គំរូតភ្ជាប់ការដាំដើមស្រកានាគគ្មានជាតិគីមីជួយផ្លាស់ប្ដូរ ផ្នត់គំនិតផលិតកម្មរបស់ម្ចាស់ចំការនៅខេត្ត Tien Giang
(VOVWORLD) - ទោះបីទើបតែបានបង្កើតឡើងមិនទាន់ដល់ ១ ឆ្នាំផងក៏ដោយ ប៉ុន្តែសហករណ៍កសិកម្មស្អាត Hung Thinh Phat (នៅភូមិ Long Thanh ឃុំ Quan Long ស្រុក Cho Gao ខេត្ត Tien Giang) បានបោះជំហានទៅមុខយ៉ាងត្រឹមត្រូវ ដោយទាក់ទាញម្ចាស់ចំការចូលរួមគំរូតភ្ជាប់ការដាំដើមស្រកានាគគ្មានជាតិគីមី។ គំរូសហប្រតិបត្តិការផលិតកម្មនេះបានរួមចំណែកផ្លាស់ប្ដូរការយល់ដឹងផ្នត់គំនិតថ្មីរបស់ម្ចាស់ចំការ ដើម្បីដាំដើមស្រកានាគប្រកបដោយសុវត្ថិភាព ដ៏ដូចជាបម្រើការនាំចេញទៅកាន់ទីផ្សារ ដែលមានបទដ្ឋានខ្ពស់ផងដែរ។
ទិដ្ឋភាពនៃការនាំចូលផលិតផលផ្លែស្រកានាគកែច្នៃបឋមរបស់សហករណ៍ Hung Thinh Phat (រូបថត៖ VOV) |
លោក Dang Hoang Minh ម្ចាស់ចំការនៅភូមិ Quang Ninh ឃុំ Quon Long ក៏ដូចជាប្រជាកសិករជាច្រើននាក់ទៀត ដែលជាអ្នកដាំដើមស្រកានាគនៅក្នុងតំបន់បានឲ្យដឹងថា ដោយពឹងផ្អែកលើការចូលរួមពីសហករណ៍កសិកម្មស្អាត Hung Thinh Phat ដូច្នេះហើយ លោកបានអនុវត្តន៍គំរូដាំដើមឈើរតាមស្តង់ដារ Viet GAP និង Global GAP ព្រមទាំងបានប្រើប្រាស់បច្ចេកទេសដាំដើមស្រកានាគប្រកបដោយមានគុណភាពសម្រាប់ការនាំចេញ។ នាបច្ចុប្បន្ន លោក Dang Hoang Minh គឺជាប្រធានក្រុមផលិកម្មនៅភូមិ Quang Ninh ដែលជាកន្លែងប្រមូលផ្ដុំម្ចាស់ចំការជាច្រើន រួមគ្នាចូលរួមគំរូតភ្ជាប់ផលិតកម្ម។ លោក Minh បានសំណេះសំណាលថា៖ “នៅពេលចូលរួមសហករណ៍ Hung Thinh Phat គឺយើងខ្ញុំទទួលបានលក្ខខ័ណ្ឌអំណោយផលជាច្រើនណាស់។ នាបច្ចុប្បន្ននេះ ខ្ញុំទទួលការផ្ទេរប្រគល់វិទ្យាសាស្ត្របច្ចេកទេស ដោយបានអនុវត្តន៍គំរូបទដ្ឋាន VietGAP និង GlobalGAP ដើម្បីនាំចេញផលិតផលទៅកាន់ទីផ្សារដែលមានស្តង់ដារខ្ពស់។ប្រសិនបើខ្ញុំ អនុវត្តតាមដំណើរការនេះ គឺមិនអាចនាំចេញទៅកាន់ទីផ្សារបរទេសបានឡើយ”។
ជាពិសេស អាស្រ័យដោយទទួលបានកិត្យានុភាព និងផលិតផលមានស្តង់ដារល្អ បានជាក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩ រលកទី ៤ នាបច្ចុប្បន្ននេះសហករណ៍នៅតែធ្វើសកម្មភាពជាប្រចាំ ហើយមានប្រភពទំនិញគ្រប់គ្រាន់តាមកិច្ចសន្យាជាមួយអតិថិជន និងបង្កើតការងារធ្វើជូនពលកររាប់សិបនាក់ក្នុងតំបន់ផងដែរ។ លោក Vo Van Lap ប្រធានសាខានាយកដ្ឋានអភិវឌ្ឍន៍ជនបទ នៃមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត Tien Giang បានឲ្យដឹងថា៖ “សហករណ៍ Hung Thinh Phat មានគោលដៅឆ្ពោះទៅរកការអនុវត្តដំណើរការផលិតកសិកម្មយ៉ាងល្អ ដើម្បីផ្តល់ជូនអតិថិជនតាមស្ដង់ដារកំណត់។ នាពេលថ្មីៗនេះ មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទបានកសាងឃ្លាំងតាមស្ដង់ដារអឺរ៉ុប។ នាបច្ចុប្បន្ននេះ យើងខ្ញុំកំពុងជួយឧបត្ថម្ភសហករណ៍ផ្ដល់លេខកូដតំបន់ សម្រាប់ខេត្ត ដើម្បីពង្រីកតំបន់សុវត្ថិភាពជូនសហករណ៍ផងដែរ”។
កម្មករនៅសហករណ៍កសិកម្មស្អាត Hung Thinh Phat (រូបថត៖ VOV) |
ដោយមានការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់គណៈនាយក សមាជិកគ្រប់រូប និងការជួយឧបត្ថម្ភពីស្ថាប័នមានសមត្ថកិច្ចនោះ សហករណ៍កសិកម្មស្អាត Hung Thinh Phat កំពុងកសាងផែនការផលិតកម្ម និងធ្វើអាជីវកម្មស្របតាមខ្សែសង្វាក់តម្លៃ។ លោក Nguyen Trung Quy នាយកសហករណ៍កសិកម្មស្អាត Hung Thinh Phat បានឲ្យដឹងថា៖ “យើងខ្ញុំបានខិតខំប្រឹងប្រែងកសាងគំរូផលិតកសិកម្មស្អាតចំពោះផ្លែស្រកានា។នាបច្ចុប្បន្ន យើងខ្ញុំបានរៀបចំឡើងវិញ រចនាសម្ព័ន្ធ អង្គការ និងមនុស្ស ព្រមទាំងកំណត់ទីតាំងលេខកូដតំបន់ដាំដុះឡើងវិញ។ ទន្ទឹមនឹងនេះ យើងខ្ញុំបានកំណត់ទីតាំងដីស្រែចម្ការរបស់កសិករគ្រប់រូបឡើងវិញ។ ហើយតាមនោះ យើងខ្ញុំបានស្នើឲ្យនាយកដ្ឋានដំណាំផ្ដល់លេខកូដតំបន់ ដើម្បីនាំចេញទៅកាន់ប្រទេសជាច្រើន។ បន្ទាប់មក យើងខ្ញុំបានអនុវត្តន៍កម្មវិធីសហប្រតិបត្តិការបញ្ចេញលក់ផ្លែស្រកានាគផងដែរ”។
គំរូតភ្ជាប់ផលិតកម្មតាមខ្សែសង្វាក់តម្លៃ ឆ្ពោះទៅរកការនាំចេញទៅកាន់ទីផ្សារពិភពលោករបស់ សហករណ៍កសិកម្មស្អាត Hung Thinh Phat គឺជាទិសដៅដ៏ត្រឹមត្រូវ ដោយសមស្របនឹងតម្រូវការរបស់ទីផ្សារទាំងជាតិ និងអន្តរជាតិ។ ដោយមានយុទ្ធសាស្ត្រផលិតកម្ម និងធ្វើអាជីវកម្មតាមរបៀបរាបរយ និងត្រឹមត្រូវនោះ គំរូផលិតកម្មតភ្ជាប់គ្នានេះ នឹងទទួលបានប្រសិទ្ធភាពខ្ពស់ ដោយរួមចំណែកជួយផ្លាស់ប្ដូរការយល់ដឹង និងផ្នត់គំនិតក្នុងការដាំដំណាំរបស់ម្ចាស់ចំការនៅមូលដ្ឋានផងដែរ៕