងខ្ញុំរកបានប្រាក់ចំណូលជាមធ្យមក្នុងរង្វង់ ៧ លានដុង ក្នុងមួយខែ។ ដូច្នេះហើយ ជីវភាពរស់នៅរបស់នាងខ្ញុំត្រូវបានធានាក្នុងសម័យជំងឺរាតត្បាតនេះផងដែរ”។
សកម្មភាពធ្វើមៀនក្រៀម (រូបថត៖ Tran Long/VOV) |
បច្ចុប្បន្ននេះ ក្រុមហ៊ុនភាគហ៊ុននាំចេញ-នាំចូលផ្លែឈើ Son La កំពុងជំរុញខ្លាំងការកសាងពាណិជ្ជសញ្ញាផ្លែមៀន Mat Rong (ភ្នែកនាគ) ដែលមានផលិតផលចំនួន ២ ប្រភេទ គឺសាច់ផ្លែមានក្រៀម និងផ្លែមៀនក្រៀម។ ក្នុងរដូវបង្កបង្កើនផលផ្លែមៀនឆ្នាំនេះ ក្រុមហ៊ុនបានប្រមូលទិញផ្លែមៀនស្រស់ជាង ៣ ពាន់តោន ដែលមានស្តង់ដារ VietGAP ដើម្បីកែច្នៃ។ នៅបច្ចុប្បន្ននេះ ក្រុមហ៊ុនបាននាំចេញសាច់ផ្លែមៀនក្រៀមប្រមាណ ២០០ តោន និងផ្លែមៀនក្រៀមចំនួន ១០០ តោនទៅកាន់ទីផ្សារចិន ក្នុងតម្លៃចាប់ពី ១៣ ទៅ ១៤ ម៉ឺនដុង/គីឡូក្រាម។ ទន្ទឹមនឹងនោះ បង្កើតការងារធ្វើជូនកម្មករចំនួន ១៣៥ នាក់ ក្នុងបរិបទដ៏លំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩។ អ្នកស្រី Nguyen Thi Hong ពលការិនីម្នាក់នៃក្រុមហ៊ុនបានឲ្យដឹងថា៖ “នាងខ្ញុំបានប្រកបរបរធ្វើមៀនក្រៀមអស់រយៈពេល ២ ឆ្នាំហើយ។ នាងខ្ញុំរកបានប្រាក់ចំណូលពី ២៨ ម៉ឺន ទៅ ៣០ ម៉ឺនដុងក្នុងមួយថ្ងៃ ដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារ ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩ ឆ្នាំ ២០២១ នេះផងដែរ”។
ការវិនិយោគលើការកែច្នៃ គឺជាដំណោះស្រាយមួយក្នុងការលើកកម្ពស់តម្លៃកសិផល ដោយរួមចំណែកដោះស្រាយស្ថានភាព “រដូវអំណោយផលល្អ ប៉ុន្តែតម្លៃធ្លាក់ចុះ” ដែលបានកើតមានឡើងជាប្រចាំក្នុងរដូវបង្កបង្កើនផលកសិកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ជាពិសេសក្នុងលក្ខខ័ណ្ឌដ៏លំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩។ ការប្រមូលទិញ ការកែច្នៃ និងការបញ្ចេញលក់ផលិតផលរវាងសហគ្រាស សហករណ៍ និងប្រជាជននៅខេត្ត Son La កំពុងបង្កើតខ្សែសង្វាក់ផលិតកម្ម និងធ្វើអាជីវកម្មប្រកបដោយចីរភាពជាជំហានៗ ដោយសម្របខ្លួនទៅនឹងការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាត កូវីដ ១៩ ផងដែរ៕