ដើមមន និងដង្កូវនាងជួយផ្លាស់ប្ដូរមុខមាត់តំបន់ព្រៃភ្នំ

(VOVWORLD) - នៅតំបន់ព្រៃភ្នំ Tran Yen ខេត្ត Yen Bai ប្រជាជនមានប្រាក់ចំណូលច្រើនជាង ៣ ទៅ ៤ ដង ដោយអាស្រ័យលើការផ្លាស់ប្ដូរពីការដាំស្រូវ និងដំណាំទៅជាការដាំដើមមន និងចិញ្ចឹមដង្កូវនាង។គ្រួសារជាច្រើនមានប្រាក់ចំណូលរាប់សិបលានដុងដល់រាប់រយលានដុងក្នុងមួយឆ្នាំ។ ជីវភាពរស់នៅរបស់ប្រជាជននៅតាមឃុំជនបទថ្មីនៅទីនេះកំពុងផ្លាស់ប្ដូរពីដើមមន និងដង្កូវនាងពីមួយថ្ងៃទៅមួយថ្ងៃ។
ដើមមន និងដង្កូវនាងជួយផ្លាស់ប្ដូរមុខមាត់តំបន់ព្រៃភ្នំ - ảnh 1ដើមមន និងដង្កូវនាងជួយផ្លាស់ប្ដូរមុខមាត់តំបន់ព្រៃភ្នំ

នៅពេលដែលដង្កូវនាងញាស់ចេញពងជាលើកដំបូងក្នុងវដូវដាំដើមមន និងចិញ្ចឹមដង្កូវ
នាងឆ្នាំនេះ លោកស្រី Tran Thi Hoan មកពីភូមិ Ngoi Hop ឃុំ Bao Dap ស្រុក Tran Yen ខេត្ត Yen Bai បានចាប់ផ្តើមត្រៀមរៀបចំសម្បុកដង្កូវនាងបន្តទៀត។ ថ្វីត្បិតតែមានអាយុជិត ៧០ ឆ្នាំហើយក៏ដោយ ប៉ុន្តែលោកស្រី Hoan និងស្វាមីនៅតែឧស្សាព្យាយាមធ្វើវប្បកម្មលើផ្ទៃដីជិត ៣ ០០០ ម៉េត្រក្រឡា។ លោកស្រី Hoan បានឲ្យដឹងថា ទុនវិនិយោគដើមដំបូងមិនសូវច្រើនឡើយ ហើយអាចប្រមូលទុនវិញយ៉ាងឆាប់រហ័ស បច្ចេកទេសថែទាំមិនពិបាក ការងារមិនសូវធ្ងន់ពេកដែរ ដូច្នេះហើយ សមស្របនឹងគ្រួសារលោកស្រី។ ជាមធ្យម ជារៀងរាល់ឆ្នាំ គ្រួសារលោកស្រី Hoan រកបានប្រាក់ចំណូលប្រមាណ ៧០ លានដុង (ជិត ៣០០០ ដុល្លារអាមេរិក) ពីការដាំដើមមន និងចិញ្ចឹមដង្កូវនាង៖ “តាំងពីពេលចិញ្ចឹមដង្កូវនាងមក សេដ្ឋកិច្ចគ្រួសារនាងខ្ញុំបានប្រសើរឡើង មិនបាច់ពឹងលើកូនៗទៀតឡើយ។ ក្រៅពីនោះ យើងខ្ញុំក៏មានលទ្ធភាពបរិច្ឆាកទឹកប្រាក់ដល់គម្រោងនានារបស់ភូមិ ដូចជា សាងសង់ផ្ទះសហគមន៍ ឬធ្វើផ្លូវថ្នល”។

ក្នុងពេលនោះ ក្រុមគ្រួសាររបស់អ្នកស្រី Nguyen Thi Thao ទើបតែប្រកបរបរដាំដើមមន ចិញ្ចឹមដង្កូវនាង។ ដើម្បីកាត់បន្ថយហានិភ័យ និងធានាធាតុចេញប្រកបដោយស្ថិរភាព គ្រួសារលោកស្រីបានចូលរួមសហករណ៍របស់តំបន់ ហើយទទួលបានជោគជ័យក្នុងការចិញ្ចឹមដង្កូវនាងជាលើកដំបូង។ លោកស្រី Nguyen Thi Thao បានចែករំលែកថា៖ “នាគ្រាដំបូង នាងខ្ញុំបានចិញ្ចឹមដង្កូវចំនួន ២ ចង្អេរ ហើយក៏ទទួលបានការជួយឧបត្ថម្ភរបស់សមាជិកសហករណ៍ផងដែរ។ នៅពេលដែល ដើមមន និងដង្កូវនាងមានជំងឺ សមាជិកសហករណ៍ចុះមកមើលផ្ទាល់ព្រោះថានាងខ្ញុំមិនសូវមានបទពិសោធន៍ច្រើនឡើយ។ សម្បុកនាងមានតម្លៃពី ១៨ ម៉ឺន ដល់ ១៩ ម៉ឹនដុង/គីឡូក្រាម។ ដូច្នេះហើយនាងខ្ញុំទទួលបានប្រាក់ចំណូលប្រកបដោយប្រសិទ្ធភាពផងដែរ”។

នាបច្ចុប្បន្ន ឃុំ Bao Dap មានផ្ទៃដីដាំដើមមនប្រមាណ ១៥០ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលជាង ១៣២ ហិកតា។ ដោយមានផ្ទៃដីដាំដើមមនទាំងនេះ របរចិញ្ចឹមដង្កូវនាងក្នុងឃុំកាលពីឆ្នាំមុនគឺប្រមូលបានទិន្នផលប្រមាណ ២១០ តោន ជាមួយប្រាក់ចំណូលចំនួន ២០ ពាន់លានដុង (ជាង ៨៥០ ពាន់ដុល្លារអាមេរិក)។

 គោលដៅរបស់ឃុំ Bao Dap គឺពង្រីកផ្ទៃដីដាំដើមមនដើម្បីអភិវឌ្ឍន៍របរចិញ្ចឹមដង្កូវនាងពីមួយថ្ងៃទៅមួយថ្ងៃ។ ដើម្បីសម្រេចបានប្រការនេះ ឃុំបានផ្ដោតសំខាន់លើការស្វែករកធាតុចេញសម្រាប់ផលិតផលប្រកបដោយស្ថិរភាព។ លោកស្រីNgo Thi Thuy Van ប្រធានសមាគមកសិករឃុំ Bao Dap ស្រុក Tran Yen ខេត្ត Yen Bai បានឲ្យដឹងថា៖ “កាលពីមុន នៅពេលដែលមិនទាន់សហការជាមួយគ្នា បងប្អូនប្រជាជនបានចិញ្ចឹម និងលក់ផលិតផលទៅឲ្យឈ្មួញឯកជនតាមទីផ្សារដោយខ្លួនឯង។ កាលពីឆ្នាំមុន រោងចក្ររវៃសូត្រស្វ័យប្រវត្តិត្រូវបានសាងសង់នៅភូមិសាស្ត្រឃុំ Bao Dap។ ដូច្នេះហើយ ប្រជាជនក្នុងឃុំកាន់តែមានជំនឿជាក់លើដើមមន និងដង្កូវនាងផងដែរ”។

យោងតាមលោកស្រី Ngo Thi Thuy Van បានឲ្យដឹងថាគម្រោងរោងចក្ររវៃសូត្រស្វ័យប្រវត្តិ មានទីតាំងនៅឃុំ Bao Dap ស្រុក Tran Yen ដែលគ្រប់គ្រងដោយក្រុមហ៊ុនភាគហ៊ុនដើមមន ដង្កូវនាង សូត្រ Yen Bai ហើយត្រូវបានបើកដំណើរការចាប់ពីខែមីនា ឆ្នាំនេះជាមួយផលិតភាពផលិតសូត្រចំនួន ១៥០ តោន/ឆ្នាំ ស្មើនឹងសម្បុកនាងចំនួន ១ ១០០ តោន។ ក្រោយពេលកែច្នៃរួច ផលិតផលសូត្រ និងដង្កូវនាងនឹងត្រូវបាននាំចេញទៅកាន់ទីផ្សារឥណ្ឌា ជប៉ុននិងបណ្តាប្រទេសសហភាពអឺរ៉ុប (EU)។

ដើមមន និងដង្កូវនាងជួយផ្លាស់ប្ដូរមុខមាត់តំបន់ព្រៃភ្នំ - ảnh 2សកម្មភាពចិញ្ចឹមដង្កូវនាង

លោក Dinh Xuan Truong នាយកក្រុមហ៊ុនក្រុមហ៊ុនភាគហ៊ុនដើមមន ដង្កូវនាង សូត្រ Yen Bai បានឲ្យដឹងថា ដើម្បីធានាប្រភពវត្ថុធាតុដើមបម្រើដំណើរផលិតកម្ម ក៏ដូចជាធានាគុណភាពសូត្រ ក្រុមហ៊ុនបានសន្យាប្រមូលទិញផលិតផលសម្បុកនាងសម្រាប់ឃុំនានានៅភូមិសាស្ត្រស្រុក Tran Yen និងតំបន់ជិតខាង។ អង្គភាពដាក់ចេញគោលដៅប្រមូលទិញសម្បុកនាងប្រមាណ ១ ០០០ តោនក្នុងឆ្នាំនេះ។ នេះគឺជាមូលដ្ឋានសម្រាប់ប្រជាជនស្រុក Tran Yen នឹងនរចិត្តប្រកបរបរដាំដើមមន ចញ្ចឹមដង្កូវនាង៖ “ក្រុមហ៊ុនសន្យាជាមួយបងប្អូនប្រជាជនប្រមូលទិញផលិតផលទាំងអស់ និងបែងចែកផលិតផលនានា។ ទន្ទឹមនឹងនោះក្រុមហ៊ុនក៏បានជួយសម្រួលខាងបច្ចេកទេសដល់ប្រជាជន ដើម្បីលើកកម្ពស់គុណភាពសម្បុកនាង និងធានាប្រភពចំណូលប្រកបដោយស្ថិរភាព។ កិច្ចសហប្រតិបត្តិការផលិតកម្មនឹងជួយប្រជាកសិករមានបច្ចេកទេសល្អជាង ជួយសហគ្រាសមានប្រភពវត្ថុធាតុដើមល្អជាង គុណភាពខ្ពស់ជាង ដើម្បីផលិតចេញផលិតផលសូត្រគុណភាពខ្ពស់បំផុត បម្រើទីផ្សារនាំចេញផងដែរ”។

នារយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ខេត្ត Yen Bai រួមជាមួយសហគ្រាសក៏បានអនុវត្តន៍កម្មវិធីជួយឧបត្ថម្ភដល់ក្រុមគ្រួសារចិញ្ចឹមដង្កូវនាងដូចជា៖ ជួយឧបតត្ថម្ភថវិកាសាងសង់ផ្ទះចិញ្ចឹមដង្កូវ ជួយឧបត្ថម្ភផ្នែកចំណេះដឹងបច្ចេកទេស ជាពិសេសគឺប្រមូលទិញផលិតផលជាមយយតម្លៃស្ថិរភាព។ នេះគឺជាមូលដ្ឋាន សម្រាប់របរដាំដើមមន និងចិញ្ចឹមដង្កូវពង្រីក អភិវឌ្ឍន៍បន្ថែម នាំមកនូវជីវភាពរស់នៅសម្បូរធូធារដល់តំបន់ជនបទជាច្រើននៅខេត្តព្រៃភ្នំ Yen Bai ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ