ឃុំ Xuan Giang អភិរក្សនិងពង្រីក តម្លៃវប្បធម៌របស់ជនជាតិ Tay

(VOVWORLD) - ឃុំ Xuan Giang ស្រុក Quang Binh ខេត្ត Ha Giang មានចំនួនប្រជាជន ជាង៩០%ជាជនជាតិ Tay។ ដើម្បីអភិរក្សនិងពង្រីកឲ្យបាននូវអត្តសញ្ញាណ វប្បធម៌ប្រពៃណីរបស់ជនជាតិ Tay ពិសេសគឺចម្រៀងប្រជាប្រិយនិងឧបករណ៍ ភ្លេងនោះ ឃុំ Xuan Giang បានបង្កើតសមាគមន៍សិប្បករប្រជាប្រិយដើម្បីរួម ចំណែកទៅក្នុងការងារអភិរក្សនិងពង្រីកតម្លៃវប្បធម៌ជនជាតិនៅតំបន់។
ឃុំ Xuan Giang អភិរក្សនិងពង្រីក តម្លៃវប្បធម៌របស់ជនជាតិ Tay - ảnh 1នជាតិ Tay នៅឃុំ Xuan Giang ខេត្ត Ha Giang (រូបថត៖ baohagiang)

នៅក្នុងរតនៈសម្បតិ្តវប្បធម៌របស់ជនជាតិ Tay និយាយរួមនិងរបស់ឃុំ Xuan Giang និយាយដោយឡែកនោះ គឺបណ្ដាទំនុកចម្រៀង Then ចម្រៀង Yeu និង ចម្រៀងឆ្លើយឆ្លង ដែលជានិច្ចកាលបង្កប់នូវតម្លៃវប្បធម៌ដ៏វិសេសវិសាលជា ច្រើន។ នៅពិធីបុណ្យនានាដូចជាពិធីបុណ្យ Long tong ពិធីបុណ្យបូកអំបុក និង ពិធីបុណ្យរាត្រីព្រះច័ន្ទពេញបូរមី ជាដើម បណ្ដាកំលោះនិងក្រមុំជនជាតិ Tay តែងតែ ច្រៀងឆ្លើយឆ្លងយ៉ាងពិរោះរណ្ដំគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។

        លោក Hoang Van Binh ប្រធានសមាគមន៍សិប្បករប្រជាប្រិយនៃឃុំ Xuan Giang បានឲ្យដឹងថា សមាគមន៍នេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១២ដោយ មានសមាជិកប្រមាណ៣០នាក់ ភាគច្រើនគឺជនចាស់ជរាក្នុងភូមិដែលនៅតែរក្សា បាននូវបទចម្រៀងប្រជាប្រិយឬមុខរបរប្រពៃណីនានា។ រហូតមកដល់ពេលនេះ បរិមាណសមាជិកបានកើនឡើងដល់១០០នាក់ មកពីភូមិចំនួន៩។ ជារៀងរាល់ ខែ សមាគមន៍សិប្បករប្រជាប្រិយតែងតែរៀបចំការបង្រៀនមុខរបរប្រពៃណី ក៏ ដូចជាបទចម្រៀងនិងរបាំប្រជាប្រិយផងដែរ។ សិប្បករ Hoang van Binh បាន សំណេះសំណាលថា៖

        “ខ្ញុំបាទគិតថា ការច្រៀងបទចម្រៀង Then បទចម្រៀង Yeu និងការលេង ឧបករណ៍ភ្លេងប្រជាប្រិយបានរលាយសាបសូន្យទៅហើយ ហេតុដូច្នេះខ្ញុំចង់ស្ដារឡើងវិញ អភិរក្សនិងពង្រីកតម្លៃទាំងនេះយ៉ាងខ្លាំងក្លាថែមទៀត។ នាបច្ចុប្បន្ន រាល់លក្ខណៈ វប្បធម៌របស់ជនជាតិខ្លួន នៅតែត្រូវបានយើងខ្ញុំថែរក្សានៅក្នុងក្រុមគ្រួសារជា ច្រើននៅឃុំ Xuan Giang”។

        មិនត្រឹមតែបង្រៀនការច្រៀងរាំនៅភូមិឃុំប៉ុណ្ណោះទេ សមាគមន៍សិប្បករ ប្រជាប្រិយឃុំ Xuan Giang ថែមទាំងបង្រៀនការច្រៀងរាំនៅក្នុងសាលារៀន ទៀតផង។ នៅក្នុងរដូវវិស្សមកាល សមាគមន៍តែងតែរៀបចំវគ្គបង្រៀនជាច្រើន ដោយមានសិស្សប្រមាណ៤០នាក់ក្នុងមួយវគ្គ។ ចូលរួមវគ្គបង្រៀននេះ ប្អូនៗនឹង ចេះច្រៀងចម្រៀង Then ចម្រៀង Yeu និងចេះលេងឧបករណ៍ភ្លេងប្រជា ប្រិយទៀតផង។ លោក Hoang Van Binh បានឲ្យដឹងថែមទៀតថា៖

        “ចង្វាក់ភ្លេងចម្រៀងប្រជាប្រិយរបស់ជនជាតិ Tay គឺពោរពេញទៅដោយអត្ត សញ្ញាណវប្បធម៌។ យើងខ្ញុំច្រៀងបទចម្រៀងប្រជាប្រិយឬផ្លុំខ្លុយដើម្បីអមរបាំ ប្រពៃណីរបស់ជនជាតិខ្លួន។ របាំនីមួយៗមានបទចម្រៀងអមផ្សេងៗគ្នា។

        មិនត្រឹមតែជក់ចិត្តនឹងការបង្រៀនបទចម្រៀងនិងរបាំប្រពៃណីសម្រាប់ក្មេងជំនាន់ក្រោយប៉ុណ្ណោះទេ បណ្ដាសិប្បករនៅឃុំ Xuan Giang ថែមទាំងឧស្សាហ៍ ស្រាវជ្រាវនិងស្ដារឡើងវិញនូវបទ ចម្រៀងនិងរបាំដែលត្រូវបានសាបសូន្យទៅ ទៀតផង។ សិល្បៈការិនី Hoang Thi Thap នៅឃុំ Xuan Giang បានចែករំលែកថា៖ ទោះបីជាគ្មានថវិកាប្រតិបត្តិក្ដី ប៉ុន្តែដោយមានការជក់ចិត្តនិងការប្ដេជ្ញាចិត្តរបស់ ខ្លួន បណ្ដាសិល្បៈកសិល្បៈការិនីបានចំណាយថវិកាផ្ទាល់ខ្លួនដើម្បីរៀបចំវគ្គ បង្រៀនការច្រៀងរាំសម្រាប់កុមារ។

        “នាងខ្ញុំបានរៀនច្រៀងកាលពីអាយុ១៥ឆ្នាំមក ហើយចូលរួមធ្វើការផ្នែក សិល្បៈនៅឃុំ។ នាគ្រានោះ យើងខ្ញុំត្រឹមតែទៅសម្ដែងនៅបណ្ដាភូមិឃុំតែ ប៉ុណ្ណោះ។ ប៉ុន្តែ នាបច្ចុប្បន្ន យើងខ្ញុំបានបង្កើតក្រុមសិល្បៈប្រជាប្រិយ ដើម្បីទៅ សម្ដែងនៅតំបន់ផ្សេងៗទៀត។ ក្រៅពីនោះ យើងខ្ញុំក៏បង្រៀនឲ្យជំនាន់កូនចៅក្រោយៗទៀតផង ដើម្បីអភិរក្សលក្ខណៈវប្បធម៌ប្រជាប្រិយរបស់ជនជាតិខ្លួន។ ប្អូនៗកុមារចូលចិត្ត ខ្លាំងណាស់។ នាងខ្ញុំក៏ទៅបង្រៀននៅសាលាថ្នាក់មធ្យមសិក្សា Xuan Giang ផងដែរ”។

        ការរក្សានិងអភិវឌ្ឍសកម្មភាពនៃសមាគមន៍សិល្បៈករប្រជាប្រិយ រួមជាមួយ ការជក់ចិត្តនិងការខិតខំប្រឹងប្រែងរបស់បណ្ដាសិល្បៈករ បានជួយឲ្យឃុំ Xuan Giang អាចអភិរក្សនិងពង្រីកលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិ Tay។ នា ពេលខាងមុខ ឃុំ Xuan Giang នឹងបង្កើនការរៀបចំសកម្មភាពវប្បធម៌ ដើម្បី បណ្ដាសិល្បៈករអាចជួបប្រាស្រ័យ ផ្លាស់ប្ដូរបទពិសោធន៍ សំដៅដាក់ចេញទិសដៅ ដ៏ត្រឹមត្រូវដើម្បីអភិរក្សតំលៃវប្បធម៌ដ៏វិសេសវិសាលទាំងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ