ប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅតាមភូមិនានានៅខេត្ត Kon Tum
(VOVWORLD) - នៅតាមភូមិ ស្រុកជាច្រើននៅភូមិសាស្ត្រខេត្ត Kon Tum កំពុងកត់សម្គាល់ពីការផ្លាស់ប្ដូរជាវិជ្ជមានក្នុងផលិតកម្មកសិកម្ម ខណៈពេលដែលបងប្អូនជនរួមជាតិភាគតិចបានប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទៅក្នុងផលិតកម្ម លើកកម្ពស់ផលិតភាព គុណភាព និងកម្លាំងប្រកួតប្រជែងនៃកសិផលរបស់ខេត្តផងដែរ។
ប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅតាមភូមិនានានៅខេត្ត Kon Tum |
ប្រជាជននៅតាមស្រុក Tu Mo Rong និងស្រុក Dak Glei បានដាំដើមកាហ្វេនៅតំបន់ត្រជាក់ដោយខ្លួនឯង ហើយចេះបណ្ដុះយិនស៊ិន និងគ្រាប់យិនស៊ិន Ngoc Linh ដើម្បីអភិវឌ្ឍន៍ផ្ទៃដីដាំដុះរបស់ក្រុមគ្រួសារ។ ឆ្លៀតក្នុងឱកាសសម្រាប់ចុងឆ្នាំ លោក A Sy ពលរដ្ឋម្នាក់នៅភូមិ Wang Hra ឃុំ Dak Ui ស្រុក Dak Ha បានដំឡើងប្រព័ន្ធស្រោចទឹកដោយស្វ័យប្រវត្តិ និងសន្សំសំចៃទឹកសម្រាប់ចំការរបស់គ្រួសារ ត្រៀមរៀបចំសម្រាប់ខែប្រាំងរាំងស្ងួតហួតហែង។ លោក A Sy បាននិយាយថា៖ “នៅពេលដំឡើងប្រព័ន្ធស្រោចទឹកដោយស្វ័យប្រវត្តិនេះ នឹងជួយសន្សំសម្ចៃសម្រាប់មនុស្សគ្រប់រូប។ ខ្ញុំបានសិក្សារៀនសូត្រពីគេ ហើយឃើញថាវាមានផលប្រយោជន៍ណាស់ ដូច្នេះហើយ ខ្ញុំបានអនុវត្តន៍សម្រាប់ចំការរបស់ខ្លួន។ ការដំឡើងប្រព័ន្ធស្រោចស្រពទឹកនេះនឹងជួយស្រោចស្រពទឹកចំការ ជាពិសេសគឺក្នុងរដូវប្រាំងផងដែរ”។
ការចូលរួមក្នុងថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីវៈ វគ្គបង្រៀនផ្ទេរប្រគល់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងធ្វើការដោយផ្ទាល់នៅសហករណ៍ អង្គភាពផលិតកម្ម និងអាជីវកម្ម គឺជាមធ្យោបាយដ៏ខ្លីបំផុតសម្រាប់ពលករជនជាតិភាគតិចនៅខេត្ត Kon Tum ក្រេបយកចំណេះដឹង និងនាំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមកដល់ភូមិ។ នៅខេត្ត Kon Tum គំរូចិញ្ចឹមជ្រូកស្អាត ប្រកបដោយនិរន្តរភាពត្រូវបានបង្កើតឡើងជាមួយសមាជិកចំនួន ១៧ នាក់ ជាជនជាតិ Gia Rai និងជនជាតិ Thai នៅឃុំ Ya Xier ស្រុក Sa Thay ។ លើលពីនេះទៅទៀត ក៏មានគំរូអភិវឌ្ឍន៍រុក្ខជាតិឱសថនៅឃុំ Te Xang ឃុំ Mang Ri ស្រុក Tu Mo Rong។ លោក A Tao ជនជាតិ Xo Dang ម្នាក់ ទទួលបន្ទុកគ្រប់គ្រងផលិតកម្មរបស់សហករណ៍ Tu Mo Rong បានឲ្យដឹងថា៖
“សមាជិកសហករណ៍ទាំងអស់បានជួបប្រជុំតាមអនឡាញជារៀងរាល់សប្តាហ៍។ សមាជិកនីមួយៗ នៅឆ្ងាយពីគ្នា ដូច្នេះហើយ ការប្រជុំតាមអនឡាញពិតជាងាយស្រួល និងអំណោយផលណាស់។ ប្រធានក្រុមបានអនុវត្តន៍ការងាររបស់ខ្លួនក្នុងសប្តាហ៍ ដើម្បីថែរក្សាទំនាក់ទំនងរបស់សមាជិកក្នុងក្រុម សំដៅអនុវត្តន៍ការងារឲ្យបានល្អផងដែរ”។
ប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅតាមភូមិនានានៅខេត្ត Kon Tum |
នៅឆ្នាំ ២០២២ ខេត្ត Kon Tum មានសហករណ៍បង្កើតថ្មីចំនួន ៤៨ ដោយនាំចំនួនសហករណ៍នៅភូមិសាសន៍ខេត្តទាំងមូលឡើង ២៣២ អង្គភាព។ ប្រការគួរឲ្យសប្បាយរីករាយថែមទៀត គឺក្នុងចំណោមសហករណ៍ទាំងនេះ ចំនួនសមាជិកជាជនជាតិភាគតិចបានស្រូបយកប្រមាណ ១៧%។ពលករទាំងនេះបានចូលរួមយ៉ាងសកម្មទៅក្នុងសកម្មភាពផលិតកម្ម និងធ្វើអាជីវកម្មរបស់សហករណ៍ ហើយរួមចំណែកដ៏សំខាន់ក្នុងការអនុវត្តកម្មវិធីឃុំមួយផលិតផលមួយ ដើម្បីបង្កើតផលិតផល OCOP ចំនួន ១៥៧ មុខ ដែលជាប់ផ្កាយពី ៣ ទៅ ៥ របស់ខេត្ត Kon Tum ។ លោក Bui Duy Trung អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Kon Tum បានឲ្យដឹងថា៖ “ប្រជាជនមានការផ្លាស់ប្ដូរ ពោលគឺមានបំណងចង់រួចផុតពីភាពក្រីក្រ ដូច្នេះហើយត្រូវឈានឡើងដោយម្ចាស់ការ។ បងប្អូនប្រជាជនក៏មានការត្រិះរិះផ្លាស់ប្ដូររៀបធ្វើ និងផលិតកម្មពីការផ្គត់ផ្គង់ដោយខ្លួនឯង ទៅជាផលិកម្មទំនិញវិញ។ បងប្អូនប្រជាជនបានចូលរួមវគ្គហ្វឺកហ្វឹនផ្ទេរប្រគល់ជំរុញកសិកម្ម រុក្ខកម្មកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ហើយតាមនោះប្រើប្រាស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទៅក្នុងផលិតកម្ម និងការចិញ្ចឹមសត្វផងដែរ”។
លទ្ធផលនៃការប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទៅក្នុងការធ្វើពលកម្ម ផលិតកម្មបានជួយជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិភាគិតិចនៅតាមបណ្ដាភូមិស្រុកនៅខេត្ត Kon Tum ត្រូវបានកែលម្អ។ មហាសេដ្ឋីខាងចិញ្ចឹមសត្វ ដាំដុះឱសថ និងដើមកាហ្វេនៅតំបន់ប្រជាក់នៅតាមបណ្ដាស្រុក នៃតំបន់ជនជាតិភាគតិច ដ៏លំបាកពិសេស ដូចជា Kon Plong, Tu Mo Rong និង Dak Glei មានវត្តមានកាន់តែច្រើន។ នៅឆ្នាំ ២០២២ អត្រានៃភាពក្រីក្រនៅតាមស្រុកទាំងនេះក៏បានថយចុះពី ៨% ឡើងទៅ ពោលគឺច្រើនជាងទ្វេដង បើប្រៀបធៀបនឹងគោលដៅកាត់បន្ថយភាពក្រីក្រ ដែលខេត្ត Kon Tum បានដាក់ចេញ។ រាល់សមិទ្ធិផល ដែលសម្រេចបានក្នុងឆ្នាំ ២០២២ គឺជាកម្លាំងចលករ សម្រាប់បងប្អូនជនជាតិភាគតិចនៅខេត្ត Kon Tum បន្តពង្រីកគំរូប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បង្កើតជំហានទម្លុះទម្លាយក្នុងផលិតកម្មកសិកម្មផងដែរ៕