ប្រជាកសិករខេត្ត Ben Tre យកចិត្តទុកដាក់ពិសេសដល់ការកសាងនិងធ្វើឲ្យសុក្រិតនូវខ្សែសង្វាក់តម្លៃកសិផល
(VOVWORLD) - ឆ្លងកាត់រយៈពេល៤ឆ្នាំអនុវត្តសេចក្ដីសម្រេចចិត្តលេខ ០៣របស់គណៈកម្មាធិការបក្សខេត្ត Ben Tre ស្ដីពីការកសាងនិងធ្វើឲ្យសុក្រិតនូវខ្សែសង្វាក់ តម្លៃផលិតផលកសិកម្មមុខព្រួញរបស់ខេត្តដំណាក់កាលឆ្នាំ២០១៦-២០២០ មក ខេត្ត Ben Tre បានបង្កើតនិងអភិវឌ្ឍខ្សែសង្វាក់តម្លៃចំពោះផលិតផល កសិកម្មចម្បងចំនួន៨មុខ។ គំរូផលិតកម្មថ្មីមិនត្រឹមតែធានាសុវត្ថិភាព ជីវសាស្ត្រប៉ុណ្ណោះទេ ថែមទាំងបង្កើនសមត្ថភាពប្រកួតប្រជែងសម្រាប់ ប្រភេទផ្លែឈើប្រចាំតំបន់នានា បំពេញតម្រូវការនាំចេញ ដោយនាំមក នូវតម្លៃសេដ្ឋកិច្ចខ្ពស់ជូនដល់ប្រជាកសិករទៀតផង។
ផ្លែក្រូចថ្លុងសំបកខៀវតាមបទដ្ឋាន VietGAP។ (រូបថត៖ VOV) |
ក្រុមសហការផលិតក្រូចថ្លុងសំបកខៀវ Phu Thanh នៅឃុំ Quoi Son ស្រុក Chau Thanh ជាអង្គភាពមួយក្នុងចំណោមអង្គភាពដើរត្រួសត្រាយក្នុង ការធ្វើផលិតកម្មតាមខ្សែសង្វាក់នៅខេត្ត Ben Tre។ រហូតមកដល់ពេលនេះ ក្រុមសហការបានទាក់ទាញការចូលរួមរបស់កសិករជាង១០០គ្រួសារដោយ មានផ្ទៃដីចម្ការជាង៥០ហិកតា។ ក្នុងរយៈពេល៣ឆ្នាំកន្លងមក មានក្រុម សហការ សហករណ៍ផលិតក្រូចថ្លុងសំបកខៀវតាមខ្សែសង្វាក់តម្លៃ ចំនួន៤១អង្គភាព ត្រូវបានបង្កើតឡើងនៅខេត្ត Ben Tre ក្នុងទំហំ សរុបចំនួន៣៥០ហិកតា។ លោក Trinh Ngoc Trung ម្ចាស់អាជីវកម្មបែប គ្រួសារដែលចូលរួមផលិតក្រូចថ្លុងសំបកខៀវតាមខ្សែសង្វាក់តម្លៃនិងបទ ដ្ឋាន VietGAP នៅឃុំ Quoi Son បានឲ្យដឹងថា ចាប់ពីបានចូលរួមក្រុម សហការរួចមក លោកមិនព្រួយបារម្ភអំពីធាតុចេញសម្រាប់ផលិតផល ទៀតឡើយ ហើយប្រសិទ្ធភាពសេដ្ឋកិច្ចក៏ល្អណាស់។ លោកបានបន្ថែម ទៀតថា៖
“សមាជិកទាំងឡាយសុទ្ធតែផលិតតាមបទដ្ឋាន VietGAP ដែល ផ្ដល់ទិន្នផលខ្ពស់ ប្រកបដោយស្ថិរភាព អាចបំពេញតម្រូវការរបស់ សហគ្រាស។ ចំពោះធាតុចូល យើងខ្ញុំមានកិច្ចសន្យាជាមួយសហគ្រាស ដោយមានកិត្យានុភាពលើទីផ្សារដើម្បីផ្គត់ផ្គង់ជីក្នុងថ្លៃដើមប្រកបដោយស្ថិរភាព។ ចំពោះធាតុចេញវិញ យើងខ្ញុំបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយ សហគ្រាសមួយដោយផ្គត់ផ្គង់បរិមាណផលឡើងដល់ទៅ៤៥០តោនក្នុងមួយឆ្នាំ” ។
ផ្លែដូង Ben Tre។ |
រហូតមកដល់បច្ចុប្បន្ននេះ ខេត្ត Ben Tre បានបង្កើតខ្សែសង្វាក់តម្លៃ ផលិតផលចម្បងទាំង៨ រួមមាន៖ ដូង ក្រូចថ្លុងសំបកខៀវ សាវម៉ាវ មៀន ផ្កាតាំងលំអ ជ្រូក គោ និងបង្កង។ ផ្នែកកសិកម្មខេត្ត Ben Tre បាន សហការយ៉ាងសកម្មជាមួយវិស័យពាក់ព័ន្ធនានា សំដៅលើកកំពស់តម្លៃ ផលិតផល តាមរយៈការជួយទ្រទ្រង់ផលិតកម្ម ការផ្ដល់វិញ្ញាបនបត្របញ្ជាក់ ការគ្រប់គ្រងគុណភាពតាមបទដ្ឋាន VietGAP GlobalGAP និងការកសាង ម៉ាកយីហោ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញសម្រាប់ផលិតផលសំខាន់ ទាំងនេះ។ គិតមកដល់ពេលនេះ ខេត្តមានផ្ទៃចម្ការដើមឈើហូបផ្លែ ដើមដូង និង ស្រះចិញ្ចឹមបង្កងសរុបជាង៩០០០ហិកតា ត្រូវបានទទួលស្គាល់ពី បទដ្ឋាន GAP និងសរីរាង្គ។ លោក Huynh Quang Duc នាយករងមន្ទីរ កសិកម្មនិងអភិវឌ្ឍជនបទខេត្ត Ben Tre បានអះអាងថា ការផលិតកសិ-ជលផលតាមខ្សែសង្វាក់តម្លៃបែបនេះ បានធានាតំបន់វត្ថុធាតុដើមផង ហើយនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជូនដល់ប្រជាកសិករទៀតផង។ លោកបានបន្ថែមទៀតថា៖
“ការតភ្ជាប់គ្នាជាខ្សែសង្វាក់មានន័យថា យើងបង្កើតឡើង សហករណ៍ ក្រុមសហការ ឬសមូហភាពកសិករនៅតាមតំបន់នីមួយៗ ដើម្បីតភ្ជាប់ជាមួយសហគ្រាស។ អាស្រ័យលើតម្រូវការនៃទីផ្សារនីមួយៗ គឺទំនិញសរីរាង្គឬទំនិញ GAP សហគ្រាសនឹងតភ្ជាប់ជាមួយកសិករដើម្បី ផលិតទំនិញតាមតម្រូវការនៃទីផ្សារនោះ”។
Ben Tre ជាខេត្តមួយក្នុងចំណោមខេត្តមានវិស័យកសិកម្ម-ជលផល រីកចម្រើនយ៉ាងខ្លាំងក្លាបំផុតនៅតំបន់ដីសណ្ដទន្លេ Cuu Long។ ហេតុដូច្នេះ គោលជំហរស្ដីពីការផលិតកសិកម្ម-ជលផលតាមខ្សែសង្វាក់តម្លៃនោះ ពិតជាត្រឹមត្រូវ សមស្រប ហើយឆ្លើយតបនឹងតម្រូវការកាន់តែខ្ពស់នៃទីផ្សារទាំង ជាតិនិងអន្តរជាតិ៕