ឃុំ Muong Lum ផ្លាស់ប្ដូរមុខមាត់ថ្មី
(VOVWORLD) - ឃុំ Muong Lum តាមភាសា Thái មានន័យថា តំបន់ដីដែលត្រូវបំភ្លេចចោល។ តំបន់ដីនេះគឺជាស្រុកកំណើតបដិវត្តន៍ ហើយជាទីកន្លែងបង្កើតសាខាបក្សដើមដំបូងនៃបក្សភាគស្រុក Yen Chau ខេត្ត Son La ក្នុងឆ្នាំ ១៩៤៨។ នាប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានការយកចិត្តទុកដាក់របស់រដ្ឋ និងខេត្ត Son La ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនកាន់តែអភិវឌ្ឍន៍ ហើយស្រុកកំណើត Muong Lum កាន់តែសម្បូរធូធារពីមួយថ្ងៃទៅមួយថ្ងៃ។
ទីកន្លេងបង្កើតសាខាបក្សស្រុក Yen Chau |
ពីផ្លូវជាតិលេខ៦ ដែលជាផ្លូវសសៃឈាមទៅកាន់ខេត្តភាគពាយ័ព្យនានា ហើយមានចម្ងាយ ២៣៥ គ.ម ពីទីក្រុងហាណូយ ដល់ភូមិសាស្ត្រឃុំ Chieng Hac ស្រុក Yen Chau បត់ស្តាំ ឡើងចំណតប្រហែល ១៤ គ.ម គឺដល់មជ្ឈមណ្ឌលឃុំព្រៃភ្នំ Muong Lum។ អញ្ជើញទស្សនាឃុំ Muong Lum នាដើមខែតុលា ផ្លូវបេតុងបាននាំយើងខ្ញុំដើរជុំវិញចង្កេះទួលដីខៀវស្រងាត់ជាមួយដើមឈើហូបផ្លែ និងវាលស្រែស្រូវទុំលាតសន្ធឹងតាមជ្រលងភ្នំ។
នាអតីតកាល ឃុំ Muong Lum គឺជាឃុំព្រៃភ្នំដ៏លំបាកពិសេសរបស់ស្រុក Yên Châu។ ឃុំមានគ្រួសារចំនួន ៧៣១ គ្រួ ជាមួយប្រជាជនចំនួន ៣ ៥៧០ នាក់ ដែលរស់នៅតាមភូមិចំនួន ៧ ក្នុងនោះ អ្នកភូមិទាំង ១០០% ជាជនជាតិភាគតិច ហើយប្រាក់ចំណូលភាគច្រើនគឺផ្អែកលើផលិតកម្មកសិកម្ម។ ដើម្បីជួយប្រជាជនរួចផុតពីភាពក្រីក្រអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ អាជ្ញាធរឃុំ Muong Lum បានចេញផ្សាយសេចក្ដីសម្រេចចិត្ត ដឹកនាំប្រជាជនក្នុងឃុំទាញយករាល់សក្តានុពល និងប្រៀបខ្លាំងរបស់ឃុំ ពង្រីកប្រសិទ្ធភាពរាល់គោលនយោបាយជួយឧបត្ថម្ភ លើកទឹកចិត្តអភិវឌ្ឍន៍ផលិតកម្ម។ ទន្ទឹមនឹងនោះ ឃុំក៏ផ្សព្វផ្សាយ និងធ្វើចលនាដល់ប្រជាជនដាំដំណាំ និងចញ្ចឹមសត្វ ដែលមានទិន្នផលខ្ពស់ សមស្របទៅនឹងលក្ខខណ្ឌអាកាសធាតុ សណ្ឋានដីរបស់ឃុំ ព្រមទាំងពង្រីកគំរូសេដ្ឋកិច្ច ពង្រីកផ្ទៃដីដាំដំណាំ និងដើមឈើហូបផ្លែ; ផ្តោតសំខាន់លើការចិញ្ចឹមសត្វតាមទិសដៅផលិតកម្មទំនិញ លើកកម្ពស់ប្រាក់ចំណូលជូនប្រជាជន។ នាបច្ចុប្បន្ន ឃុំ Muong Lum បានអភិវឌ្ឍន៍ ផ្ទៃដីដាំដើមឈើហូបផ្លែជាង ២៣០ ហិកតា ចិញ្ចឹមក្របី និងគោប្រមាណ ២០០០ ក្បាល និងជ្រូកប្រមាណ ៣០០០ ក្បាល។ នាបច្ចុប្បន្ន ឃុំមានផ្តៃដីដាំស្រូវលើទឹកជាង ៦០ ហិកតា ក្នុងនោះ ភាគច្រើនជាពូជស្រូវដំណើប Mắc Đươi ប្រចាំតំបន់ ដែលត្រូវបានទទួលស្គាល់ជាផលិតផលនៃកម្មវិធីឃុំមួយផលិតផលមួយ (OCOP) ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់។ លោក Hoang Van Chuc ប្រធានគណៈកម្មាធិការប្រជាជនឃុំ Muong Lum មានប្រសាសន៍ថា៖ “អនុវត្តន៍សេចក្ដីសម្រេចចិត្តរបស់ខេត្ត Son La ឃុំ Muong Lum បានផ្តោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ច ប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង រៀបចំរចនាសម្ព័ន្ធដំណាំដាំដុះ និងសត្វចិញ្ចឹមឡើងវិញ។ ពីដំណាំ និងសត្វដែលផ្តល់ទិន្នផលទាប និងតម្លៃទាប ទៅជាដំណាំដែលមានតម្លៃខ្ពស់ ដូចជាដើមឈើហូបផ្លែ និងចិញ្ចឹមគោ។ អត្រាគ្រួសារក្រីក្រក៏បានថយចុះយ៉ាងខ្លាំង។ កាលពីឆ្នាំមុន អត្រាគ្រួសារក្រីក្របានថយចុះជាង ៤% ។ បច្ចុប្បន្ន គ្រួសារក្រីក្រមានចំនួន ៣២% និងគ្រួសារនៅបន្ទាត់ក្រីក្រមានចំនួន ១៣%”។
ឃុំ Muong Lum ផ្លាស់ប្ដូរមុខមាត់ថ្មី |
សក្ខីភាពយ៉ាងច្បាស់លាស់សម្រាប់ការផ្លាស់ប្តូរនៅឃុំ Muong Lum គឺការផ្លាស់ប្តូរការត្រិះរិះក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់បងប្អូនប្រជាជននៅទីនេះ។ ឈានមុខគេក្នុងចលនាផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំដាំដុះនៅភូមិ On Oc ជាកន្លែងដែលមានជនជាតិ Mong រស់នៅ ១០០% គឺជាគ្រួសាររបស់លោក Vu Lao Phong ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ គ្រួសាររបស់លោកបានផ្លាស់ប្ដូរផ្ទៃដី ជាង ២ ហិចតា ដែលដាំដំណាំគ្មានប្រសិទ្ធភាពទៅជាដាំដើមព្រូន។ ថែរក្សាផង និងសិក្សា ពីបទពិសោធន៍ ប្រើប្រាស់បច្ចេកវិទ្យាក្នុងការផលិតផង លោកបានវិនិយោគប្រព័ន្ធស្រោចស្រពទឹកសម្រាប់ដើមព្រូន ដើម្បីដាំដំណាំព្រូនចាប់ពីខែមីនា ដល់ចុងខែមិថុនា។ ប្រការនេះបាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចដល់គ្រួសារលោក។ ក្នុងមួយឆ្នាំៗ បើដកការចំណាយចេញ គ្រួសារលោកទទួលបានប្រាក់ចំណេញជាង ៣០០ លានដុង (ប្រមាណ ១៣ ០០០ ដុល្លារអាមេរិក)។ លោក Vu Lao Pho បានឲ្យដឹងថា៖ “រដ្ឋបានឃោសនាផ្លាស់ប្ដូរដំណាំដាំដុះផ្សេងទៀត ដូច្នេះហើយខ្ញុំក៏បានដាំដំណាំដែលមានប្រសិទ្ធភាពជាង។ នៅពេលផ្លាស់ប្ដូរដាំណាំដំដុះទៅជាដើមព្រូនវិញគ្រួសារខ្ញុំក៏មានប្រភពចំណូលស្ថិរភាពផងដែរ។ ខ្ញុំក៏បានណែនាំ ឃោសនា និងចលនាបងប្អូនប្រជាជនក្នុងភូមិប្ដូរទៅដាំដើមព្រូនវិញ ហើយនាបច្ចុប្បន្ននេះ ឃុំទាំងមូលមានផ្ទៃដីដាំដើមព្រូនចំនួន ៥២ ហិកតា។ ថ្វីត្បិតតែជាតំបន់ឆ្ងាយដាច់ស្រយាលដែលមានការលំបាកច្រើនក៏ដោយ ប៉ុន្តែបងប្អូនប្រជាជននៅទីនេះបានថែទាំដើមព្រូនបានយ៉ាងល្អ”។
ជាមួយនឹងការខិតខំប្រឹងប្រែងសាមគ្គីគ្នា ស្រុះចិត្តគំនិតគ្នា ជំនះពុះពារលើការលំបាករបស់អាជ្ញាធរ និងប្រជាជន តំបន់ជនបទ បដិវត្តន៍ Muong Lum កំពុងផ្លាស់ប្តូរមុខមាត់ពីមួយថ្ងៃទៅមួយថ្ងៃ។ ដើម្បីឃុំ Muong Lum បន្តអភិវឌ្ឍន៍ ខេត្ត Son La និងស្រុក Yen Chau កំពុងជួយឧបត្ថម្ភវិនិយោគតាមរយៈកម្មវិធី គម្រោងនានា រៀបចំសាងសង់មណ្ឌលសម្រាកលំហែកាយប្រណិតនៅ Hồ Mường Lượng ឃុំ Muong Lum ផ្សារភ្ជាប់ជាមួយនឹងសក្ដានុពលអភិវឌ្ឍន៍ទេសចរណ៍ក្នុងតំបន់។ នេះនឹងជាគម្នាស់ជួយឃុំ Muong Lum បន្តឈានទៅមុខលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព និងកសាងស្រុកកំណើតឲ្យកាន់តែផ្លាស់ប្ដូរថ្មីផងដែរ៕