ឃុំ Bac Phong ខេត្ត Hoa Binh សម្រេចគោលដៅជនបទថ្មីកម្រិតខ្ពស់

(VOVWORLD) - ឃុំ Bac Phong ស្រុក Cao Phong គឺជាចំណុចភ្លឺមួយក្នុងការកសាងជនបទថ្មីនៅខេត្ត Hoa Binh។ ដោយសម្រេចបានជនបទថ្មីនាឆ្នាំ ២០២១ ក្រោយរយៈពេលត្រឹមតែ ២ ឆ្នាំ ប៉ុណ្ណោះពោលគឺនាឆ្នាំ ២០២៣ ឃុំ Bac Phong សម្រេចបានគោលដៅជនបទថ្មីកម្រិតថ្មី។
ឃុំ Bac Phong ខេត្ត Hoa Binh សម្រេចគោលដៅជនបទថ្មីកម្រិតខ្ពស់ - ảnh 1ទីស្នាក់ការគណៈកម្មាធិការប្រជាជនឃុំ Bac Phong

ឃុំ Bac Phong មានភូមិចំនួន ១០ ជាមួយប្រជាជនសរុបជាង ៥ ១៩៩ នាក់។ ក្នុងនោះភាគច្រើនជាជនជាតិ Muong ដោយស្រូបយក ៥៥% ប្រជាជន Kinh ស្រូបយក ២៥% ហើយជនជាតិ Dao ស្រូបយក ១៥%។ ប្រជាជនភាគច្រើនប្រកបរបរដាំដុះ និងចិញ្ចឹមសត្វ។

ឃុំ Bac Phong បានសម្រេចរួចរាល់ការលើកកម្រិតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគន៍ជនបទ សាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅតាមភូមិ ឃុំ។ ឃុំយកចិត្តទុកដាក់ជួយឧបត្ថម្ភទុន ផ្គត់ផ្គង់ពូជ និងណែនាំអំពីបច្ចេកទេសធ្វើវប្បកម្ម បង្កើតគំរូផលិតកម្ម ដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ក្នុងការចិញ្ចឹមសត្វ ឃុំបានលើកទឹកចិត្តដក់បងប្អូនប្រជាជនវិនិយោគពង្រីកទ្រុង កសិដ្ឋាន ប្រើប្រាស់បច្ចេកវិទ្យា បច្ចេកទេសទៅក្នុងផលិតកម្ម ធានាសុវត្ថិភាពជំងឺរាតត្បាត។ ចំពោះការដាំដើមឈើហូបផ្លែវិញ ឃុំបានចលនាដល់បងប្អូនប្រជាជនវិនិយោគដាំដុះតាមស្តង់ដារVietGAP (ស្តង់ដារផលិតកម្មកសិកម្មល្អវៀតណាម)។ លោក Khuong Xuan Lich លេខារងបក្សភាគ និងជាប្រធានគណៈកម្មាធិការប្រជាជនឃុំ Bac Phong បានមានប្រសាសន៍ថា៖ “បច្ចុប្បន្ន ឃុំ Bac Phong បានអភិវឌ្ឍសេដ្ឋកិច្ចកសិកម្មជាមូលដ្ឋាន។ ដំណាំស្នូលរបស់ឃុំគឺជាដាំណាំដែលមានកំពឹសដូចជា៖ ក្រូច ក្រូជឃ្វិច ក្រូចថ្លុង និងអំពៅ។ តាមរយៈការហ្វឹកហាត់ បងប្អូនប្រជាជនបាន ផ្លាស់ប្តូរចនាសម្ព័ន្ធដំណាំ និងសត្វចិញ្ចឹមយ៉ាងសកម្ម។ យើងខ្ញុំបន្តរក្សាដាំណាំមុខព្រួញចំនួន ២ គឺដាំណាំដែលមានកំពិស និងដើមអំពៅ។ ខេត្ត Hoa Binh បាននាំចេញអំពៅហើយ។ យើងខ្ញុំបន្តអភិវឌ្ឍន៍សហករណ៍ ដោយផ្តោតសំខាន់លើកសិកម្មបច្ចេកវិទ្យាខ្ពស់។ ទន្ទឹមនឹងនោះគឺអភិវឌ្ឍន៍វិស័យទេសចរណ៍ និងសេវាកម្ម ព្រោះថាឃុំមានឧទ្យានបេតិកភណ្ឌអ្នកវិទ្យាសាស្ត្រវៀតណាម និងមានរោងចក្រវារីអគ្គិសនីតូចមួយផងដែរ”។

ចំពោះលក្ខណៈវិនិច្ឆ័យវប្បធម៌ក្នុងការកសាងជនបទថ្មី ឃុំ Bac Phong បានរៀបចំផែនការ និងកសាងជាស្ថាពរនូវអគារវប្បធម៌កណ្តាលដែលមានកៅអីជាង ៣០០ និងកីឡដ្ឋានឃុំមានផ្ទៃដីជិត ១២ ០០០ ម៉ែត្រការ៉េ ហើយភូមិទាង ១០០% គឺមានអគារវប្បធម៌ និងកីឡាដ្ឋាន។ ដូច្នេះហើយ ប្រព័ន្ធមូលដ្ឋានសម្ភារៈវប្បធម៌បានឆ្លើយតបនឹងភារកិច្ចផ្សព្វផ្សាយអំពីគោលការណ៍ គោលនយោបាយ ច្បាប់របស់រដ្ឋ ក៏ដូចជារៀបចំសកម្មភាពវប្បធម៌ សិល្បៈ កីឡាបម្រើប្រជាជន។ ទន្ទឹមនឹងនោះ ឃុំក៏បានយកចិត្តទុកដាក់ដល់ការថែទាំសុខភាពជូនប្រជាជន។

ឃុំ Bac Phong ខេត្ត Hoa Binh សម្រេចគោលដៅជនបទថ្មីកម្រិតខ្ពស់ - ảnh 2ប្រជាពលរដ្ឋមកធ្វើនីតិវិធីរដ្ឋបាលនៅគណៈកម្មាធិការប្រជាជនឃុំ Bac Phong

ដើម្បីជំរុញខ្លាំងការកែទម្រង់បែបបទរដ្ឋបាល ឃុំ Bac Phong បានកសាងគំរូ “រដ្ឋាភិបាលរួសរាយរាក់ទាក់ ដើម្បីបម្រើប្រជាពលរដ្ឋ” ដោយបានផ្លាស់ប្តូរយ៉ាងខ្លាំងក្លារបៀបធ្វើការពី “បញ្ជារដ្ឋបាល” ទៅជា “បម្រើ ណែនាំ ចលនា និងបញ្ចុះបញ្ចូល” ។ អញ្ជើញទៅបំពេញបែបបទរដ្ឋបាលនៅគណៈកម្មាធិការប្រជាជនឃុំ Bac Phong លោក Do Duy Sua ពលរដ្ឋម្នាក់នៅឃុំ Bac Phong មានចំណាប់អារម្មណ៍ថា៖ “ជាទូទៅ បច្ចុប្បន្ននេះ ឃុំបានធ្វើបែបបទរដ្ឋបាលយ៉ាងល្អប្រសើរ និងឆាប់រហ័សជាងមុន។ កម្មាភិបាលរួសរាយរាក់ទាក់ និងជួយសម្រួលប្រជាជនទាំងអស់គ្នា។ ខ្ញុំមានគោលបំណងថា គណៈកម្មាធិការប្រជាជនឃុំបន្តពង្រីកការងារ និងបន្តបម្រើប្រជាជនយ៉ាងយកចិត្តទុកដាក់ផងដែរ”។

រដ្ឋអំណាចឃុំ Bac Phong ជានិច្ចកាលរួមដំណើរជាមួយប្រជាជនដើម្បីអនុវត្តន៍កម្មវិធីគោលដៅជាតិចំនួន ៣ ដោយព្រមៗគ្នារួមមាន៖ កសាងជនបទថ្មី; អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ព្រៃភ្នំ; ការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព។  លោក Khuong Xuan Lich លេខារងគណៈកម្មាធិការបក្សឃុំ និងប្រធានគណៈកម្មាធិការប្រជាជនឃុំ Bac Phong បានមានប្រសាសន៍ថា៖ “ឃុំ Bac Phong បានអនុវត្តន៍កម្មវិធីគោលដៅជាតិទាំង៣ ដើម្បីជួយឧបត្ថម្ភដល់បងប្អូនប្រជាជន។ ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនត្រូវបានកែលម្អ។ នាឆ្នាំ ២០២១ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់សម្រេចបាន ៤០ លានដុងក្នុងមួយឆ្នាំ (១ ៧០០ ដុល្លារអាមេរិក/ឆ្នាំ) ប៉ុន្តែនាឆ្នាំ ២០២៣ សម្រេចបាន ៥១ លានដុងក្នុងមួយឆ្នាំ (២ ១៧០ ដុល្លារអាមេរិក/ឆ្នាំ)។ ភ្លើងអគ្គិសនី ផ្លូវថ្នល់ សាលារៀន អគារវប្បធម៌ស្រស់ស្អាត និងធំទូលាយ។ កុមារទាំង ១០០% ត្រូវបានទៅសាលារៀម ហើយឃុំមានសាលារៀនចំនួន ២ ជាប់ស្តង់ដារថ្នាក់ជាតិ។ ឃុំមានគំរូក្លិបចម្រៀងប្រជាប្រិយ រួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ Muong។ នាឆ្នាំ ២០២៣ ឃុំ Bac Phong សម្រេចបានរាល់ស្តង់ដារស្ដីពីការកសាងជនបទថ្មីកម្រិតខ្ពស់ផងដែរ”។

អភិវឌ្ឍន៍សេដ្ឋកិច្ច លើកកម្ពស់ប្រាក់ចំណូលជូនប្រជាជនគឺជាគោលដៅស្នូលក្នុងការកសាងជនបទថ្មីនៅឃុំ Bac Phong។ អាស្រ័យហេតុនោះ មុខមាត់ជនបទថ្មីនៅឃុំបានផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃ ហើយជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកកម្ពស់យ៉ាងច្បាស់លាស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ