ប្រជាជនស្រុក Muong La ខេត្ត Son La ធ្វើការដាំដុះដើមចេកណាំវ៉ា
(VOVWORLD) - ប្រជាជននៅស្រុក Muong La ខេត្ត Son La បានដាំដើមចេកណាំវ៉ាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ នាំមកនូវប្រាក់ចំណូលជួយដល់ជីវភាពរស់នៅរបស់ប្រជាជន។ នារយៈពេលកន្លងទៅ ដោយមានភាពស្វាហាប់ និងភាពច្នៃប្រឌិតរបស់ប្រជាជននោះ ផ្លែចេកណាំវ៉ា Muong La មានវត្តមាននៅតាមទីផ្សារថ្មីៗ ហើយបានបង្កើតផលិតផលថ្មីពីដើមចេក ដោយបើកទិសដៅថ្មីជាមួយនឹងសញ្ញាសប្បាយរីករាយជូនប្រជាកសិករផងដែរ។
ប្រជាជនស្រុក Muong La ខេត្ត Son La ធ្វើការដាំដុះដើមចេកណាំវ៉ា |
គ្រួសារលោក Lo Van Dinh នៅភូមិ Cup ឃុំ Muong Bu ស្រុក Muong La ខេត្ត Son La មានផ្ទៃដីដាំដើមចេកណាំវ៉ាចំនួន ៣ ហិកតា។ លោក Dinh បានឲ្យដឹងថា ដើមចេកណាំវ៉ាមិនរើសដី និងរូបសណ្ឋានដី ហើយងាយស្រួលដាំដុះ និងថែទាំ។ ពូជចេកនេះ មិនសូវរងជំងឺនឹងសត្វល្អិតចង្រៃបង្លាញ ការវិនិយោគមិនសូវច្រើន ហើយសមស្របនឹងលក្ខខ័ណ្ឌធ្វើវប្បកម្មរបស់ប្រជាជននៅភូមិសាស្ត្រដោយនាំមកនូវប្រភពចំណូលប្រកបដោយស្ថិរភាព៖ "ប្រាក់ចំណូលពីដើមចេកច្រើនជាងការដាំដំណាំដំឡូងមី និងពោត។ នៅពេលដែលតម្លៃខ្ពស់គឺពី ៧-៨ ពាន់ដុង / គីឡូក្រាម ហើយជាមធ្យមគឺមានតម្លៃពី ២-៣ ពាន់ដុង / គីឡូក្រាមផងដែរ។ ជារៀងរាល់ខែ ខ្ញុំបានប្រមូលផលផ្លែចេកណាំវ៉ាពី ៥០០ ទៅ ៦០០ គីឡូក្រាម រហូតដល់រាប់តោន។ ជារៀងរាល់ខែខ្ញុំរកបានប្រាក់ចំណូលពី ៦ ទៅ ៧ លានដុងផងដែរ"។
ក្រោយពេលប្រមូលផលផ្លែចេករួចមក ប្រជាកសិករជាច្រើនក្នុងឃុំបានដឹកផ្លែចេកទៅកាន់កន្លែងប្រមូលទិញរបស់សហករណ៍កសិកម្ម Manh Khoi ឃុំ Muong Bu ដើម្បីបញ្ចេញលក់នៅទីផ្សារជាតិប្រកបដោយស្ថិរភាព ហើយឆ្ពោះទៅរកទីផ្សារអន្តរជាតិជាជំហានៗ។ អ្នកស្រី Pham Thi Thuy សមាជិកាសហករណ៍កសិកម្ម Manh Khoi ស្រុក Muong La បានឲ្យដឹងថា៖ "រៀងរាល់ ៣ ថ្ងៃ ម្ដងយើងខ្ញុំបានដឹកជញ្ជូន និងបញ្ចេញលក់ផ្លែចេកប្រមាណ ១៥ តោននៅតាមទីផ្សារខេត្ត Nghe An និងខេត្ត Ha Tinh។ នៅថ្ងៃពេញបូណ៌មី លក់បានជាង ២០ តោន។ សហករណ៍ក៏ទើបបានសាកពិសោធន៍នាំចេញផ្លែចេកទៅកាន់ទីផ្សារសហភាពអឺរ៉ុបផងដែរ"។
លោក Ca Van Mua មកពីឃុំ Muong Bu បានឲ្យដឹងថា៖ ដោយសង្កេតឃើញពីសក្កានុពលនៃតំបន់វត្ថុធាតុដើមដ៏សម្បូរបែបនៅមូលដ្ឋាន ក្រោយពីបានស្វែងយល់ និងសិក្សាពីដំណើរការផលិតកម្មមក គ្រួសារលោកបានវិនិយោគលើគ្រឿងម៉ាស៊ីន និងជួលកម្មករដើម្បីផលិតសសៃចេក។ គ្រួសារលោកបានប្រមូលទិញដើមចេករបស់ប្រជាកសិករដើម្បីផលិតសសៃចេក៖ "ផលិតផលសរសៃចេកត្រូវបានបញ្ចេញលក់នៅទីក្រុងហាណូយ និង Lào Cai ក្នុងតម្លៃពី ១២៥ ០០០ ទៅ ១៨០ ០០០ដុង/គីឡូក្រាម។ កាលពីខែមុន ខ្ញុំលក់បានសសៃចេកស្ងួតចំនួន ១,៥ តោន រកបានប្រាក់ចំណូលចំនួន ១៩០ លានដុង។ នាពេលខាងមុខ យើងខ្ញុំនឹងនាំចេញទៅកាន់ទីផ្សារឥណ្ឌា"។
ប្រជាជនស្រុក Muong La ខេត្ត Son La ធ្វើការដាំដុះដើមចេកណាំវ៉ា |
នាបច្ចុប្បន្នស្រុក Muong La មានផ្ទៃដីដាំដុះចេកជាង ១ ៣០០ ហិកតា ភាគច្រើននៅតាមឃុំ Muong Bu, Muong Chum, Chieng San, Ta Bu, Chieng Lao និង It Ong; ទិន្នផលផ្លែឈើប្រចាំឆ្នាំទទួលបានប្រមាណ ១ ហ្មឺនតោន។ លោក Nguyen Van Tam អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Muong La បានឲ្យដឹងថា៖ ស្រុកកំពុងសម្របសម្រួលជាមួយសាខានាយករដ្ឋានដាំដុះ និងការពាររុក្ខជាតិខេត្ត Son La នាយកដ្ឋានដាំដុះ (ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ ) បានកសាងលេខកូដតំបន់ដាំដុះចំនួន ៤ សម្រាប់ដើមចេក ធានាលក្ខខណ្ឌនាំចេញ។ ទន្ទឹមនឹងនោះ ផ្តោតសំខាន់លើការកសាងតំបន់ដាំដើមចេកសរីរាង្គ ផលិតតាមដំណើរការ VietGAP កសាងពាណិជ្ជសញ្ញា ផ្សព្វផ្សាយពាណិជ្ជសញ្ញាផ្លែចេក Muong La ដើម្បីបញ្ចេញលក់ផលិតផលក្នុងប្រទេស និងនាំចេញយ៉ាងងាយស្រួល លើកកម្ពស់ប្រាក់ចំណូលជូនប្រជាជន៖ "នារយៈពេលខាងមុខនេះ ផលិតផលផ្លែចេកនឹងត្រូវបាននាំចេញទៅកាន់ទីផ្សារ EU និងប្រទេសមួយចំនួនទៀត នៅពេលឆ្លើយតបស្តង់ដារ។ ជាពិសេស សរសៃចេកកំពុងទទួលបានការពេញនិយមនៅទីផ្សារអាហ្វ្រិក និងឥណ្ឌា។ ក្រោយពេលសាកពិសោធជាជំហានដំបូង ប្រសិនបើផលិតផលនានាឆ្លើយតបនឹងតម្រូវការទីផ្សារនោះ ស្រុកនឹងជំរុញការនាំចេញ ពង្រីកផ្តៃដីដាំដើមចេកពី ២ ០០០ ទៅ ២ ៥០០ ហិកតាផងដែរ"។
ទិសដៅថ្មីជាមួយផលិតផលពីដើមចេកណាំវ៉ាបាន រួមចំណែកជួយដំណាំដាំដុះនេះបន្តចាក់ឬស គ្របដណ្ដប់លើទួលដីខ្វះជីជាតិនៅស្រុក Muong La (Son La)។ តាមនោះ ជួយប្រជាកសិករនឹងនរចិត្តដាំដើមចេក រកប្រាក់ចំណូលប្រកបដោយស្ថិរភាព ក្លាយទៅជាអ្នកមាននៅលើទឹកដីស្រុកកំណើតផងដែរ៕