ទិសដៅថ្មីរនៃភូមិរបរតម្លើងទូកនៅខេត្ត Dong Thap
(VOVWORLD) - ភូមិរបរដំឡើងទូក Ba Dai ឃុំ Long Hau ស្រុក Lai Vung ខេត្ត Dong Thap មានអាយុកាលជាង ១០០ ឆ្នាំ មកហើយត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិក្នុងឆ្នាំ ២០១៥។
លោក Nguyen Van Tot ( មានឈ្មោះហៅផ្សេងទៀតថា Bay Tot) នៅភូមិ Long Hung ២ ឃុំ Long Hau ស្រុក Lai Vung បានប្រកបរបរដំឡើងទូកតាំងពីអាយុ ១៥ ឆ្នាំ |
អញ្ជើញមកដល់ភូមិរបរដំឡើងទូក Ba Dai នាបច្ចុប្បន្ននេះ បើទោះបីមិនមានសភាពអ៊ូអរដូចកាលពីមុនក៏ដោយ ប៉ុន្តែនៅតែមានប្រជាជនរាប់សិបគ្រួសារបានប្ដេជ្ញាចិត្តស្វែងរកទិសដៅថ្មី ដើម្បីថែរក្សារបរប្រពៃណីរបស់ដូនតាផងដែរ។កាលពីប៉ុន្មានទស្សវត្សរ៍មុននៅពេលដែលផ្លូវធ្វើដំណើរទៅមកនៅជួបការលំបាកមធ្យោបាយជួញដូរកសិផលរបស់ប្រជាជនភាគច្រើនគឺតាមផ្លូវទឹកនោះ ភូមិរបរដំឡើងទូក Ba Dai ឃុំ Long Hau ស្រុក Lai Vung មានសភាពអ៊ូអរទាំងយប់ទាំងថ្ងៃ។ ជាពិសេស នាពេលខ្លះ ទីកន្លែងនេះ មានប្រជាជនចំនួន ២២០ គ្រួសារបានប្រកបរបរដំឡើងទូក ដោយផ្គត់ផ្គង់ផលិតផលរាប់ពាន់គ្រឿងជារៀងរាល់ឆ្នាំ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជននៃខេត្ត ក្រុងនានានៅតំបន់ដីសណ្តទន្លេ Cuu Long។ ទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ នាបច្ចុប្បន្ននេះតំបន់ទន្លេបឹងបួរកាលពីអតីតកាល ឥឡូវមានផ្លូវគមនាគមន៍អំណោយផល ការដឹកជញ្ជូនទំនិញកសិផលបានផ្លាស់ប្តូរទៅជារថយន្ត និងនាវាទំនើប ឬ composite ដូច្នេះហើយ ការបញ្ជាទិញទូកឈើក៏កាន់តែតិចទៅៗផងដែរ។
ដូចទៅនឹងយុវជនជាច្រើននាក់ទៀត ដែលបានកើត និងធំដឹងក្ដីនៅព្រែក Ba Dai លោក Nguyen Van Tot ( មានឈ្មោះហៅផ្សេងទៀតថា Bay Tot) នៅភូមិ Long Hung ២ ឃុំ Long Hau ស្រុក Lai Vung បានប្រកបរបរដំឡើងទូក តាំងពីអាយុ ១៥ ឆ្នាំ។ មិនត្រឹមតែដើម្បីរកស៊ីចិញ្ចឹមប៉ុណ្ណោះទេ របរដំឡើងទូកក៏ជាការជក់ចិត្តរបស់លោក Bay Tot ទៀតផង។ ដោយយល់ដឹងពីតម្រូវការថែរក្សាតម្លៃវប្បធម៌របស់ភូមិ លោក Tot នៅតែបារម្ភថា ភូមិរបរកំពុងជួបប្រទះការលំបាក ហើយត្រូវសាបរលាប។ ដំបូងឡើយ លោកបានដំឡើងទូកតូចមួយ (ទូកតូចសម្រាប់ទៅនេសាទ បោះសំណាញ់លើវាលស្រែ និងព្រែក) ឲ្យកូនចូលរួមក្នុងការប្រឡងច្នៃប្រឌិតនៅសាលារៀន ហើយទទួលបានពានរង្វាន់។ ក្រោយមក មនុស្សជាច្រើនបាននិយមចូលចិត្ត និងរកទិញផលិតផលនេះ។ លោក Tot បានចែករំលែកថា៖ “ដំបូងឡើយ ខ្ញុំបានដំឡើងទូកទុកឲ្យកូនទៅប្រឡងតែប៉ុណ្ណោះ ក្រោយមកខ្ញុំមាននិស្ស័យជាមួយវិស័យទេសចរណ៍។ ក្នុងកម្មវិធីតាំងពិពណ៌ទេសចរណ៍នានាគេបានប្រើប្រាស់ទូកសម្រាប់តាំងបង្ហាញផលិតផលកប្បាស និងផ្លែឈើដូចជា ស្វាយ ក្រូចឃ្វិច ផ្លែស្រកានាគ ទុរេន ផ្លែត្រសក់ និងផ្លែឪឡឹក ដើម្បីផ្សព្វផ្សាយផលិតផលរបស់ខេត្ត និង ផលិតផលសិប្បកម្មរបស់ភូមិរបរដល់មិត្តភក្តិអន្តរជាតិផងដែរ”។
ទូកខ្នាតតូចនៅឃុំ Long Hau ស្រុក Lai Vung ខេត្ត Dong Thap
|
យោងតាមលោក Tran Van Thanh កម្មាភិបាលវប្បធម៌ឃុំ Long Hau ស្រុក Lai Vung បានឲ្យដឹងថា នាបច្ចុប្បន្ន មានប្រជាជនត្រឹមតែ ២០ គ្រួសារតែប៉ុណ្ណោះបានប្រកបរបរដំឡើងទូក Ba Dai ដើម្បីបម្រើគោលដៅទេសចរណ៍ឆ្លើយតបនឹងតម្រូវការលេងកម្សាន្ត។ ក្នុងទិសដៅអភិវឌ្ឍន៍ភូមិរបរ ឃុំ Long Hau បានបង្កើតក្រុមការងារដំឡើងទូកខ្នាតតូច ហើយនេះគឺជាផលិតផលថ្មីមួយ ដែលត្រូវបានទីផ្សារទទួលយក ហើយទាក់ទាញបានចំណាប់អារម្មណ៍ពីភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Dong Thap បានកសាងផែនការផ្សព្វផ្សាយសកម្មភាព និងផលិតផលរបស់ភូមិរបរដល់ទីផ្សារទាំងជាតិនិងអន្តរជាតិ។ លោក Tran Van Thanh បានឲ្យដឹងថា៖ “យើងខ្ញុំបានរៀបចំផែនការដើម្បីអភិវឌ្ឍន៍ និងអភិរក្សភូមិរបរ។ នាបច្ចុប្បន្នប្រជាជនបានផ្ទេទៅជាការធ្វើទំនិញសិប្បកម្មវិចិត្រសិល្បៈ ហើយសិប្បកម្មមួយចំនួនបានប្រកបរបរដំឡើងទូកតាមការបញ្ជាទិញរបស់ខេត្ត Ben Tre និងទីកន្លែងមួយចំនួនទៀត។ កាលពីមុន ក្នុងរដូវទឹកជោឡើង គ្រួសារស្ទើរតែទាំងអស់សុទ្ធតែបានប្រកបរបរដំឡើងទូក ហើយធ្វើការទាំងយប់ ទាំងថ្ងៃទៀតផង”។
នាពេលបច្ចុប្បន្ននេះ ភ្ញៀវទេសចរជាច្រើនបានស្គាល់ដល់ទូកខ្នាត់តូច ហើយមិនត្រឹមតែមានប្រជាជននៅតាមខេត្ត ក្រុងនៅតំបន់ដីសណ្តទន្លេ Cuu Long ទីក្រុងហូជីមិញប៉ុណ្ណោះទេ ថែមទាំងភ្ញៀវបរទេសក៏បានបញ្ជាទិញ ដើម្បីធ្វើជាកាដូទៀតផង។ ដោយឈានមុខគេក្នុងការដំឡើងទូកខ្នាតតូចបានជួយលោក Bay Tot មានជីវភាពរស់នៅស្ថិរភាព ប្រកបដោយអាជីពដែលផ្សារភ្ជាប់អស់រយៈពេលរាប់សិបឆ្នាំមក។ ពិតណាស់ថា ផលិតផលខ្នាតតូចនឹងក្លាយទៅជាទិសដៅថ្មីសម្រាប់ភូមិរបរ Ba Dai ដែលមានអាយុកាលជាង ១០០ ឆ្នាំ រួមចំណែកអភិរក្ស និងអភិវឌ្ឍន៍ភូមិរបរប្រពៃណី ក៏ដូចជាអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីជាតិផងដែរ៕