ជនបទ Ninh Thuan រីកចម្រើនពីទេសចរណ៍សហគមន៍

(VOVWORLD) - នារយៈពេលកន្លងទៅ ខេត្ត Ninh Thuan បានជំរុញខ្លាំងការអភិវឌ្ឍទេសចរណ៍សហគមន៍ និងទេសចរណ៍អេកូឡូស៊ីនៅតាមតំបន់ជនរួមជាតិភាគតិច។ គំរូទេសចរណ៍ទាំងនេះបានរួមចំណែកបង្កើនប្រាក់ចំណូល លើកកំពស់ជីវភាពរស់នៅសម្រាប់ប្រជាជនក្នុងតំបន់បានជួយឧទ្ទេសនាម និងរីកសាយភាយរាល់តម្លៃវប្បធម៌ ព្រមទាំងជួយផ្លាស់ប្តូរមុខមាត់ជនបទនៅតំបន់ជនជាតិភាគតិចនៅខេត្ត Ninh Thuan។
ជនបទ Ninh Thuan រីកចម្រើនពីទេសចរណ៍សហគមន៍ - ảnh 1លោក Duong Tai Tin នៅកន្លែងទេសចរណ៍របស់លោក។ រូបថត៖ Doan Si

ស្រុក Ninh Phuoc មានបងប្អូនជនជាតិ Cham រស់នៅយ៉ាងច្រើនកុះករ។ ស្រុកមានឧត្តមភាពផ្នែកខាងអភិវឌ្ឍទេសចរណ៍អេកូឡូស៊ីជាមួយចម្ការទំពាំងបាយជូរ Phuoc Thuan ដែលមានផ្ទៃដី ១០០ ហិកតា; វាលចិញ្ចឹមចៀមភូមិ Hau Sanh ដែលផ្សារភ្ជាប់ជាមួយនឹងការស្វែងយល់វិមាន Po Rome ។ គំរូទេសចរណ៍នានារបស់គ្រូសារ ដូចជាគ្រួសារលោក Duong Tai Tin មានគោលដៅទេសចរណ៍អេកូឡូស៊ី Sen Araphat នៅវិថី My Nghiep ទីរួមស្រុក Phuoc Dan ស្រុក Ninh Phuoc ខេត្ត Ninh Thuan។ លោក Tin បានចែករំលែកថា កាលពី ១០ ឆ្នាំមុន គ្រួសារខ្លះនៅទីនេះបានប្រែក្លាយដីស្រែចម្ការទៅជាទីដាំដើមឈូកយកគ្រាប់ និងក្រអៅឈូក។ ក្រោយមក មនុស្សជាច្រើនបានមកទស្សនា និងថតរូបជាមួយផ្កាឈូក ហើយយូរៗទៅគ្រួសារលោក និងគ្រួសារនានាបានប្តូរទៅធ្វើទេសចរណ៍អេកូឡូស៊ីវិញ៖ “ខ្ញុំបានតុបតែងចម្ការរបស់ខ្លួន។ ពេលភ្ញៀវមកដល់ យើងត្រូវទទួលស្វាគមន៍ ពួកគេ។ នៅពេលធ្វើទេសចរណ៍ចាំបាច់ត្រូវរក្សាអនាម័យឲ្យបានស្អាតបាត។ ភ្ញៀវមកពីទីក្រុងជាច្រើនក៏បានបញ្ចេញមតិថា នៅទីនេះមានអនាម័យស្អាត ហើយកន្លែងថតរូបអនុស្សាវរីយ៍ក៏ស្អាតដែរ”។

ក្នុងពេលនោះ ឃុំ Phuoc Binh ស្រុក Bac Ai ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិ Phuoc Binh មានអាកាសធាតុត្រជាក់ស្រួល ហើយមានចម្ការផ្លែឈើខៀវស្រងាត់ជាច្រើន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ  គ្រួសារជាច្រើនបានវិនិយោគលើចម្ការបន្ថែម ដើម្បីធ្វើទេសចរណ៍សហគមន៍។ លោក K'to Chinh ជនជាតិ Raglai ម្នាក់បានឲ្យដឹងថា កាលពីមុន គ្រួសារលោកដាំក្រូចថ្លុង និងធូរេន ហើយភាគច្រើនលក់ឲ្យឈ្មួញ។ ចាប់តាំងពីពេលដែលខេត្តបានផ្សព្វផ្សាយ និងចលនាដល់បងប្អូនប្រជាជនដាំដើមឈើហូបផ្លែ ជាមួយនឹងការធ្វើទេសចរណ៍សហគមន៍ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចមក លោកបានវិនិយោគ សាងសង់មណ្ឌលទេសចរណ៍Tagu Galamping។ កាលពីឆ្នាំមុន មណ្ឌលទេសចរណ៍ទទួលបានភ្ញៀវទេសចរជាង ១ ពាន់នាក់៖ “មណ្ឌល Tagu Glamping បម្រើភ្ញៀវទេសចរមកទស្សនាកម្សាន្ត និងទទួលទានម្ហូបអាហាររបស់ជនជាតិ Raglai ដូចជា៖ មាន់អាំង បាយក្រឡាន ត្រីទឹកជ្រោះ សាច់អាំងចម្កាក់សាច់ជ្រូកចំហុយក្នុងបំពង់ឬស្សី សុទ្ធតែជាមុខម្ហូបប្រចាំតំបន់។ តាមនោះ ជួយបង្កើតការងារធ្វើជូនគ្រួសារមួយចំនួនផងដែរ”។

នាបច្ចុប្បន្ន ឃុំ Phuoc Binh មានគ្រួសារជាង ៦០ គ្រួបានវិនិយោគលើផ្ទះឈើផុតពីដីបែបប្រពៃណីរបស់ជនជាតិ Raglai ដែលផ្សារភ្ជាប់ជាមួយចម្ការដាំដើមឈើហូបផ្លែដើម្បីធ្វើទេសចរណ៍។ លោក Pham Phung Bao Chau ប្រធានគណៈកម្មាធិការប្រជាជនឃុំ Phuoc Binh ស្រុក Bac Ai បានឲ្យដឹងថា៖ “តំបន់បានកំណត់ចំណុចមុខព្រួញចំនួន ២ គឺ ដាំដើមឈើហូបផ្លែដោយផ្សារភ្ជាប់នឹងទេសចរណ៍សហគមន៍។ តំបន់ក៏មានសក្កានុពលជាច្រើនដើម្បីធ្វើទេសចរណ៍ដូចជា៖ អន្ទាក់ថ្ម Pi Nang Tac ទឹកធ្លាក់ Cha-pot កសិដ្ឋានចិញ្ចឹមត្រី កសិដ្ឋានចិញ្ចឹមគោនៅ ឧទ្យានជាតិ Phuoc Binh ផងដែរ”។

ជនបទ Ninh Thuan រីកចម្រើនពីទេសចរណ៍សហគមន៍ - ảnh 2ភ្ញៀវទេសចរបរទេសកំពុងទស្សនាកន្លែងតាំងបង្ហាញ។ រូបថត៖ Doan Si

ការអភិវឌ្ឍគំរូទេសចរណ៍សហគមន៍ ទេសចរណ៍អេកូឡូស៊ីនៅតាមតំបន់ជនជាតិភាគតិចមិនត្រឹមតែជួយបងប្អូនប្រជាជនបង្កើនប្រាក់ចំណូលប៉ុណ្ណទេ ថែមទាំងជួយផ្លាស់ប្ដូរមុខមាត់ភូមិស្រុកទៀតផង។ លោកស្រី Pham Thi Thanh Huong អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Ninh Thuan បានឲ្យដឹងថាវិស័យទេសចរណ៍នឹងបន្តជួយឧបត្ថម្ភដល់ប្រជាជនអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ និងទេសចរណ៍អេកូឡូស៊ី៖ “យើងខ្ញុំនឹងជួយបង្កើតទេសភាព ធ្វើផ្លាកសញ្ញាដើម្បីណែនាំដល់ភ្ញៀវអំពីភូមិទេសចរណ៍សហគមន៍ ឬពង្រីកផ្លូវគមនាគមន៍ជនបទ។ បច្ចុប្បន្ននេះ តំបន់ក៏យកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យនេះ ដូច្នេះហើយផ្លូវថ្នល់ចូលឃុំ Phuoc Binh ស្រស់ស្អាត និងជួយសម្រួលដល់ភ្ញៀវក្នុងពេលធ្វើដំណើរផងដែរ”។

ដើម្បីជួយជំរុញការធ្វើទេសចរណ៍របស់បងប្អូនប្រជាជនឲ្យកាន់តែមានជំនាញវិជ្ជាជីវៈ នាពេលខាងមុខ អាជ្ញាធរខេត្ត Ninh Thuan នឹងបន្តចលនាដល់ប្រជាជនរួមដៃគ្នាអនុវត្តន៍។ ទន្ទឹមនឹងនោះ ទាញយកប្រភពកម្លាំង បន្តវិនិយោគកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងលើកកំពស់គុណភាពផលិតផលទេសចរណ៍ បណ្ដុះបណ្ដាលប្រភពធនធានមនុស្សលើវិស័យទេសចរណ៍ សម្រាប់អង្គការនិងក្រុមសហគមន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ