ដាំដើមគូលេននៅលើដីគ្មានជីជាតិ ដោយទទួលបានផលចំណេញ​កន្លះពាន់លាន​ដុងក្នុងមួយហិកតា

(VOVWORLD) -  នៅពេលដែលដំណាំឧស្សាហកម្មប្រពៃណីដូចជាកាហ្វេ ម្រេច និងកៅស៊ូកំពុងរងផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុ និងតម្លៃមិនស្ថិរភាពនោះ នៅតាមមូលដ្ឋានជាច្រើននៅតំបន់ Tay Nguyen បានម្ចាស់ការផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំដាំដុះ។ 
ដាំដើមគូលេននៅលើដីគ្មានជីជាតិ ដោយទទួលបានផលចំណេញ​កន្លះពាន់លាន​ដុងក្នុងមួយហិកតា - ảnh 1ប្រជាកសិករថែរក្សាដើមគូលេន (រូបថត៖ VOV)

ទីកន្លែងជាច្រើនមានការបោះជំហានជាមួយនឹងផលិតផលកសិកម្ម ប្រកបដោយមានគុណភាព និងប្រសិទ្ធភាព។ ដើមគូលេនដែលនាំយកពីតំបន់ភាគខាងជើងមកដាំដុះនៅលើដីគ្មានជីជាតិនៅស្រុក Ea Kar ខេត្ត Dak Lak គឺជាគំរូមួយ ដោយនាំមកនូវប្រាក់ចំណូលរហូតដល់ កន្លះពាន់លានដុងក្នុងមួយហិកតាក្នុងមួយឆ្នាំផងដែរ។

លោក Le Van Minh ពលរដ្ឋម្នាក់មកពីភូមិ ទី ៨ ឃុំ Ea Sar ស្រុក Ea Kar ខេត្ត Dak Lak មានផ្ទៃដីទំហំ ៤ ហិកតា។ កាលពីមុននៅលើផ្ទៃដីនេះ លោកបានដាំដើមកាហ្វេ និងម្រេច ប៉ុន្តែដើមម្រេចបានងាប់ជាបន្តបន្ទាប់ ហើយតម្លៃកាហ្វេក៏មិនទៀងទាត់ដោយរកបានប្រាក់ចំណេញទាបផងដែរ។ ក្នុងរយៈពេលប្រមាណ ៨ ឆ្នាំថ្មីៗនេះ  លោកបានចាប់ផ្ដើមផ្ទេរប្តូរពីការដាំដើមកាហ្វេ និងម្រេចទៅជាដាំដើមគូលេនវិញ ដោយបានជ្រើសរើសពូជដំណាំ នៅ Thanh Ha ខេត្ត Hai Duong ។ បច្ចុប្បន្ននេះ ផ្ទៃដី ៤ ហិកតាត្រូវបានលោកប្តូរទៅដាំដើមគូលេនវិញ។ ចម្ការរបស់លោក Minh ក៏បានអនុវត្តន៍តាមស្តង់ដារ VietGap ដែរ។ ដោយហេតុនេះ ផលិតផលផ្លេគូលេន មានគុណភាពល្អនិងតម្លៃខ្ពស់។ ផ្ទៃដីដាំដើមគូលេន ១ ហិកតាអាចប្រមូលផលគូលេនចំនួន ១៥ តោន ក្នុងតម្លៃពី ៣៥ ០០០ ទៅ ៤០ ០០០០ ដុងក្នុងមួយគីឡូក្រាម ហើយគ្រួសារលោកអាចរកបានប្រាក់ចំណេញពី ៥០០-៦០០ លានដុង / ហិកតា / ឆ្នាំ ដែលខ្ពស់ជាងកាដាំដើមកាហ្វេ ១០ ដង។ លោក Minh បានចែករំលែកថា៖ “ប្រសិនបើរដូវអំណោយផលនោះ គឺខ្ញុំអាចប្រមូលផ្លែគូលេនពី ៥០ តោនឡើងទៅ។ តាមរយៈស្តង់ដា VietGap នេះ យើងអាចបង្កបង្កើនផលគូលេនដោយគ្មានជាតិគីមី សម្រាប់អតិថិជនបរិភោគប្រកបដោយគុណភាពផងដែរ”។

នៅពេលដែលតំបន់ដាំដើមគូលេនបានអភិវឌ្ឍន៍នៅឃុំ Ea Sar នោះ ប្រជាកសិករបានបង្កើតការតភ្ជាប់ក្នុងផលិតកម្ម និងការប្រមូលទិញ។ លោក Nguyen Van Binh ប្រធាន និងជានាយកសហករណ៍កសេវាកម្មកសិកម្ម Thanh Binh ឃុំ Ea Sar បានឲ្យដឹងថា៖ តាមរយៈការបង្កើតសហករណ៍នឹងជួយសម្រួលប្រជាកសិករទទួលបានវត្ថុធាតុដើមប្រកបដោយគុណភាពក្នុងតម្លៃសមរម្យ។ ទន្ទឹមនឹងនេះ សហករណ៍ក៏នឹងតម្រង់ទិសដៅដើម្បីប្រជាកសិករផលិតកម្មស្របតាមស្តង់ដារគុណភាពដូចជា VietGap, GlobalGap។ ដោយហេតុនេះអាចឆ្លើយតបតាមតម្រូវការនាំចេញទៅកាន់ប្រទេសជិតខាងក៏ដូចជាទីផ្សារផ្សេងទៀតដែលមានស្តង់ដារខ្ពស់ដូចជា អឺរ៉ុប ជប៉ុន អាមេរិក និង កូរ៉េខាងត្បូង។ លោកបានឲ្យដឹងថា៖ “ខ្ញុំបានបង្កើតសហករណ៍នេះដោយមានគោលបំណងចង់ស្វែងរកធាតុចេញសម្រាប់ផ្លែគូលេន ពោលគឺមិនត្រឹមតែលក់នៅក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងនាំចេញទៅកាន់ទីផ្សារបរទេសទៀតផង។ ទន្ទឹមនឹងនេះ អនុវត្តន៍ស្តង់ដារ VietGap ដើម្បីធានាគុណភាព សុវត្ថិភាពចំណីអាហារជូនអតិធថិជនផងដែរ”។

ដាំដើមគូលេននៅលើដីគ្មានជីជាតិ ដោយទទួលបានផលចំណេញ​កន្លះពាន់លាន​ដុងក្នុងមួយហិកតា - ảnh 2លោក Le Van Minh ពលរដ្ឋម្នាក់មកពីភូមិ ទី ៨ ឃុំ Ea Sar ស្រុក Ea Kar ខេត្ត Dak Lak មានផ្ទៃដីទំហំ ៤ ហិកតា (រូបថត៖ VOV)

លោក Ho Tan Cu  ប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុក Ea Kar បានប្រាប់ឲ្យដឹងថា៖ ដោយសារផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងតម្លៃមិនប្រកបដោយស្ថិរភាពនោះ ដំណាំឧស្សាហកម្មសំខាន់ៗជាច្រើនដូចជាកាហ្វេ ម្រេច និងកៅស៊ូមិនទទួលបានប្រសិទ្ធភាព ខ្ពស់ទេ។ ដូច្នេះ ផ្នែកកសិកម្មស្រុកបានសហការជាមួយប្រព័ន្ធនយោបាយនៅថ្នាក់ឃុំនិងភូមិ ដើម្បីចលនាប្រជាកសិករឱ្យផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំឲ្យបានសមស្រម។  នាបច្ចុប្បន្ននេះ ស្រុកទាំងមូលបាផ្ទេរប្ដូរផ្ទៃដីប្រមាណ ៤០០០ ហិកតា ពីដំណាំឧស្សាហកម្មទៅជាដើមឈើហូបផ្លែវិញ។ យោងតាមលោក  Ho Tan Cu  ថា ចំណុចអំណោយផលសម្រាប់ការបង្ករបង្កើនផលផ្លែគូលេននៅឃុំ Ea Kar គឺអាកាសធាតុខុសប្លែក បានជាប្រជាកសិករអាចប្រមូលផលគូលេនទុំ មុនមួយខែបើប្រៀបធៀបនឹងរដូវប្រមូលផលនៅភាគខាងជើង។ ដូច្នេះអាច ប្រមូលលក់ក្នុងតម្លៃសមរម្យយ៉ាងងាយស្រួល។ លោកបានឲ្យដឹងថា៖ “ក្រៅពីបញ្ហាផ្ទេរប្ដូររចនាសម្ព័ន្ធដំណាំដាំដុះប្រកបដោយប្រសិទ្ធភាពនិងចីរភាពនោះ គឺបញ្ហាតភ្ជាប់ប្រជាកសិករ និងការរៀបចំផលិតកម្មតាមខ្សែសង្វាក់គឺមានសារៈសំខាន់ណាស់។ យើងក៏បានតភ្ជាប់សហគ្រាសកែច្នៃ ប្រមូលទិញផលិតផល និងសហគ្រាសវិនិយោគមួយចំនួន ហើយតភ្ជាប់ជាមួយសហករណ៍ឃុំជាមួយប្រជាកសិករ ដើម្បីនាំមកនូវប្រសិទ្ធភាពជូនប្រជាកសិករផងដែរ”។

ការផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំដាំដុះដោយម្ចាស់ការ ហើយផ្លាស់ប្តូរការត្រិះរិះផលិតកម្ម អនុវត្តស្តង់ដារគុណភាព ដើម្បីបង្កើតផលិតផលដែលមានសុវត្ថិភាព ហើយតភ្ជាប់គ្នាធានាធាតុចូលនិងជាតិចេញប្រកបដោយស្វិរភាពគឺជាទិសដៅដ៏ត្រឹមត្រូវសម្រាប់អ្នកដាំដើមគូលេននៅជុំ Ea Kar។ ដូច្នេះ ដើមគូលេនកំពុងនាំមកនូវ ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជូនប្រជាកសិករនៅទីនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ