ទឹកដីនៃវាលស្រែជម្រាលភ្នំជាមួយរដូវអំណោយផល
(VOVWORLD) - តាំងពីយូរណាស់មកហើយ ស្រុក Bac Yen ខេត្ត Son La ល្បីឈ្មោះជាមួយសមុទ្រពពកដ៏ធំសម្បើមនៅឃុំ Ta Xua ដែលប្រៀបប្រដូចជាឋានសួគ៌ពពកភាគពាយ័ព្យ។ ទោះជាយ៉ាងណាក៏ដោយ កន្លែងនេះនៅតែមានគោលដៅមួយជាមួយទេសភាពដ៏ស្រស់បំព្រងគឺ៖ Xim Vang។
ទឹកដីនៃវាលស្រែជម្រាលភ្នំជាមួយរដូវអំណោយផល |
Xim Vang មានអាកាសធាតុត្រជាក់ស្រួលពេញមួយឆ្នាំ សីតុណ្ហភាពជាមធ្យមនៅរដូវក្តៅ គឺពី ១៥ ទៅ ២៣ អង្សារសេ។ ដោយសារតែសណ្ឋានដីពេញទៅដោយឧបសគ្គជាមួយខ្សែផ្លូវបត់បែន កំពូលភ្នំខ្ពស់និងធំសម្បើម ព្រមទាំងមានទឹកជ្រោះហូរចេញពីព្រៃ។ ដូច្នេះហើយ Xim Vang មានទេសភាពរហោស្ថាន សុខសាន្ត និងរូម៉ង់ទិក។ គយគន់ជ្រលងវាលស្រែជម្រាលភ្នំលាតសន្ធឹងលឿងរលោង មានមនុស្សតិចណាស់ដែលដឹងថាកាលពីជាង ៤០ ឆ្នាំមុន Xím Vang ត្រឹមតែជាទឹកដីសោះកក្រោះ ជីវភាពរស់នៅលំបាកវេទនា និងខ្វះខាតគ្រប់បែបយ៉ាង។ នៅពេលនោះ ជនជាតិ Mong នៅទីនេះត្រឹមតែចេះធ្វើវប្បកម្មតាមទំនៀមទម្លាប់ "ជីករន្ធដាក់គ្រាប់" ប៉ុណ្នោះ ដោយអត់ឃ្លានពេញមួយឆ្នាំ។ លោក Giang A Nenh ប្រធានគណៈកម្មាធិការប្រជាជនឃុំ Xim Vang បានឲ្យដឹងថា៖ កាលពីមុន ការចលនាជនជាតិ Mong ដាំដំណាំស្រូវនៅវាលស្រែជម្រាលភ្នំពិតជាពិបាកណាស់ ព្រោះថាប្រព័ន្ធធារាសាស្ត្រអត់ទាន់មានឡើយ អាកាសធាតុមិនអំណោយផល និងបទពិសោធន៍ដាំដុះនៅតែមានកំហិត ដូច្នេះហើយមិនសូវមាននរណាជឿថា បងប្អូនប្រជាកសិករអាចអភិវឌ្ឍន៍ដាំណាំស្រូវបាន។ ប៉ុន្តែ ដោយមានគោល គោលនយោបាយ និងការវិនិយោគទាន់ពេលវេលារបស់រដ្ឋ បងប្អូនប្រជាជន Xim Vang បានជឿជាក់ទៅលើការងារត្រួសត្រាយវាលស្រែជម្រាលភ្នំដាំដំណាំស្រូវទឹក៖ “កាលពីជាង ៤០ ឆ្នាំមុន ប្រជាជនភាគច្រើនប្រកបរបរធ្វើស្រែចំការលើភ្នំ ដែលមានផលិតភាពទាប អត់ឃ្លានញឹកញាប់ ហើយត្រូវបរិភោគមើមនៅក្នុងព្រៃ។ នៅពេលនោះ ឃុំបានឃោសនាតាមភូមិនីមួយៗ និងគ្រួសារនីមួយៗ មុនដំបូងគឺត្រូវជីកខ្សែទឹកជាមុនសិន ក្រោយមកធ្វើការឃោសនាដល់គ្រួសារដែលមានសមត្ថភាពទៅកាប់ឆ្កា។ ដំណើរការកែលម្អជួបប្រទះការលំបាកជាច្រើនដោយសារតែខ្វះថវិកាធ្វើប្រព័ន្ធធារាសាស្រ្ត ហើយដំបូងឡើយ គ្រួសារជាច្រើនមិនស្តាប់តាមទេ ប៉ុន្តែបច្ចុប្បន្នមនុស្សគ្រប់គ្នាបានមើលឃើញពីប្រសិទ្ធភាពនៃការកាប់ឆ្កា ដោយនាំមកនូវផលិតភាពខ្ពស់ផងដែរ”។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានប្រសិទ្ធភាពពីកម្មវិធីកសាងជនបទថ្មី និងការយកចិត្តទុកដាក់វិនិយោគរបស់រដ្ឋក្នុងប្រព័ន្ធធារាសាស្ត្រ ផ្ទៃវាលស្រែជម្រាលភ្នំរបស់ Xim Vang បានកើនឡើងយ៉ាងឆាប់រហ័ស ហើយឃុំទាំងមូលមានផ្ទៃដីជាង ៣២០ ហិកតា ជាមួយទិន្នផលជាមធ្យមគឺ ៦ តោន/ហិកតា កើនឡើងទ្វេដងបើប្រៀបធៀបនឹងរយៈពេលជិត ២ ទសវត្សរ៍មុន។ អ្នកស្រី Mua Thi Khua មកពីភូមិ Xim Vang ឃុំ Xim Vang បានឲ្យដឹងថា៖ “ពីមុនគ្រួសារខ្ញុំចេះតែធ្វើស្រែចំការលើភ្នំ ឃ្លានណាស់ ប៉ុន្តែចាប់តាំងពីថ្ងៃដែលឃុំបានចលនាកាប់ឆ្កា ដាំដំណាំស្រូវទឹកគឺជីវភាពរស់នៅបានផ្លាស់ប្ដូរ ពោលគឺមានបាយបរិភោគគ្រប់គ្រាន់ មានលុយទិញសម្លៀកបំពាក់សៀវភៅឲ្យកូនៗ ហើយផ្ទះសម្ដែងកក់ក្ដៅ និងសប្បាយរីយរាយណាស់”។
ទឹកដីនៃវាលស្រែជម្រាលភ្នំជាមួយរដូវអំណោយផល |
អញ្ជើញមកដល់ Xim Vang បច្ចុប្បន្ននេះ យើងអាចឃើញក្រុមភ្ញៀវទេសចរជាច្រើនក្រុមមកពីគ្រប់ទិសទីមកទស្សនារដូវប្រមូលផលនៅតំបន់ព្រៃភ្នំ។ កញ្ញា Ho Thi Quynh Trang មកពីទីក្រុងហាណូយបានចែករំលែកថា៖ “នេះគឺជាលើកដំបូងហើយដែលនាងខ្ញុំបានមកទស្សនាទីនេះ។ នាងខ្ញុំឃើញថា ព្រៃភ្នំពិតជាធំសម្បើម ហើយទេសភាពស្រូវពិតជាស្រស់ស្អាតណាស់ជាពិសេសក្នុងរដូវប្រមូលផលស្រូវ។ នាងខ្ញុំក៏មានឱកាសសម្របខ្លួនទៅក្នុងធម្មជាតិទៀតផង”។
អស់រយៈពេលជិត ៧០ ឆ្នាំរស់នៅយ៉ាងជិតស្និទ្ធនៅ Xim Vang តាំងពីជាកុមារជនជាតិ Mong ដែលដើរតាមម្តាយទៅធ្វើស្រែចំការមក លោក Giang A Cheo ញញឹមយ៉ាងស្រស់ស្រាយនៅពេលដំណែលរឿងរ៉ាវអំពីការផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃនៅស្រុកកំណើតរបស់ខ្លួន៖ “ចាប់តាំងពីមានទេសចរណ៍នៅតំបន់ព្រៃភ្នំមក ផ្លូវថ្នល់ក៏រីកចម្រើន ប្រជាជនក៏នឹងនរចិត្ត ជីវភាពរស់នៅបានផ្លាស់ប្ដូរទាំងស្រុង ប្រជាជនមិនត្រូធ្វើចំណាកស្រុកទៅណាទេ។ បច្ចុប្បន្ននេះ ប្រជាជនក៏មានទូទឹកកក ម៉ាស៊ីនភ្ជួរ ម៉ាស៊ីនស្រូវច្រើនណាស់”។
រួមជាមួយលក្ខណៈដ៏វិសេសវិសាលដោយឡែករបស់បណ្ដាឃុំនៅតំបន់ព្រៃភ្នំ Bac Yen ដែលប្រៀបប្រដូចជាឋានសួគ៌ពពក តែ Ta Xua ខ្នងដាយណូស័រ Hang Dong ឬព្រៃ Son Tra ខៀវស្រងាត់នោះ វាលស្រែជម្រាលភ្នំកំពុងក្លាយទៅជាផលិតផលទេសចរណ៍ដ៏វិសេសវិសាលរបស់ Xim Vang។ វាលស្រែជម្រាលភ្នំទាំងនេះមិនត្រឹមតែបាននាំមកភាពសម្បូរធូធារជូនប្រជាជននៅទីនេះប៉ុណ្ណោះទេ ថែមទាំងទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទីទៀតផង៕