ជួយទំនុកបម្រុងសិស្សានុសិស្សទៅសាលានៅឃុំ Dak Pxi ស្រុក Dak Ha ខេត្ត Kon Tum
(VOVWORLD) - ក្នុងឆ្នាំសិក្សាថ្មីនេះ ខេត្ត Kon Tum មានសិស្សានុសិស្សជនជាតិភាគតិចជាង ៩២ ០០០ នាក់។ នៅតាមតំបន់ឆ្ងាយដាច់ស្រយាលក្នុងខេត្ត ដោយសារតែស្ថានភាពសេដ្ឋកិច្ចគ្រួសារជួបការលំបាកនោះ កុមារា កមារីជាច្រើនគ្មានសៀវភៅ សម្លៀកបំពាក់ និងសម្ភារៈសិក្សានៅពេលទៅសាលារៀនឡើយ។
អ្នកគ្រូអ៊ុតសំលៀកបំពាក់ជូនសិស្ស |
នៅចំពោះតថភាពជាក់ស្ដែងនេះ នៅសាលាបឋមសិក្សា Nguyen Van Cu នៅភូមិលំបាកពិសេស Dak Pxi ស្រុក Dak Ha ខេត្ត Kon Tum នោះ លោកគ្រូ អ្នកគ្រូ មានរបៀបធ្វើប្រកបដោយប្រសិទ្ធភាព ដើម្បីរីកសាយភាយសេចក្ដីស្រឡាញ់ជួយទំនុកបម្រុងសិស្សានុសិស្សឲ្យបានទៅសាលារៀនផងដែរ។
ក្រោយពីរយៈពេលសិក្សារៀនសូត្រនៅផ្ទះ ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នោះ កុមារា កុមារីចំនួន ២៧៥ នាក់នៅ សាលាបឋមសិក្សា Nguyen Van Cu នៅឃុំលំបាកពិសេស Dak Pxi ស្រុក Dak Ha ទើបបានទៅសាលារៀនវិញ។ លោកគ្រូ Nguyen Trung Dung នាយកសាលាបានឲ្យដឹងថា៖ សិស្សានុសិស្សរបស់សាលាភាគច្រើនគឺជាកូនចៅបងប្អូនជនជាតិភាគតិច Xo Dang។ ទោះបីមានការត្រៀមរៀបចំលក្ខណៈទុកជាមុនហើយក៏ដោយ ប៉ុន្តែលោកគ្រូ អ្នកគ្រូនៅតែមានអារម្មណ៍អាណិតអាសូរ នៅពេលដែលមើលឃើញកូនសិស្សទៅសាលាដោយគ្មានស្បែកជើង ហើយស្លៀកសម្លៀកបំពាក់ និងសៀវភៅរបស់ពួកគេមិនមានគ្រាប់គ្រាន់។ លោកគ្រូបានឲ្យដឹងថា៖ “នៅចំពោះស្ថានភាពលំបាក់ជាក់ស្ដែងនៅសាលាដូច្នេះ ថ្នាក់ដឹកនាំសាលាបានធ្វើការចលនាដល់ជួរកម្មាភិបាល លោកគ្រូ អ្នកគ្រូ កម្មាភិបាល និងសប្បុរសជនដទៃទៀត ដើម្បីបំផុសការកសាងគំរូ “ ទៅសាលាយ៉ាងសប្បាយរីករាយ” ជួយឧបត្ថម្ភដល់ប្អូនសិស្សានុសិស្សនូវសំភារៈចាំបាច់នានាដូចជា៖ សំលៀកបំពាក់ ស្បែកជើង ដើម្បីធ្វើឱ្យប្អូនៗមានក្ដីសប្បាយរីករាយនៅពេលទៅសាលាផងដែរ”។
ដោយបាន រៀបចំបន្ទប់ដាច់ដោយឡែកក្នុងបរិវេណសាលានោះ គំរូ “ ទៅសាលាយ៉ាងសប្បាយរីករាយ” ដែលត្រូវបានគណៈនាយក និងលោកគ្រូ អ្នកគ្រូសាលាបឋមសិក្សា Nguyen Van Cu សាងសង់ឡើង បាននាំមកនូវអារម្មណ៍ដ៏កក់ក្ដៅ ស្និទ្ធិស្នាលជូនប្អូនៗសិស្សានុសិស្ស។ ក្នុងបន្ទប់នេះ មានឯកសណ្ឋានសិស្សជាង ៣០០ កំប្លេ ត្រូវបានលោកគ្រូ អ្នកគ្រូបោកអ៊ុត និងព្យូរយ៉ាងស្អាតបាត។ ប្អូន Y Tram Y Chung នៅថ្នាក់ 1B និងប្អូន A Tien A Hau A Vinh នៅថ្នាក់ 3B រួមជាមួយសិស្សានុសិស្សជាច្រើនទៀតមានអារម្មណ៍ភ្ញាក់ផ្អើលនៅពេល ដែលលោកគ្រូ អ្នកគ្រូជូនទៅកាន់បន្ទប់ “ ទៅសាលាយ៉ាងសប្បាយរីករាយ” ដើម្បីជ្រើសរើសយកសំលៀកបំពាក់ល្មមល្មមបំផុតសម្រាប់ខ្លួន ។ ប្អូន Y Tram និង A Tien បានសម្ដែងក្ដីសប្បាយរីករាយយ៉ាងដូច្នេះថា៖ "ប្អូនពិតជាសប្បាយរីករាយណាស់ ព្រោះថា អ្នកគ្រូ បាន ជូនឯកសណ្ឋាន ទៅសាលារៀនឲ្យប្អូន។ នៅផ្ទះប្អូនគ្មានអាវសទេ។ អ្នកគ្រូបានជូនអាវសដ៏ស្រស់ស្អាត ប្អូនពិតជាសប្បាយរីករាយណាស់។ ប្អូននឹងខិតខំព្យាយាមសិក្សារៀនសូត្រឲ្យបានល្អ"។
អ្នកគ្រូផ្ដល់សំលៀកបំពាក់ជូនសិស្ស |
ចំពោះអ្នកគ្រូ Nguyen Thi Thu Huong ដែលត្រូវបានគណៈនាយកសាលា បឋមសិក្សា Nguyen Van Cu ប្រគល់ភារកិច្ចរ៉ាប់រងគំរូ “ ទៅសាលាយ៉ាងសប្បាយរីករាយ” បានឲ្យដឹងថា៖ “នៅពេលដែលសប្បុរសជនបានប្រគល់ជូនសំលៀកបំពាក់ទាំងនេះ អ្នកគ្រូនឹងធ្វើការបោកអ៊ុតឲ្យស្អាតបាត ហើយពិនិត្យមើលថាតើមានការដាច់រហែកអ្វីខ្លះ ដើម្បីជួសជុល ហើយព្យួរនៅលើធ្នើរដូច្នេះ។ សិស្សានុសិស្សណា ដែលមានស្ថានភាពរស់នៅលំបាកនោះ អ្នកគ្រូនឹងនាំ មកទីនេះដើម្បីរកសំលៀកបំពាក់ទៅសាលាផងដែរ”។
ក្រៅពីគំរូ “ ទៅសាលាយ៉ាងសប្បាយរីករាយ” ប្រគល់សំលៀកបំពាក់ដល់សិស្សានុសិស្សដែលមានស្ថានភាពលំបាកនោះ សាលាបឋមសិក្សា Nguyen Van Cu ក៏បានបង្កើតទូសៀវភៅប្រើប្រាស់រួម ដោយបានជួយសិស្សានុសិស្សមានសៀវភៅសិក្សាប្រមាណ ១០០ នាក់។ គំរូ “ បណ្ណាល័យនៃក្ដីស្រឡាញ់” បានលើកទឹកចិត្តដល់ប្អូនបង្កើតវប្បធម៌អាន ដើម្បីទទួលបានចំណេះដឹង។ លោក U Ly អនុប្រធានគណៈកម្មាធិការឃុំ Dak Pxi បានវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ និងសេចក្ដីស្រឡាញ់របស់លោកគ្រូ អ្នកគ្រូផ្ដល់ជូនសិស្សានុសិស្ស៖ “សាលានេះមានសិស្សានុសិស្សជាច្រើនមកពីគ្រួសារក្រីក្រ។ សាលាមានគំនិតផ្តួចផ្តើមជាច្រើន ដោយអំពាវនាវដល់លោកគ្រូ អ្នកគ្រូ និងសាច់ញាតិគ្រូបង្រៀន ដែលមានលក្ខខ័ណ្ឌធូធារជាង ដើម្បីបរិច្ចាកសំលៀកបំពាក់ សៀវភៅ និងស្បែកជើង ជួយឧបត្ថម្ភដល់សិស្សានុសិស្សដែលមានស្ថានភាពលំបាកពិសេស។ ចំពោះអាជ្ញាធរវិញ ខ្ញុំបានសង្កេតឃើញថា គំរូនេះពិតជាល្អណាស់ ហើយចាំបាច់ត្រូវពង្រីកនៅសាលារៀនដទៃទៀតផងដែរ”។
ដោយមានការយកចិត្តទុកដាក់ ដែលពោរពេញទៅដោយសេចក្ដីស្រឡាញ់របស់លោកគ្រូ អ្នកគ្រូ ចំពោះសិស្សានុសិស្សនោះ សាលា បឋមសិក្សា Nguyen Van Cu នៅឃុំ Dak Pxi ស្រុក Dak Ha ខេត្ត Kon Tum ជានិច្ចកាលរក្សាល្អនូវអត្រាសិស្សានុសិស្សឧស្សាហ៍ព្យាយាម។ តាមរយៈការងាររបស់លោកគ្រូ អ្នកគ្រូ ក៏បានជះឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងដល់ ឪពុកម្តាយរបស់សិស្សានុសិស្ស ក្នុងការថែទាំដល់ការសិក្សារៀនសូត្ររបស់កូនៗផងដែរ៕