ទីក្រុងហាណូយខិតខំប្រឹងប្រែងកសាងជនបទថ្មី

(VOVWORLD) - ក្នុងនាមជាមូលដ្ឋានឈានមុខគេនៅទូទាំងប្រទេសអំពីការកសាងជនបទថ្មីនោះ ទីក្រុងហាណូយនៅតែបន្តបោះជំហានទៅមុខក្នុងការកសាងជនបទថ្មីដោយផ្តោតសំខាន់លើការកសាងជនបទថ្មីកម្រិតខ្ពស់ និងជនបទគំរូថ្មីផងដែរ។
ទីក្រុងហាណូយខិតខំប្រឹងប្រែងកសាងជនបទថ្មី - ảnh 1ឃុំ Lien Ha (ស្រុក Dan Phuong) ជាឃុំមួយក្នុងចំណោមឃុំទាំងប្រាំដើមដំបូងរបស់ទីក្រុងហាណូយ ជាប់ស្តង់ដារជនបទគំរូថ្មី (រូបថត៖ Lam Nguyen)

ដោយអនុវត្តន៍កម្មវិធីកសាងជនបទថ្មី ទីក្រុងហាណូយបានកៀរគរប្រព័ន្ធនយោបាយ និងសង្គមទាំងមូលរួមកម្លាំងកាយចិត្តចូលរួមជាមួយ ការប្តេជ្ញាចិត្តខ្ពស់បំផុត។ ក្រោយរយៈពេលជាង ១០ ឆ្នាំនៃការកសាងជនបទថ្មី ទីក្រុងហាណូយទទួលបានលទ្ធផលវិជ្ជមានជាច្រើន ជួយផ្លាស់ប្ដូរមុខមាត់ជនបទ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗត្រូវបានកែលម្អ ហើយជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

នាបច្ចុប្បន្ន ទីក្រុងហាណូយមានស្រុក និងទីរួមខេត្តចំនួន១២/១៨ ដែលត្រូវបានទទួលស្គាល់ជាជនបទថ្មី។ ឃុំទាំងអស់របស់ទីក្រុងហាណូយសុទ្ធតែបានជាប់ស្តង់ដារឃុំជនបទថ្មី ក្នុងនោះមានឃុំចំនួន ៤៧ ជាប់ស្តង់ដារឃុំបទថ្មីកម្រិតខ្ពស់ ហើយឃុំចំនួន ៥ ទៀតជាប់ស្តង់ដារជនបទគំរូថ្មី។ លោក Tran Van Son អ្នកឃុំ Lien Ha ស្រុក Dan Phuong ទីក្រុងហាណូយ បានឲ្យដឹងថា នៅឆ្នាំ ២០២១ ឃុំ Lien Ha គឺជាឃុំមួយក្នុងចំណោមឃុំចំនួន ៥ ដើមដំបូងរបស់ទីក្រុងហាណូយ ដែល សម្រេចបានការកសាងជនបទគំរូថ្មី។ ក្នុងភូមិសាស្ត្រឃុំ ប្រជាជនទទួលបានប្រាក់ចំណូលជាមធ្យមជាង ៧៥លានដុង ក្នុងមួយឆ្នាំ។ លោក Tran Van Son បានឲ្យដឹងថា៖ “តាំងពីពេលជាប់ស្តង់ដារជនបទថ្មីមក ទេសភាពក្នុងភូមិកាន់តែស្រស់បំព្រង អ្នកភូមិមានអារម្មណ៍សប្បាយរីករាយ ហើយការហូបចុក និងជីវភាពរស់នៅក៏កាន់តែប្រសើរឡើង។ កាលពីមុនជីវភាពរបស់អ្នកភូមិជួបការលំបាកណាស់ ប៉ុន្តែឥឡូវនេះ ជីវភាពកាន់តែល្អប្រសើរជាង ការសិក្សារបស់កូនៗក៏រីកចម្រើនជាងមុនផងដែរ”។

ទីក្រុងហាណូយខិតខំប្រឹងប្រែងកសាងជនបទថ្មី - ảnh 2ការផលិតផ្សិតបច្ចេកវិទ្យាខ្ពស់នៅក្រុមហ៊ុន Kinoko Thanh Cao ស្រុក My Duc ទីក្រុងហាណូយ  (រូបថត៖ Do Tam)

នាបច្ចុប្បន្ន ស្ថាប័ន អង្គភាព និងប្រជាជនយ៉ាងច្រើនកុះករបានជួយជ្រោមជ្រែង និងចូលរួមចលនាប្រឡងប្រណាំង “ប្រជាជនទាំងមូលរួមកម្លាំងកាយចិត្តកសាងជនបទថ្មី នគរអរិយធម៌”។ ការប្រើប្រាស់យន្តូបនីយកម្ម និងវិទ្យាសាស្ត្រ បច្ចេកទេសជឿនលឿនក្នុងផលិតកម្មត្រូវបានបង្កើន ព្រមទាំងបង្កើត ខ្សែសង្វាក់តភ្ជាប់ និងការបញ្ចេញលក់ផលិតផល ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុកយ៉ាងទូលំទូលាយនិងឆ្ពោះទៅការនាំចេញ។ លោកស្រី Pham Thi Hai Hoa ប្រធានសមាគមកសិករទីក្រុងហាណូយបានឲ្យដឹងថា៖ “ទីក្រុងហាណូយបានដាក់ចេញរបៀបធ្វើច្នៃប្រឌិតល្អៗជាច្រើន និងប្រកបដោយប្រសិទ្ធភាពក្នុងចលនាកសាងជនបទថ្មី។ ជាពិសេសគឺចលនាកៀរគរប្រជាកសិករបរិច្ចាគដីធ្លី រួមកម្លាំងកាយ និងថវិកា ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ។ ទន្ទឹមនឹងនេះទីក្រុងក៏បានណែនាំប្រជាកសិករកសាងទម្រង់សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ដែលមានទឹកប្រាក់ពី ៣០០ លានដុង ទៅ ១ ពាន់លានដុង/ឆ្នាំផងដែរ”។

នាបច្ចុប្បន្ននេះ ទីក្រុងហាណូយមានទម្រង់ផលិតកសិកម្ម ចំនួន ១៦៤ ដែល បានប្រើប្រាស់បច្ចេកវិទ្យាខ្ពស់។ តម្លៃកសិផលបច្ចេកវិទ្យាខ្ពស់នៅទីក្រុងហាណូយស្រូបយក ៣៥% នៃតម្លៃផលិតកសិកម្មសរុបនៃទីក្រុងទាំងមូល ក្នុងនោះ ភាគច្រើនគឺប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ឆ្លាតវៃ។ តាមរយៈទម្រង់ផលិតកម្ម និង សហករណ៍នោះ ក្នុងឆ្នាំ ២០២១ ទីក្រុងហាណូយមានគ្រួសារជាង ១៩២ ០០០ គ្រួ ដែលទទួលបានកិត្តិនាមជាគ្រួសារកសិករផលិតកម្ម និងធ្វើអាជីវកម្មពូកែ។

នៅឆ្នាំ ២០២២ សមាគមកសិករទីក្រុងបានជំរុញការអនុវត្តចលនា"កសិករប្រឡងប្រណាំងកសាងជនបទថ្មី និងនគរអរិយធម៌"; អនុវត្តន៍កម្មវិធី និងគម្រោងស្ដីពីការអភិវឌ្ឍកសិកម្ម ការកសាងជនបទថ្មី និងការលើកកម្ពស់ជីវភាពរស់នៅរបស់កសិករ។ លោកស្រី Nguyen Thi Tuyen អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងហាណូយបានឲ្យដឹងថា៖ “ទីក្រុងបានផ្តោតសំខាន់លើជនបទថ្មីកម្រិតខ្ពស់ និងជនបទគំរូថ្មី ព្រោះថាឃុំទាំង ១០០ % នៅទីក្រុងហាណូយបានជាប់ស្តង់ដារជនបទថ្មី។ ដំណាក់កាលបន្តគឺជាដំណាក់កាលអភិវឌ្ឍន៍ជនបទថ្មីកម្រិតខ្ពស់ និងជនបទគំរូថ្មី។ យើងបន្តផ្តោតសំខាន់លើការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចកសិកម្មឡើងវិញ ដើម្បីលើកកម្ពស់ជីវភាពរស់នៅជូនកសិករ និងកសាងទម្រង់ថ្មី។ ទន្ទឹមនឹងនេះរក្សាកំណើនសេដ្ឋកិច្ចនៃវិស័យកសិកម្មពី ២,៥% ទៅ ៣% យោងតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយផងដែរ”។

ទីក្រុងហាណូយខិតខំប្រឹងប្រែងក្នុងឆ្នាំ ២០២២ មានឃុំចំនួន ២៥ ថែមទៀត ជាប់ស្តង់ដារជនបទថ្មី ហើយមានឃុំចំនួន ១៥ ជាប់ស្តង់ដារជនបទគំរូថ្មី និងស្រុកចំនួន ២ ជាប់ស្តង់ដារជនបទថ្មី។ ដល់ឆ្នាំ ២០២៥ ខាងមុខ ទីក្រុងហាណូយដាក់ចេញគោលដៅថា ស្រុកទាំង ១០០% បានបំពេញភារកិច្ចកសាងជនបទថ្មី ហើយស្រុកចំនួន ២០% ជាប់ស្តង់ដារជនបទថ្មីកម្រិតខ្ពស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ