នារីខេត្ត Dak Lak ពង្រីករបរតម្បាញចរបាប់

(VOVWORLD) - នាប៉ុន្មានថ្ងៃក្រោយ បុណ្យតេតប្រពៃណី បងប្អូននារី នៃសហករណ៍ តម្បាញចរបាប់ Tong Bong នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak បានឈានចូលធ្វើពលកម្ម ផលិតកម្មក្នុងឆ្នាំថ្មី។ ជាមួយនឹងសេចក្ដីស្រឡាញ់មុខរបរ ហើយមានគោលបំណងចង់ថែរក្សារបរតម្បាញចរបាប់ប្រពៃណីនោះ បងប្អូននារីបានបន្តតម្បាញផលិតផលថ្មីយ៉ាងសស្រាក់សស្រាំ ដើម្បីឆ្លើយតបនឹងការបញ្ជាទិញក្នុងឆ្នាំថ្មីនេះផងដែរ។

 

 

នារីខេត្ត Dak Lak ពង្រីករបរតម្បាញចរបាប់ - ảnh 1នារីខេត្ត Dak Lak ពង្រីករបរតម្បាញចរបាប់ (រូបថត៖ VOV)

ក្រោយប៉ុន្មានថ្ងៃឈប់សម្រាកពីបុណ្យតេត លោកស្រី H Yam Bkrong នៅភូមិ Cu Ebong ឃុំ Ea Kao ទីក្រុង Buon Ma Thuot ខេត្ត Dak Lak បានវិលត្រឡប់មកប្រកបរបរតម្បាញចរបាប់នៅសហករណ៍តម្បាញចរបាប់ Tong Bong វិញ។ នេះគឺជាការងារដែលបានបង្កើតប្រាក់ចំណូលប្រកបដោយស្ថេរភាពសម្រាប់លោកស្រីក្នុងរយៈពេល ១៥ ឆ្នាំកន្លងទៅ។ កាលពីមុនប្រាក់ចំណូលភាគច្រើនបានមកពីការធ្វើកសិកម្មប៉ុណ្ណោះ ប៉ន្តែឥឡូវនេះរបរកសិកម្មបានក្លាយជាការងារបន្ទាប់បន្សំតៅហើយ ពោលគឺលោកស្រី H Yam Bkrong បានចំណាយពេលវេលាភាគច្រើនជាមួយរបរតម្បាញចរបាប់។ នាបច្ចុប្បន្ននេះ សមាជិកបីជំនាន់ក្នុងគ្រួសាររបស់លោកស្រី សុទ្ធតែចេះតម្បាញចរបាប់ ក្នុងនោះ មានមនុស្សចំនួន ៥ នាក់ជាសមាជិកនៃសហករណ៍តម្បាញចរបាប់។ លោកស្រី H Yam Bkrong បានឲ្យដឹងថា៖ “ក្រោយពេលទទួលបានការបណ្តុះបណ្តាលនៅទីនេះ ខ្ញុំចេះពីរបៀបតម្បាញ និងរបៀបទាញសរសៃអំបោះ។ បន្ទាប់មកខ្ញុំបានបង្ហាត់បង្រៀនឲ្យប្អូន ២ នាក់ និងកូនៗ ២ នាក់របស់ខ្លួន។ ដោយមានសេចក្ដីស្រឡាញ់របរនេះ បានជានៅពេលទំនេរពីការងារស្រែចម្ការ ខ្ញុំបានឆ្លៀតពេលវេលាតម្បាញចរបាប់ ដើម្បីរកប្រាក់ខែបន្ថែមផងដែរ”។

ចំណែកកញ្ញា H Phe Be BKrong គឺជាកូនស្រីរបស់លោកស្រី H Yam ហើយនាបច្ចុប្បន្ន កញ្ញាគឺជានារីវ័យក្មេងជាងគេនៃសហករណ៍តម្បាញចរបាប់។ ក្នុងនាមជានិស្សិតឆ្នាំចុងក្រោយនៅសាលាជាន់ខ្ពស់គរុកោសល្យ ប៉ុន្តែ H Phe Be Bkrong បានប្រកបរបរចរបាប់ក្នុងរយៈពេល ៤ ឆ្នាំហើយ។ ដោយត្រូវបានអ្នកម្ដាយបង្ហាត់បង្រៀនមុខរបរតាំងពីអាយុ ១៦ ឆ្នាំ នោះ H Phe Be Bkrong ពិតជាមានចំណាប់អារម្មណ៍និងស្រឡាញ់មុខរបរនេះណាស់។ ដូច្នេះ កញ្ញា បានចូលរួមវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈដែលត្រូវបានសហករណ៍រួមសហការជាមួយសាលាជាន់ខ្ពស់វិជ្ជាជីវៈរៀបចំឡើង។ នៅពេលមានអាយុ ១៨ ឆ្នាំ H Phe Be Bkrong មានជំនាញវិជ្ជាជីវៈគ្រប់គ្រាន់ ហើយក្លាយទៅជាសមាជិការនៃសហករណ៍តាំងពីពេលនោះមក។ កញ្ញា H Phe Be Bkrong បានសំណេះសំណាលថា៖ ការងារនេះបានផ្ដល់ផលប្រយោជន៍ដល់កញ្ញាច្រើនណាស់ ហើយធ្វើឱ្យកញ្ញាមានមោទនភាពចំពោះផលិផលសិប្បកម្មប្រពៃណី ព្រមទាំងបង្កើតប្រាក់ចំណូល សម្រាប់បង់ថ្លៃសិក្សារៀនសូត្រ និងការរស់នៅក្នុងសាលារៀន។ កញ្ញាបានឲ្យដឹងថា៖ “ខ្ញុំចេះតម្បាញតាមលំនាំក្បូរក្បាច់នៅលើអាវ និងសំពត់គ្មានសល់ឡើយ។ លំនាំក្បូរក្បាច់នីមួយៗ សុទ្ធតែមានអត្ថន័យផ្សេងៗគ្នា។ ដើម្បីប្រកបមុខរបរនេះ គឺតម្រូវឲ្យយើងត្រូវចេះស្វិតស្បាញ ឧស្សាហ៍ព្យាយាម ព្រោះថា បើមិនស្រឡាញ់មុខរបរ  គឺយើងមិនអាចធ្វើបានឡើយ។ លើសពីនេះទៅទៀត យើងត្រូវមានបំណងចង់ថែរក្សាប្រពៃណីវប្បធម៌ និងសំលៀកបំពាក់ជាតិទៀតផង”។

ដោយបានបង្កើតឡើងនៅឆ្នាំ ២០០៣ នាគ្រាដំបូងសហករណ៍តម្បាញចរបាប់ Tong Bong មានសមាជិកត្រឹមតែ ១០ នាក់ប៉ុណ្ណោះ។ នាបច្ចុប្បន្ននេះ ចំនួនសមាជិកបានកើនឡើងដល់ចំនួន ៤៥ នាក់ដោយប្រមូលផ្ដុំបងប្អូននាទីជនជាតិ Ede មកពីភូមិក្នុងឃុំ Ea Kao និងទីក្រុង Buon Ma Thuot ។ ប្រាក់ចំណូលរបស់សហករណ៍ក្នុងឆ្នាំកន្លងទៅគឺ ១,២ ពាន់លានដុង ប្រាក់ចំណូលជាមធ្យមរបស់សមាជិកគឺពី ៣,២ ទៅ ៣,៥ លានដុងក្នុងមួយខែ។ ផលិតផលរបស់សហករណ៍មានធាតុចេញប្រកបដោយស្ថិរភាពនៅតាមខេត្ត Dak Lak  Dak Nong និង Quang Nam។ លោកស្រី H Dium Byă សមាជិការមួយរូបនៃសហការណ៍បានចែករំលែកថា៖ “ក្នុងឆ្នាំថ្មីនេះបានបួងសួងសុំសេចក្ដីសុខចម្រុងច្រើន និងសុខភាពល្អ ដល់ ក្រុមគ្រួសារ និងសមាជិកនៃសហការណ៍ទាំងមូល។ ទន្ទឹមនឹងនេះ ខ្ញុំសង្ឃឹមថា ការងាររបស់សហករណ៍នឹងអភិវឌ្ឍបន្ថែមទៀត ហើយផលិតផល របស់ សហការណ៍នឹងត្រូវបានអតិថិជននៅគ្រប់ទិសទីស្គាល់ដល់ ហើយតាមនោះ ជួយសម្រួលការធ្វើអាជីវកម្ម ណែនាំ និងផ្សព្វផ្សាយផលិតផលឲ្យកាន់តែងាយស្រួលថែមទៀតផងដែរ”។

នៅពេលចូលរួមជាសមាជិការនៃសហករណ៍នេះ បងប្អូននារីជនជាតិ Ede នៅឃុំ Ea Kao និងទីក្រុង Buon Ma Thuo tជាច្រើននាក់ មានការងារធ្វើ ដើម្បីបង្កើនប្រាក់ចំណូល ពីការឆ្លៀតយកពេលវេលាទំនេរ។ ទន្ទឹមនឹងនេះ របរតម្បាញចរបាប់ និងផលិតផលសិប្បកម្មប្រពៃណីរបស់ជនជាតិ Ede មិនត្រូវ សាបសូន្យតាមពេលវេលាឡើយ ពោលគឺកាន់តែត្រូវបានអភិវឌ្ឍន៍ដោយផ្សារភ្ជាប់ជាមួយនឹងជីវភាពរស់ទំនើបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ