ដើមទេព្វិទូជួយប្រជាជនស្រុក Muong Tu មានជីវភាពរស់នៅសម្បូរធូធារ
(VOVWORLD) - ជម្រាលភ្នំទទេ និងផ្ទៃដីដាំដុះគ្មានជីជាតិនៅខេត្ត Lai Chau កំពុងត្រូវបានគ្របដណ្តប់ដោយព្រៃឈើទេព្វិរូ។ ផ្ទៃដីដាំដើមទេព្វិរូកំពុងត្រូវបានពង្រីកជាបណ្តើរៗ ក្លិនក្រអូបពីដើមទេព្វិរូកំពុងត្រូវបានរីកសាយភាយនៅទូទាំងភូមិស្រុក ហើយនាំមកនូវប្រាក់ចំណូលប្រកបដោយស្ថិរភាពជាជំហានដំបូង និងជាសញ្ញាបង្ហាញថារដូវអំណោយផលកំពុងមកដល់ហើយ។
ដើមទេព្វិទូជួយប្រជាជនស្រុក Muong Tu មានជីវភាពរស់នៅសម្បូរធូធារ |
អ្នកស្រី Vàng Lò Pứ ជនជាតិ La Hủ នៅភូមិ Pắc Ma ឃុំ Mường Tèបានចែករំលែកថា គ្រួសារអ្នកស្រី និងគ្រួសារមួយចំនួនទៀតក្នុងភូមិបានចាប់ផ្ដើមសាកពិសោធន៍ដាំដើមទេព្វិរូចាប់តាំងពីឆ្នាំ ២០១៦ មក តាមការណែនាំរបស់ឃុំ និងស្រុក។ តាមរយៈការសាកពិសោធន៍បានសរឲ្យឃើញថា ដើមទេព្វិរូមានអត្រា រស់ខ្ពស់ ត្រូវគ្នានឹងដីធ្លី ហើយរីកលូតលាស់និងអភិវឌ្ឍបានយ៉ាងល្អ។ ក្រោយរយៈពេលដាំដុះបានជាង ៤ ឆ្នាំ ផ្ទៃដីដាំដើមទេព្វិរូត្រូវបានប្រមូលផលហើយ។ ជាមួយនឹងផ្ទៃដី ១,៦ ហិកតាបច្ចុប្បន្ន គ្រួសារអ្នកស្រីរកបានប្រាក់ចំណូលជាង ៣០ លានដុង (១ ២០០ ដុល្លារអាមេរិក) ក្នុងមួយឆ្នាំៗ៖
“គ្រួសារខ្ញុំបានដាំដើមទេព្វិរូចាប់តាំងពីឆ្នាំ ២០១៧ ហើយនាបច្ចុប្បន្ននេះ ទួលដីដាំដើមទេព្វិរូរបស់គ្រួសារបានប្រមូលផលចំនួន ៣ ឆ្នាំហើយ។ អាស្រ័យហេតុនេះ គ្រួសារខ្ញុំមានជីវភាពធូធារជាងមុន ហើយលែងបារម្ភពីបញ្ហាសេដ្ឋកិច្ចទៀតហើយ”។
ចាប់ពីផ្ទៃដីដាំដើមទេព្វិរូសាកពិសោធន៍ដំបូងដែលមានប្រសិទ្ធភាពមក នាប៉ុន្មានឆ្នាំបន្តបន្ទាប់ ដោយទទួលបានការជួយឧបត្ថម្ភជាពូជដំណាំ ជីរបស់អាជ្ញាធរ ប្រជាជនឃុំ Mường Tè បានពង្រីកផ្ទៃដីដាំដុះ។ ផ្ទៃដីធ្វើវប្បកម្មគ្មានជីជាតិភាគច្រើនកាលពីមុន ត្រូវបានបងប្អូនប្រជាជនផ្លាស់ប្ដូរទៅដាំដើមទេព្វិរូវិញ។ មកទល់នឹងពេលនេះ ឃុំទាំងមូលមានផ្ទៃដីដាំដើមទេព្វិរូជាង ២០០ ហិកតា ហើយកំពុងបន្តពង្រីកផ្ទៃដី ជាមួយគោលបំណងនាំដើមទេព្វិរូក្លាយទៅជាដំណាំដាំដុះមុខព្រួញក្នុងតំបន់។ លោក Lý Văn Chánh អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Mường Tè ស្រុក Mường Tè មានប្រសាសន៍ថា៖
“ដើមទេព្វិទូត្រូវបានដាំនៅឃុំចាប់ពីឆ្នាំ ២០១៦។ នាគ្រាដំបូង ឃុំដាំសាកពិសោធន៍ត្រឹមតែ ១០ ហិកតាតែប៉ុណ្ណោះ។ ប៉ុន្មានឆ្នាំបន្តបន្ទាប់ ឃុំបានចលនាដល់បងប្អូនអ្នកឃុំដាំដុះឲ្យបានច្រើនថែមទៀត ហើយបច្ចុប្បន្ននេះបានបង្រីកផ្ទៃដីដាំដុះជាង ២០០ ហិកតាហើយ។ ដើមទេព្វិទូត្រូវបានវាយតម្លៃថារីកលូតលាស់ អាកាសធាតុក៏អំណោយផល ហើយកំពុងផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចល្អប្រសើរផងដែរ”។
ដើមទេព្វិរូបានចាក់ឬសតាមឃុំ និងទីរួមស្រុកចំនួន ១៣ នៅភូមិសាស្ត្រស្រុកព្រំដែន Mường Tè ហើយបន្ទាប់ពីរយៈពេលជាង ៧ ឆ្នាំដាំដុះមក បច្ចុប្បន្ននេះស្រុកមានផ្ទៃដីដាំដាំដុះជាង ២៣០០ ហិកតា។ ផ្ទៃដីដាំដើមទេព្វិរូជាង ៥០% ដែលមានអាយុលើសពី ៤ ឆ្នាំ ត្រូវបានប្រជាជនកាត់មែកនិងស្លឹកសម្រាប់លក់ដោយមានប្រាក់ចំណូលជាមធ្យមពី ១៥ ទៅ ២០ លានដុង/ ហិកតា / ឆ្នាំ (៦០០-៨០០ ដុល្លារអាមេរិក) រួមចំណែកកាត់បន្ថយអត្រា ភាពក្រីក្រក្នុងស្រុកជាមធ្យមជាង ៥% ក្នុងមួយឆ្នាំ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ លោក Dao Van Khanh ប្រធានគណៈកម្មាធិការប្រជាជនស្រុក Muong Te ខេត្ត Lai Chau បានមានប្រសាសន៍ថា៖
“ក្រោយរយៈពេលច្រើនឆ្នាំនៃការសិក្សាគំរូពាក់ព័ន្ធនឹងវិស័យកសិកម្ម និងរុក្ខកម្មមក គឺអាចអះអាងថា ស្រុកបានជ្រើសរើសទិសដៅដ៏ត្រឹមត្រូវគឺដាំដើមទេព្វិរូ។ ប្រាក់ចំណូលពីដើមទេព្វិរូមានការបោះជំហានផ្លាស់ប្តូរក្នុងរយៈពេលកន្លងទៅ។ បងប្អូនប្រជាជនបានសាងសង់ផ្ទះធំទូលាយ ហើយទទួលបានប្រាក់ចំណូលស្ថិរភាពយូរអង្វែងពីដើមទេព្វិទូផងដែរ”។
ដើមទេព្វិទូជួយប្រជាជនស្រុក Muong Tu មានជីវភាពរស់នៅសម្បូរធូធារ |
ទន្ទឹមនឹងការអភិវឌ្ឍតំបន់វត្ថុធាតុដើមទេព្វិទូ ស្រុក Muong Te បានបង្កលក្ខណៈងាយស្រួល និងបានអញ្ជើញវិនិយោគិនមកសិក្សា និងសហការគ្នា ដើម្បីដាំ និងប្រមូលទិញផលិតផលរបស់បងប្អូនប្រជាជន។ បច្ចុប្បន្ននេះ រោងចក្រកែច្នៃផលិតផលពីទេព្វិទូដើមដំបូងនៅខេត្ត Lai Chau ត្រូវបានបណ្តាក់ទុនសាងសង់ និងដាក់ឱ្យដំណើរការនៅស្រុក Muong Te។ ជាមួយនឹងផលិតភាពកែច្នៃមែក និងស្លឹកឈើចំនួន ១០០ តោនក្នុងមួយថ្ងៃរោងចក្រនេះកំពុងជួយគ្រួសាររាប់ពាន់គ្រួមានប្រភពចំណូលស្ថិរភាពពីការកាត់មែកឈើ និងស្លឹកឈើនៅទួលដីដាំដើមទេព្វិរូរបស់គ្រួសារខ្លួន។ យោងតាមលោក Dao Van Khanh ប្រធានគណៈកម្មាធិការប្រជាជនស្រុក Muong Te ខេត្ត Lai Chau បានឲ្យដឹងថា៖
“យើងខ្ញុំបានកំណត់យកដើមទេព្វិទូជាដើមឈើមុខព្រួញ ហើយជ្រើសរើសវិនិយោគិនឈានមុខ ដើម្បីជួយឧបត្ថម្ភបងប្អូនប្រជាជនអភិវឌ្ឍន៍ដើមទេព្វិទូនៅទូទាំងស្រុក។ នារយៈពេលកន្លងទៅ វិនិយោគិនចំនួន ៣ បានមកសិក្សា និងដាំដើមទេព្វិទូនៅស្រុកហើយ។ វិនិយោគិនក៏បានសហការជាមួយប្រជាកសិករនៅតាមឃុំនានា ដែលមានសក្តានុពល អាកាសធាតុ និងដីធ្លីសមស្រប ដើម្បីដាំដុះ និងពង្រីកផ្ទៃទីដាំដើមទេព្វិទូផងដែរ”។
ផ្ទៃដីដាំដើមទេព្វិទូនៅភូមិសាស្ត្រស្រុក Muong Te ខេត្ត Lai Chau ត្រូវបានពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ ហើយក្លាយទៅជាដើមឈើស្នូលក្នុងឃុំ ក្នុងការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ។ ទំនុកចិត្តរបស់ប្រជាជនអំពីដើមទេព្វិទូត្រូវបានពង្រឹងតាមរយៈប្រាក់ចំណូលប្រចាំថ្ងៃពីការលក់មែកឈើ និងស្លឹកឈើ។ ប្រការនេះនឹងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ដើមទេព្វិទូក្លាយទៅជាដើមឈើស្នូល នាំមកនូវជីវភាពសម្បូរធូធារជូនបងប្អូនជនជាតិក្នុងតំបន់ផងដែរ៕