ប្រជាកសិករខេត្ត Son La ក្លាយទៅជាអ្នកមានពីដើមស្ត្របឺរី
(VOVWORLD) - នាប៉ុន្មានថ្ងៃនេះ នៅតាមចម្ការស្ត្របឺរីរបស់ខេត្ត Son La ប្រជាជនកំពុងមមាញឹក ថែទាំចម្កាស្ត្របឺរី ដែលស្ថិតក្នុងរដូវចេញផ្កា និងផ្លែ។ ថ្វីត្បិតតែទើបតែបានដាំក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ ប៉ន្តែប្រភែទដើមឈើនេះបាននិងកំពុងអះអាងពីតម្លៃសេដ្ឋកិច្ច នាំមកនូវរដូវអំណោយផល ជួយប្រជាកសិករខេត្ត Son La រកប្រាក់ចំណូលបានរាប់សែនដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។
ភូមិជនជាតិ Lu ឃុំ Ban Hon ស្រុក Tam Duong។ រូបថត៖ VOV |
នៅលើចំការស្ត្របឺរីនៅឃុំ Muong Sang ស្រុក Moc Chau ខេត្ត Son La គ្រួសារលោក Nguyen Minh Hieu កំពុងជីកដី ចាក់ឬស និងត្រៀមរៀបចំសម្រាប់ដើមស្ត្របឺរីចេញផ្លែ។ លោក Hieu បានឲ្យដឹងថា៖ ក្នុងឆ្នាំ ២០២០ គ្រួសារលោកបានវិនិយោគទឹកប្រាក់ចំនួន ២ ពាន់លានដុង (ជិត ១០ ម៉ឺនដុល្លារអាមេរិក) ដើម្បីដាំដើមស្ត្របឺរី គួបផ្សំជាមួយទម្រង់ទេសចរណ៍ឆ្លងបទពិសោធន៍។ ដោយបានអនុវត្តន៍ដំណើរការផលិតសរីរាង្គ រួមជាមួយនឹងធម្មជាតិ អាកាសធាតុ និងដីធ្លីអំណោយផល បានជួយដើមស្ត្របឺរីរីកលូតលាស់យ៉ាងល្អ ផ្លែទុំមានរសជាតិផ្អែម ទាក់ភ្នែក ហើយទទួលបានការនិយមចូលចិត្តពីទីផ្សា។ ជាមួយនឹងតម្លៃចាប់ពី ១៥ ម៉ឺនដុង ដល់ ៣០ ម៉ឺនដុង (៧ ទៅ ១៣ ដុល្លារអាមេរិក)ក្នុងមួយគីឡូក្រាម។ ជាមធ្យមក្នុងរដូវកាលនីមួយៗ ចម្ការស្ត្របឺរីរបស់គ្រួសារលោកបានផ្ដល់ប្រាក់ចំណូលប្រមាណ ៤ ពាន់លានដុង (ប្រមាណ ១៧៥ ពាន់ដុល្លារអាមេរិក។ ឈានចូលរដូវស្ត្របឺរីឆ្នាំនេះ គ្រួសារលោកបានវិនិយោគ ទុនបន្ថែមទៀតដើម្បីជួសជុល និងកែលម្អចម្ការស្ត្របឺរី។ លោក Nguyen Minh Hieu បានឲ្យដឹងថា៖
“ចំការស្ត្របឺរីមានលក្ខណៈខុសប្លែកពីចម្ការដ៏ទៃ ដោយយើងមិនដាំតាមបែប ប្រពៃណីឡើយ ពោលគឺដាំតាមស្តង់ដារ Organic របស់ពិភពលោក។ ប្រការនេះបានជួយបង្កើនផលិតភាពដំណាំ និងឆ្ពោះទៅផលិតផលគ្មានជាតិគីមី ដើម្បីបង្កើតផលិតផលល្អបំផុត។ នៅពេលទទួលទាន ភ្ញៀវទេសចរនឹងនឹករលឹកដល់រសជាតិទេសចរណ៍ Moc Chau ផងដែរ” ។
អ្នកស្រី Nguyen Thi Lan សមាជិកាសហករណ៍ស្ត្របឺរី Xuan Que នៅឃុំ Co Noi ស្រុក Mai Son ខេត្ត Son La បានឲ្យដឹងថា៖ ដើមស្ត្របឺរីអាចដាំនៅកន្លែង ដែលមានសីតុណ្ហភាពទាប និងសំណើមខ្ពស់។ ពេលវេលាប្រមូលផលចាប់ពីចុងខែធ្នូឆ្នាំមុនដល់ខែមីនាឆ្នាំក្រោយ។ ចំពោះផ្តៃដែប្រកបដំណាំស្ត្របឺរី ១ហិកតា របស់សហករណ៍ បើអាកាសធាតុអំណោយផល គឺអាចប្រមូលផលបាន ២ ថ្ងៃម្តង ហើយជាមធ្យមការប្រមូលផលផ្លែនីមួយៗគឺប្រហែល ២ ០០០ គីឡូក្រាម ជាមួយនឹងតម្លៃចាប់ពី ១៥ ម៉ឺន ដល់ ២០ ម៉ឺនដុង (ពី ៧ ទៅ ៩ ដុល្លារអាមេរិក) ក្នុងមួយគីឡូក្រាម ដូច្នេះប្រាក់ចំណូលគឺប្រហែល ៣០ លានដុង (១៣០០ ដុល្លារអាមេរិក) ក្នុងមួយថ្ងៃ។ អ្នកស្រី Nguyen Thi Lan បានឲ្យដឹងថា៖
“ឆ្នាំនេះ សហករណ៍ស្ត្របឺរី Xuan Que របស់យើងខ្ញុំមានផ្ទៃដីដាំដុះប្រមាណ ៣០ ហិកតា។ ដំណើរការដាំតាមបែបសរីរាង្គ ហើយប្រើប្រាស់ជីសរីរាង្គផងដែរ។ យើងខ្ញុំមានផែនការដាំស្ត្របឺរីជារៀងរាល់ ១៥ ថ្ងៃម្ដង ដើម្បីទទួលទិន្នផលផ្លែដូចគ្នា ជៀសវាងការប្រមូលផលផ្លែច្រើនពេកក្នុងម្ដង”។
ឃុំ Ban Hon នៅតែរក្សាបាននូវសោភ័ណភាពដ៏ប្រណិត។ រូបថត៖ VOV |
បច្ចុប្បន្ននេះ ខេត្ត Son La ទាំងមូលមានផ្ទៃដីដាំស្ត្របឺរីជាង ៤០០ ហិកតា ជាមួយនឹងទិន្នផលផ្លែស្រស់តាមការប៉ាន់ស្មានថានឹងសម្រេចបានជាង ៣៥០០ តោន ដោយប្រមូលផ្ដុំភាគច្រើននៅតាមស្រុក Moc Chau ស្រុក Mai Son និងស្រុក Yen Chau ។ ជាទូទៅ ដើមស្ត្របឺរីត្រូវបានដាំនៅតាមជម្រាលភ្នំរាបស្មើ ជុំវិញផ្ទះ ជំនួសឲ្យដើមពោត និងដំឡូងមីដូចកាលពីមុនវិញ។ ជាមួយនឹងការតម្រង់ទិសដៅអភិវឌ្ឍន៍តំបន់ដាំដើមស្ត្របឺរី ដោយភ្ជាប់ជាមួយកិច្ចសហការផលិតកម្ម និងការបញ្ចេញលក់ផលិផល ព្រមទាំងជំរុញខ្លាំងការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ទៅក្នុងការផលិត បង្កើតផលិតផលប្រកបដោយសុវត្ថិភាព វិស័យកសិកម្មខេត្ត Son La បានឃោសនា និងណែនាំដល់គ្រួសារកសិករថែទាំដំណាំតាមស្រង់ដារផលិតកម្មកសិកម្មល្អនៅវៀតណាម (VietGAP); អនុវត្តន៍បទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារឱ្យបានល្អ ប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតសរីរាង្គ ដើម្បីធ្វើឱ្យផលិតផលផ្លែស្ត្របឺរីមានរសជាតិឆ្ងាញ់ គ្មានជាតិគីមី និងប្រកបដោយសុវត្ថិភាព។ លើសពីនេះទៅទៀត បង្កើនការផ្សព្វផ្សាយ ពង្រីកទីផ្សារ ទាក់ទាញសហគ្រាសក្នុងការបញ្ចេញលក់ផលិតផល កែច្នៃ វេចខ្ចប់ផ្លែស្ត្របឺរី។ លោក Ha Nhu Hue ប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Son La បានឲ្យដឹងថា៖
“ដើម្បីអភិវឌ្ឍន៍ដើមស្ត្របឺរី ដែលនាំមកនូវតម្លៃខ្ពស់ មន្ទីរកសិកម្មបានណែនាំបច្ចេកទេសដល់សហករណ៍ និងសហគ្រាស ដើម្បីផលិត ស្ត្របឺរីតាមបែបសរីរាង្គ ប្រកបដោយសុវត្ថិភាព។ ទី២ គឺអំពាវនាវដល់សហគ្រាសតាមខេត្ត និងមជ្ឈមណ្ឌលជំរុញនានា ដើម្បីសហការគ្នានិយោគ និងជួយឧបត្ថម្ភបងប្អូនប្រជាកសិករ ក៏ដូចជាចុះកិច្ចសន្យាប្រមូលទិញផលិតផលជូនប្រជាកសិករផងដែរ”។
ជាមួយនឹងសក្ដានុពល និងគុណសម្បត្តិអំពីលក្ខខណ្ឌធម្មជាតិរបស់ខេត្ត Son La ប្រជាជនក្នុងតំបន់បានបោះទុនអភិវឌ្ឍន៍ដើមស្ត្របឺរី ដោយភ្ជាប់ជាមួយការអភិវឌ្ឍទេសចរណ៍ នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ដើមស្ត្របឺរីបាននឹងកំពុងអះអាងពីតម្លៃសេដ្ឋកិច្ចតាមរយៈរដូវប្រមូលផ្លែអំណោយផល រួមចំណែកជួយប្រជាកសិករខេត្ត Son La សម្រេចឲ្យបានបំណងប្រាថ្នា ក្លាយទៅជាអ្នកមាននៅលើទឹកដីស្រុកកំណើតរបស់ខ្លួនផងដែរ៕