ដាំដំណាំម្រេចតាមទិសដៅប្រកបដោយចីរភាពជួយប្រជាកសិករខេត្ត Gia Lai ទទួលបានផលចំណេញ
(VOVWORLD) - Gia Lai គឺជាខេត្តមួយដែលមានផ្ទៃដីដាំដំណាំម្រេចធំបំផុតនៅខេត្ត Tay Nguyen ដោយមានផ្ទៃដីដាំដុះជាង ១៧ ០០០ហិកតា ហើយមានពេលខ្លះកើនឡើងដល់ ១៨ ០០០ ហិកតា។ នាប៉ុន្មានថ្ងៃនេះ ប្រជាកសិករក្នុងខេត្តកំពុងឈានចូលរដូវប្រមូលផលម្រេច។ ដំណាំម្រេចត្រូវបានដាំដុះតាមទិសដៅប្រកបដោយចីរភាព ដោយជួយចំការម្រេចរីកលូតលាស់ប្រកបដោយស្ថិរភាព ព្រមទាំងធានាប្រាក់ចំណេញជូនអ្នកដាំដុះផងដែរ។
សកម្មភាពផលិតកម្មរបស់សហករណ៍កសិកម្ម និងសេវាកម្ម Nam Yang (រូបថត៖ VOV) |
ក្រុមគ្រួសារលោកស្រី Nguyen Thi Le Thu (នៅភូមិ ៣ ឃុំ Nam Yang ស្រុក Dak Doa ខេត្ត Gia Lai) មានផ្ទៃដីដាំដំណាំម្រេចចំនួន ៥,៥ ហិកតា ក្នុងដំណាក់កាលប្រមូលផល។ លោកស្រីបានឲ្យដឹងថា ក្នុងការដាំដុះម្រេចសរីរាង្គ គ្រួសារលោកស្រីបានទុកឱ្យស្មៅដុះតាមធម្មជាតិក្នុងចំការ ដើម្បីជួយឱ្យដីមានសំណើមល្អ ។ ការប្រើប្រាស់ជីគីមីត្រូវបានកាត់បន្ថយជាអតិបរមា ថ្នាំគីមីក៏ត្រូវបានជំនួស ដោយផលិតផលជីវសាស្រ្តផងដែរ។ ដំណើរការដាំដុះត្រូវបានកត់ត្រាជារៀង រាល់ថ្ងៃ នៅក្នុងសៀភៅកំណត់ហេតុតាមរដូវកាល។ លោកស្រី Nguyen Thi Le Thu បានឲ្យដឹងថា៖ ក្នុងរដូវប្រមូលផលឆ្នាំនេះចំការទទួលបានទិន្នផលប្រមាណ ៣,៥ តោន/១ ហិកតា។ ទោះបីជាទិន្នផលទាបជាងមុន ប៉ុន្តែជាមួយនឹងតម្លៃ រហូតដល់១១០លាន ដុង/តោន គឺទទួលបានប្រាក់ចំណេញខ្ពស់ជាង៖ “ខ្ញុំបាnជ្រើសរើសទិសដៅដាំដុះសរីរាង្គ ដើម្បីជំនះពុះពារ លើការ លំបាក ដែលបណ្តាលមកពីអាកាសធាតុ និងជំងឺរាតត្បាត។ ជាសំណាងល្អ ខ្ញុំបាន តភ្ជាប់ជាមួយក្រុមហ៊ុន Hương Gia Vị Sơn Hà ដើម្បីប្រមូលទិញម្រេចសរីរាង្គសម្រាប់នាំចេញទៅកាន់អឺរ៉ុប។ ប្រការនេះមិនត្រឹមតែមានផលប្រយោជន៍សម្រាប់យើងខ្ញុំ និងក្រុមហ៊ុនប៉ុណ្ណោះទេ ថែមទាំងមានផលប្រយោជន៍សម្រាប់បរិស្ថានទៀតផង”។
កាលពី ២ ឆ្នាំមុន គ្រួសារដាំដំណាំម្រេចជាង ៥០ ក្រុមនៅឃុំ Nam Yang បានរួមគ្នាបង្កើតក្រុមផលិតកម្ម ធ្វើអាជីវកម្មម្រេចស្អាតប្រកបដោយចីរភាព។ អ្នកឈានមុខគេក្នុងចលនានេះគឺលោក Ngo Van Tien ប្រធានក្រុមសហករ។ លោក Ngo Van Tien បានចែករំលែកថា៖ “នៅពេលចូលរួមក្រុមសហករ បងប្អូនប្រជាកសិករបានរួមគ្នាចែករំលែកបទពិសោធន៍ និងរបៀបធ្វើល្អក្នុងផលិតកម្ម។ តាមនោះ ប្រជាកសិករបានតភ្ជាប់ជាមួយនឹងសហគ្រាសផ្គត់ផ្គង់បច្ចេកទេស និងជីសរីរាង្គ ដើម្បីទទួលបានតម្លៃធាតុចូលទាបបំផុត។ ដូចគ្នានេះដែរ ប្រជាកសិករបានជ្រើសរើសដៃគូ ដើម្បីកាត់បន្ថយការចំណាយដែលមិនចាំបាច់ អន្តរការី។ ដោយអាស្រ័យលើការដាំដុះតាមទិសដៅសរីរាង្គ តម្លៃ ផលិតផលតែងតែខ្ពស់ជាងទ្វេដង បើប្រៀបធៀបនឹងផលិតផលផ្សេងទៀត”។ យោងតាមលោក Tien បានឲ្យដឹងថា ប្រសិនបើមានបំណងចង់ផ្លាស់ប្តូរពីរបៀបធ្វើតាមបែបប្រពៃណីតាមទិសដៅបច្ចេកវិទ្យាខ្ពស់ និងផលិតកម្មស្អាត គឺត្រូវអនុវត្តន៍ជាជំហានៗ។ នេះគឺជាបដិវត្តន៍ ផ្លាស់ប្តូរការត្រិះរិះ។ ប្រសិនបើទទួលបានជោគជ័យ ប្រជាកសិករនឹងមានភាពម្ចាស់ការ ដោយមិនសូវពឹងផ្អែកលើកត្តាខាងក្រៅ ដូចជាការប្រែប្រួលតម្លៃ ក្នុងនោះមានតម្លៃធាតុចូល និងហានិភ័យផ្សេងៗទៀត។
និយាយអំពីគំរូ “កសិករតភ្ជាប់ជាមួយកសិករ” ក្នុងការដាំដំណាំម្រេចនោះ លោក Nguyen Tan Cong - ប្រធានក្រុមប្រឹក្សាភិបាលនៃសហករណ៍សេវាកម្ម និងកសិកម្ម Nam Yang បានឲ្យដឹងថា៖ កាលពីឆ្នាំ ២០១៨ សហករណ៍មានសមាជិកចំនួន ១៥ នាក់ ហើយផ្ទៃដ៏ដាំដំណាំម្រេចជាង ៥០ ហិកតា។ ក្រោយរយៈពេលប្រតិបត្តិការមក បងប្អូនប្រជាជនបានចាប់អារម្មណ៍ចូលរួមសហករ ព្រោះថា ម្រេចរបស់សហករណ៍មានតម្លៃច្រើនជាង ពី ១,៥-២ ដងបើប្រៀបធៀបនឹងតម្លៃធម្មតា។ ជាពិសេស សហករណ៍ក៏បានទាក់ទងជាមួយសហគ្រាសចំនួន ២ អង្គភាពនៅទីក្រុងហូជីមិញ ដើម្បីប្រមូលទិញផលិតផលផងដែរ។
បច្ចុប្បន្ននេះ សហករណ៍សេវាកម្ម និងកសិកម្ម Nam Yang មានផ្ទៃដីដាំដំណាំម្រេចចំនួន ៨០ ហិកតា ក្នុងនោះមានផ្ទៃដីជាង ៤០ ហិកតាត្រូវបានដាំដុះតាមទិសដៅសរីរាង្គ ទទួលបានស្តង់ដារនាំចេញទៅកាន់ បណ្ដាប្រទេសដែលមានលក្ខខ័ណ្ឌគុណភាពយ៉ាងតឹងរ៉ឹង។ លោក Nguyen Tan Cong ប្រធានក្រុមប្រឹក្សាភិបាលបានឲ្យដឹងថា៖ “ដោយឆ្លងកាត់ជំងឺរាតត្បាត និងវិបត្តិតម្លៃក្នុងឆ្នាំ ២០១៧ ២០១៨ និង ២០២០ ប្រជាកសិករយើងខ្ញុំមានការយល់ដឹងជាច្រើន។ ឥឡូវនេះ ប្រជាកសិករទទួលបានផលចំណេញ ហើយបានអនុវត្តន៍ការដាំដុះឆ្លាស់គ្នា។ យើងខ្ញុំ និងប្រជាកសិករបានតម្រង់ទិសដៅដាំដុះប្រកបដោយចីរភាព ដាំដុះអេកូឡូស៊ី សរីរាង្គ ឆ្ពោះទៅរកនិរន្តរភាពអំពីបរិស្ថាន ប្រាក់ចំណូល និងស្ថេរភាពរបស់ចម្ការផងដែរ”។
យោងតាមលោក Doan Ngoc Co អនុប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Gia Lai បានឲ្យដឹងថា បច្ចុប្បន្ននេះផ្ទៃដីដាំដំណាំម្រេចសរុបនៅខេត្ត Gia Lai គឺ ១៣ ៦០០ ហិកតា។ ក្នុងរដូវប្រមូលផលឆ្នាំនេះទិន្នផលជាមធ្យមសម្រេចបាន ៣,៣៧ តោន / ១ ហិកតា។ ប្រការគួរឲ្យសប្បាយរីករាយគឺ ក្នុងរយៈពេល ២ ឆ្នាំ កន្លងទៅ តម្លៃម្រេចបានកើនឡើងពី ៧ មឺន ៥ ពាន់ ដុង ដល់ជាង ៨ មឺនដុង/គីឡូក្រាម ប៉ុន្តែមិនមានស្ថានការណ៍កាប់ដើមឈើចោលដើម្បីដាំម្រេចយ៉ាងច្រើននោះឡើយ។ លោក Doan Ngoc Co បានចាត់ទុកថា ការវិនិយោគដោយប្រុងប្រយ័ត្ន និងការផ្លាស់ប្ដូរការដាំដុះម្រេចសរីរាង្គបានជួយប្រជាកសិករទទួលបានប្រាក់ចំណូលស្ថិរភាព៖ “ផ្ទៃដីដាំដំណាំម្រេចពីមុនត្រូវបានផ្ទេរប្ដូរទៅជាដំណាំផ្សេងទៀតដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។ បច្ចុប្បន្ន ផ្ទៃដីដាំដំណាំម្រេចទាំងមូលត្រូវបានអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ហើយត្រូវបានផ្លាស់ប្ដូរទិសដៅផលិតកម្មតាមស្ដង់ដារប្រកបដោយចីរភាព។ ដូច្នេះហើយផលិភាព និងទិន្នផលមានស្ថិរភាពផងដែរ”។
ការដាំដំណាំម្រេចតាមទិសដៅសរីរាង្គប្រកបដោយនិរន្តរភាពនឹងមិនធ្វើឱ្យខាតបង់ឡើយ បើទោះបីការចំណាយ និងលក្ខខ័ណ្ឌដំបូងខ្ពស់ ប៉ុន្តែនៅពេលទទួលបានជោគជ័យហើយ គឺមានប្រសិទ្ធភាពខ្ពស់ណាស់។ ជាមួយនឹងទិសដៅនេះ ប្រជាកសិករខេត្ត Gia Lai កំពុងទទួលបានរដូវអំណោយផលផងដែរ៕