ឃុំ Cao Bo អភិវឌ្ឍរបរដាំតែ Shan tuyet

(VOVWORLD) - ឃុំ Cao Bo ស្រុក Vi Xuyen ជាតំបន់មួយក្នុងចំណោមតំបន់ដាំដើមតែ Shan tuyet ដ៏ធំបំផុតនៅខេត្ត Ha Giang ភាគខាងជើងវៀតណាម។ ដើមតែបាន ក្លាយទៅជាប្រភេទដំណាំសំខាន់មួយ ដែលនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ខ្ពស់ បង្កើតការងារធ្វើប្រកបដោយស្ថិរភាពសម្រាប់ប្រជាជន ព្រមទាំងរួមចំណែក ក្នុងការងារកាត់បន្ថយភាពក្រីក្រក្នុងតំបន់ផងដែរ។
ឃុំ Cao Bo អភិវឌ្ឍរបរដាំតែ Shan tuyet - ảnh 1 តែ tuyet (ព្រិល) (រូបថត៖ VOV5)

  ឃុំ Cao Bo មានភូមិចំនួន១១ ដោយចំនួនប្រជាជនជាង៤ពាន់នាក់ ក្នុងនោះ មាន៩៦%គឺជនជាតិ Dao។ តំបន់នេះត្រូវបានធម្មជាតិប្រទានអោយមានលក្ខណៈ ដីធ្លីអំណោយផល អាកាសធាតុត្រជាក់ស្រួល អញ្ចឹងបានជាដើមតែនៅទីនេះរីកលូតលាស់ និងមានរស់ជាតិឆ្ងាញ់ជាងបើប្រៀបធៀបនឹងតំបន់ផ្សេងៗ។

        តែ Shan tuyet ជាប្រភេទតែកម្រថ្លៃថ្លា ដែលត្រឹមតែបានដាំនៅតំបន់ខ្ពង់ រាប។ ដើមតែមានកំពស់ប៉ុន្មានម៉ែត្រហើយអាយុកាលឡើងដល់រាប់រយឆ្នាំ។ ប្រភេទតែនេះមានត្រួយតែធំ នៅក្រោមស្លឹកបានស្រោបជុំវិញដោយរោមត្រឡាច ពណ៌សមួយស្រទាប់ ហេតុដូច្នេះបានជាគេបានហៅប្រភេទ តែនេះថា តែ tuyet (ព្រិល)។ តែ Shan tuyet មានក្លិនក្រអូបស្រាលៗ ទឹកតែមានពណ៌ដូចទឹកឃ្មុំ ល្អណាស់សម្រាប់សុខភាព។ ប្រភេទតែនេះត្រូវបានចាត់ទុកជាផលិតផល ពិសេសដោយឡែកនៃខេត្ត Ha Giang។

        ឃុំ Cao Bo មានផ្ទៃដីដាំតែប្រមាណ១ពាន់ហិកតា។ ចំណុចពិសេសគឺ ប្រជាជននៅទីនេះដាំតែលាយជាមួយប្រភេទដំណាំដទៃទៀត មិនដាំជាសួនឬ ឡូតិ៍ដូចទៅនឹងតំបន់ដាំតែផ្សេងៗនោះឡើយ។ ផ្ទៃដីត្រូវបានគិតតាមបរិមាណ ដើមតែ ដោយ១១០០ដើមគឺ១ហិកតា។ លោក Ly Quoc Hung ប្រធានគណៈ កម្មាធិការប្រជាជនឃុំ Cao Bo បានអោយដឹងថា៖

        “ឧត្តមភាពរបស់យើងខ្ញុំគឺតែសរីរាង្គ។ តែសរីរាង្គ លក់ងាយស្រួលជាងហើយមានតម្លៃក៏ខ្ពស់ជាងតែនៅតំបន់ផ្សេងៗដែរ។ អាស្រ័យមានដើមតែនេះ គ្រួសារជាច្រើនធ្វើអ្នកមាន ទិញបានរថយន្តនិងឧបករណ៍ប្រដាប់ ប្រដារទំនើបៗ។ ឃុំបានកំណត់ថា ដើមតែជាប្រភេទដំណាំដើម្បីអភិវឌ្ឍសេដ្ឋកិច្ច នៅក្នុងតំបន់។ ហេតុដូច្នេះហើយ យើងខ្ញុំតែងតែឃោសនាដល់ប្រជាជនដើម្បីដាំ បន្ថែមដើមតែ ហើយពង្រីកផ្ទៃដីដាំតែថែមទៀត។ យើងខ្ញុំក៏បានសហការណ៍ជា មួយក្រុមហ៊ុនភាគហ៊ុនតែសរីរាង្គ Cao Bo រៀបចំការឃោសនាដល់ប្រជាជន ដើម្បីមិនប្រើប្រាស់ថ្នាំការពារដំណាំចំពោះផលិតផលតែនៅក្នុងតំបន់ ក៏ដូចជា មិនប្រើប្រាស់ជីអសរីរាង្គ ផងដែរ”។

        ដោយមានការខិតខំប្រឹងប្រែងក្នុងកិច្ចការពារព្រៃតែ shan tuyet ក៏ដូចជា វិធីសាស្ត្រប្រមូលនិងកែច្នៃតែដោយសិប្បកម្មនោះ ហេតុដូច្នេះហើយ នាឆ្នាំ ២០១១ តែ shan tuyet Cao Bo ត្រូវបានសហព័ន្ធអន្តរជាតិអំពីចលនាផលិតកម្ម កសិកម្មសរីរាង្គ (IFOAM) ប្រគល់វិញ្ញាបនប័ត្រតែសរីរាង្គ។ ដល់ឆ្នាំ២០១៦ សមា គមន៍ការពារធម្មជាតិនិងបរិស្ថានវៀតណាមក៏បានប្រគល់ “ប័ណ្ណទទួលស្គាល់ ដើមឈើបេតិកភ័ណ្ឌវៀតណាម” ជូនបណ្ដុំដើមតែ shan tuyet ចំនួន២២០ដើម ដែលមានអាយុកាលជាង១០០ឆ្នាំនៅឃុំ Cao Bo។

ឃុំ Cao Bo អភិវឌ្ឍរបរដាំតែ Shan tuyet - ảnh 2 ការផលិតតែ shan tuyet នៅផ្ទះលោក Hoang Tinh Kiem (រូបថត៖ VOV5)

        តាមធម្មតា ប្រជាជននៅឃុំ Cao Bo ប្រមូលផលតែបាន៣រដូវកាល ឆ្នាំណា មានអាកាសធាតុអំណោយផលគឺប្រមូលផលបាន៤រដូវកាល។ ក្នុងនោះ រដូវ កាលដំបូងនាខែទី២និងទី៣តាមច័ន្ទគតិ គឺប្រមូលបានតែឆ្ងាញ់បំផុតហើយក៏មាន តម្លៃខ្ពស់បំផុត ក្នុងចន្លោះពី២៥ដល់៤០ដុល្លាអាមេរិកក្នុងមួយគីឡូក្រាមតែស្ងួត។ លោក Hoang Tinh Kiem អ្នកដាំតែម្នាក់នៅភូមិ Tham Ve ឃុំ Cao Bo បានចែក រំលែកថា៖

        “គ្រួសារខ្ញុំមានផ្ទៃដីដាំតែ shan tuyet ប្រមាណ៣ហិកតា។ ប្រកបការងារនេះ បាន៣ឆ្នាំកន្លង មក ជីវភាពរស់នៅរបស់គ្រួសារកាន់តែប្រសើរឡើងពីមួយថ្ងៃទៅ មួយថ្ងៃ ហើយទិញបានរថយន្ត។ ខ្ញុំលក់តែបាន៤០០គីឡូក្រាម ក្នុងរដូវកាល នីមួយៗ ក្នុងតម្លៃជាមធ្យមចំនួន៣សែនដុងលើមួយគីឡូ។ ឃុំនិងស្រុកសុទ្ធតែ មានកម្មវិធីឧបត្ថម្ភដល់គ្រួសារដាំតែ។ ឧទាហរណ៍ថា នៅពេលធ្វើរោងជាង ឃុំអោយ ខ្ចីទុនចំនួន១០០លានដុងដោយគ្មានការប្រាក់ទេ ឬក៏ហ្វឹកហ្វឺនអោយប្រជាជនអំពី ការធ្វើអាជីវកម្ម។ នាបច្ចុប្បន្ន ឃុំ ស្រុកកំពុងជួយឧបត្ថម្ភដល់ប្រជាជនកសាង ពាណិជ្ជសញ្ញា ហើយធ្វើកូដបារសម្គាល់ទំនិញផងដែរ”។

        លោកស្រី Dang Thi Phuong អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Vi Xuyen បានអោយដឹងថា តំបន់កំពុងជំរុញខ្លាំងការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា ចូលក្នុងការផលិតនិងកែច្នៃតែ។ លោកស្រីបានថ្លែងថា៖

        “តំបន់ដាំតែនៅស្រុក Vi Xuyen ទទួលបានបទដ្ឋាន VietGap។ តែសរីរាង្គ Cao Bo ត្រូវបាននាំចេញទៅកាន់ប្រទេសចំនួន៦ដូចជាចិន បែលហ្ស៊ិក រុស្ស៊ី និង ទួរគី ជាដើម។ ទន្ទឹមនឹងនោះ យើងខ្ញុំកំពុងឆ្ពោះទៅរកផលិតផល OCOP ដែល ជាកម្មវិធីអភិវឌ្ឍផលិតផលកសិកម្ម ក្រៅកសិកម្ម និងសេវាកម្មនៅតំបន់នីមួយៗ តាមខ្សែសង្វាក់តម្លៃ។ ស្រុកតែងតែបញ្ជូនកម្មាភិបាលជំនាញទៅជួយប្រជាជន ក៏ដូចជាឃោសនាដល់ប្រជាជនដើម្បីអនុវត្តយ៉ាងត្រឹមត្រូវតាមដំណើរការ បទដ្ឋាន VietGap សំដៅធានាគុណភាព ផងដែរ”។

        ដោយសារនាំមកនូវតម្លៃសេដ្ឋកិច្ចខ្ពស់ បានជាតែ Shan tuyet នៅឃុំ Cao Bo មិនផ្ដោតយ៉ាងខ្លាំងលើទីផ្សារក្នុងស្រុកនោះឡើយ ប៉ុន្តែភាគច្រើនឆ្ពោះទៅការ នាំចេញតែប៉ុណ្ណោះ។ ជារៀងរាល់ឆ្នាំ ឃុំ Cao Bo នាំចេញតែ shan tuyetប្រមាណ ២០០តោនទៅកាន់ប្រទេសអាស៊ីនិងអឺរ៉ុបនានា។ ការអភិវឌ្ឍដើមតែ shan tuyet កំពុងជាទិសដៅត្រឹមត្រូវនៅឃុំ Cao Bo។ អាស្រ័យហេតុនោះ មិនត្រឹមតែអភិរក្ស ប្រភេទតែដ៏ថ្លៃថ្លានេះប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចតំបន់ ប្រកបដោយចីរភាពទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ