ជីវភាពរស់នៅរបស់ជនរួមជាតិខ្មែរនៅខេត្ត Tra Vinh បន្ត​រីកចម្រើន​តាមរយៈកម្មវិធីជនបទថ្មី

(VOVWORLD) - ដោយសាររងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ ១៩ នោះ កំណើនសេដ្ឋកិច្ចរបស់ខេត្ត Tra Vinh នៅឆ្នាំ ២០២១ បានថយចុះទាប បើប្រៀបធៀបនឹងរយៈពេលជាច្រើនឆ្នាំថ្មីៗនេះ។ យ៉ាងណាមិញ កម្មវិធីគោលដៅជាតិកសាងជនបទថ្មីបានជួយតំបន់ជនបទខេត្ត Tra Vinh បន្តផ្លាស់ប្ដូរមុខមាត់ថ្មី។ ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសគឺជនរួមជាតិខ្មែរបន្តរីកចម្រើនផងដែរ។
ជីវភាពរស់នៅរបស់ជនរួមជាតិខ្មែរនៅខេត្ត Tra Vinh បន្ត​រីកចម្រើន​តាមរយៈកម្មវិធីជនបទថ្មី - ảnh 1សកម្មភាពបង្កបង្កើនផលពោត

នៅឃុំ Ngoc Bien ស្រុក Tra Cu ដែលមានជនរួមជាតិខ្មែរជាង ៨១% នោះ ទោះបីរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែប្រជាជននៅទីនេះនៅតែប្តេជ្ញាចិត្តបំពេញបទដ្ឋានជនបទថ្មី។ អាស្រ័យហេតុនេះ ផ្ទៃដីស្រែបង្កបង្កើនផលស្រូវដែលមិនសូវមានប្រសិទ្ធភាព ត្រូវបានជំនួសដោយដាំ ដំណាំពោត សណ្តែកខៀវ សណ្តែកដី និងម្ទេសវិញ ហើយក្នុងមួយហិកតាទទួលបានប្រាក់ចំណេញពី ៤០ ទៅ ៥០ លានដុង/រដូវកាល ពោលគឺច្រើនជាងពីរ បី ដង បើប្រៀបធៀបនឹងការបង្កបង្កើនផលស្រូវ។

លោក Huynh Van Truong លេខាគណៈកម្មាធិការបក្សឃុំ Ngoc Bien បានចែករំលែកថា នាប៉ុន្មានឆ្នាំកន្លងទៅ បងប្អូនជនជាតិខ្មែរនៅឃុំ Ngoc Bien បានផ្លាស់ប្តូរចនាសម្ព័ន្ធដំណាំដាំដុះ ដោយដាំដំណាំឆ្លាស់គ្នាដើម្បីបង្កើនរដូវបង្កបង្កើនផល។ ក្នុងពេលនោះ ដើម្បីកាត់បន្ថយគ្រួសារក្រីក្រ និងគ្រួសារលើខ្សែបន្ទាត់ក្រីក្រនៅក្នុងភូមិសាស្ត្រឃុំនោះ គណៈ ដឹកនាំឃុំបានដាក់ចេញដំណោះស្រាយជាក់លាក់សមស្របនឹងមុខសញ្ញានីមួយៗ។ នៅពេលចាប់ផ្តើមកសាងជនបទថ្មីនោះ គ្រួសារក្រីក្ររបស់ឃុំបានស្រូបយកជាង ៣០% ប៉ុន្តែនាបច្ចុប្បន្ន អត្រានេះបានថយចុះនៅត្រឹម ២% តែប៉ុណ្ណោះ។ បច្ចុប្បន្ន Ngoc Bien កំពុងអនុវត្តន៍បទដ្ឋានឃុំជនបទថ្មីកម្រិតខ្ពស់។ លោក Huynh Van Truong បានឲ្យដឹងថា៖ “យើងខ្ញុំបានផ្តោតសំខាន់លើដំណោះស្រាយជាច្រើន។ ទីមួយ យើងខ្ញុំបានអនុវត្តន៍ផែនការសម្រាប់ភូមិនីមួយៗ គ្រួសារនីមួយៗ និងតម្រូវការរបស់គ្រួសារនីមួយៗ។ ទីពីរ យើងខ្ញុំបាន បង្កើតផែនការជួយឧបត្ថម្ភទុនផលិតកម្មជូនមុខសញ្ញានេះ ដោយផ្តល់អាទិភាពដល់គ្រួសារទាំងនេះ ដើម្បីកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព សំដៅសម្រេចរួចរាល់កម្មវិធីគោលដៅជាតិការសាងសង់ជនបទថ្មី”។

នៅភូមិ Trung Tien ដែលជាអតីតមូលដ្ឋានបដិវត្តន៍ ថ្វីត្បិតតែក្នុងបរិបទជំងឺរាតត្បាតកូវីដ ១៩ ហើយមនុស្សគ្រប់រូបសុទ្ធតែបានប្រតិបត្តិតាមវិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតក៏ហើយកសិផលនៅតែត្រូវបានធ្វើចរាចរ ប្រជាកសិករនៅតែទៅធ្វើស្រែចម្ការដដែល ខណៈពេលដែល សំណង់ធារាសាស្ត្រ និងផ្លូវគមនាគមន៍បន្តត្រូវបានជួសជុលពង្រីក។

ជីវភាពរស់នៅរបស់ជនរួមជាតិខ្មែរនៅខេត្ត Tra Vinh បន្ត​រីកចម្រើន​តាមរយៈកម្មវិធីជនបទថ្មី - ảnh 2សកម្មភាពចិញ្ចឹមគោរបស់ប្រជាកសិករ

ក្រោយរយៈពេលជាង ១១ឆ្នាំនៃការកសាងជនបទថ្មីមក នាបច្ចុប្បន្ន ខេត្ត Tra Vinh មានឃុំចំនួន ៧៨/៨៥ ទទួលស្គាល់បានបទដ្ឋានជនបទថ្មី។ ប្រាក់ចំណូលជាមធ្យមរបស់មនុស្សម្នាក់ នៅតាមឃុំជនបទថ្មីនានាគឺពី ៦០ ទៅ ៦៧ លានដុង; ជីវភាពរស់នៅបន្តត្រូវបានកែលម្អឡើងវិញ ជាពិសេសគឺនៅតាមតំបន់ ដែលមានជនរួមជាតិខ្មែររស់នៅយ៉ាងច្រើនកុះករ។ បច្ចុប្បន្ននេះ អត្រាគ្រួសារក្រីក្ររបស់ខេត្ត បានធ្លាក់ចុះមកត្រឹម ០,៨% តែប៉ុណ្ណោះ ក្នុងនោះ គ្រួសារពលរដ្ឋខ្មែរក្រីក្របានថយចុះមកត្រឹម ១,៧១% ពោលគឺថយចុះ ១,៥% បើធៀបនឹងឆ្នាំមុន។

រួមជាមួយការយកចិត្តទុកដាក់វិនិយោគរបស់បក្ស និងរដ្ឋនោះ បងប្អូនជនរួមជាតិខ្មែរបានខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាកជាច្រើន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងអនុវត្តន៍គោលដៅប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន។ សមិទ្ធិផលនេះកាន់តែត្រូវបានបង្ហាញយ៉ាងច្បាស់លាស់ក្នុងក្រុមគ្រួសារនីមួយៗ និងភូមិស្រុកនីមួយៗ។ ប្រការនេះក៏ជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដោយបង្កើតកម្លាំងចលករសម្រាប់បងប្អូនជនរួមជាតិខ្មែរ ដើម្បីទទួលបានជ័យជម្នះថ្មីៗ ក៏ដូចជាកសាងជីវភាពរស់នៅសម្បូរធូធារ និងសុភមង្គលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ